រាជធានីភ្នំពេញ ៖ក្រោយពេលរៀបការរួចប៉ុន្មានខែមកនេះ គូស្វាមី-ភរិយាលោករិន សាវេ៉ត មានកូនដំបូងជាមួយគ្នាហើយ ។ លោករិន សាវ៉េត បានបង្ហាញការថ្នាក់ថ្នមភរិយាអ្នកនាងលឹម គីមហ្គេច ដែលជាអាណិកជនខ្មែរពីប្រទេសបារាំង ក្នុងអំឡុងពេលដែលនាងកំពុងតែចាញ់កូនដំបូង ។ លោកសាវ៉េត បានម៉ាស្សាបាតជើងឲ្យភរិយា ហើយរូបភាពនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរលោកថាជាបុរសល្អចំពោះភរិយា ពិសេសគឺការថ្នាក់ថ្នមកាយាប្រពន្ធដោយចំហ មិនគិតថា ខ្លួនជាតារាចម្រៀងល្បីឈ្មោះម្នាក់នោះទេ ។
អ្នកគាំទ្របានអបអរសាទររិន សាវ៉េត ចំពោះការមានកូននេះ ខណៈភរិយារបស់លោកបង្ហាញអាការពិបាកទ្រាំចំពោះការចាញ់កូន ។
ក្រោយពេលរស់នៅជាបុរសពោះម៉ាយជិត៣ឆ្នាំ លោករិន សាវ៉េត ដែលភរិយាឈ្មោះគង់ សាវី ទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយសារជំងឺមហារីកនោះ ក៏បានសម្រេចចិត្តរៀបការជាមួយអាណិកជនខ្មែរ ពីប្រទេសបារាំង អ្នកនាងលឹម គីមហ្គេច ដែលជាអ្នកច្នៃម៉ូដកាបូប ។ នាងចង់នាំស្វាមីទៅរស់នៅជុំគ្នាលើកទឹកដីបារាំង ប៉ុន្តែតារាមានប្រវត្តិកម្សត់លោកសាវ៉េតថា មិនចង់ទៅរស់នៅស្រុកគេទេ ។ ដូច្នេះហើយទើបអ្នកនាងហ្គេច តែងតែជិះយន្ដហោះចុះឡើងពីបារាំង មកស្រុកខ្មែរ ជាញឹកញាប់ ។ ទោះជាយ៉ាងណាក្ដីពេលនេះពួកគេមានកូនជាមួយគ្នាហើយ ។
អ្នកនាងលឹម គីមហ្គេច កាន់តែបង្ហាញកាយវិការស្រលាញ់ស្វាមីថែមទៀត នៅពេលដែលនាងមានប្ដីជាតារាចម្រៀងពូកែទាំងច្រៀងថ្នមសំឡេង និងប្រសប់ទាំងថ្នមប្រពន្ធបែបនេះ ។
លោករិន សាវ៉េត និយាយថា លោកពិតជាអរគុណភរិយា ដែលបានបើកចិត្តទទួលយករូបលោកជាស្វាមី ស្រឡាញ់លោក និងកូនពេញបេះដូង ។ លោកគ្មានអ្វីក្រៅពីការមើលថែឲ្យល្អ យកពេលទំនេរពីការងារមើលថែប្រពន្ឋកូន ធ្វើជាមេគ្រួសារឲ្យល្អ ដើម្បីសុខសុភមង្គលនៅក្នុងគ្រួសារតទៅទៀត ។
នៅថ្ងៃរៀបការអ្នកនាងលឹម គីមហ្គេច អះអាងថានឹងខំថែរក្សាចំណងស្នេហ៍ឲ្យល្អ ដើម្បីបញ្ជាក់ដល់ដួងវិញ្ញាណក្ខន្ធភរិយាដើម ថាខ្លួនមិនស្អប់ខ្ពើម កូន និងប្តីឡើយ ។ លើសពីនេះ ថែមទាំងបានសន្យាថា នឹងមើលថែកូនប្រុសលោករិន សាវ៉េត ឲ្យល្អ ដល់ពេលគេធំនឹងយកទៅប្រទេសបារាំងឲ្យបានរៀនសូត្រ មានអនាគត។ ជាពិសេសនាងសុខចិត្តឡើងចុះបារាំង-ខ្មែរតាមប្តីដែលមិនចង់ទៅរស់នៅស្រុកគេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ