ប្រទេសឥណ្ឌា ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា កំលោះនៅញូវដេលីម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីបានលួចម៉ូតូមិនតិចជាង៨គ្រឿង ដើម្បីធ្វើឱ្យមិត្តស្រីរបស់គាត់ឈប់គិតថា គាត់គឺជាមនុស្សគ្មានម៉ូតូជិះ។
ចោរលួចដែលត្រូវបានគេស្គាល់ឈ្មោះថា Lalit បានរាយការណ៍ថា ដើរស៊ីចាយជះលុយមិនគិត ហើយតែងតែឃើញមុខនៅរាល់កម្មវិធីជប់លៀង ដើម្បីអួតមិត្តស្រី។ ប៉ុន្តែនៅថ្ងៃនៃក្តីស្រឡាញ់កាលពីខែមុន ការខិតខំប្រឹងប្រែងរបស់គាត់ហាក់ដូចជាគ្មានន័យអ្វីទេ នៅពេលដែលនាងចាប់ផ្តើមមើលងាយថា គាត់គ្មានម៉ូតូជិះនឹងគេ។ នាងនិយាយត្រូវ ប៉ុន្តែគាត់មានអារម្មណ៍ឈឺចាប់ ដោយសារពាក្យសម្តីរបស់នាង។
បុរសរូបនេះក៏បានរួមគ្នាជាមួយមិត្តភក្តិជិតស្និទ្ធម្នាក់ សម្រេចចិត្តមិនចង់មានត្រឹមតែម៉ូតូមួយគ្រឿងនោះទេ។ គេបានខំដើរលួចម៉ូតូបានយ៉ាងហោចណាស់៨គ្រឿង។ ការធ្វើបែបនេះ មិនបានធ្វើឱ្យគាត់ឈ្នះចិត្តមិត្តស្រីនោះទេ តែបែរជាធ្វើឱ្យដៃជាប់ខ្នោះទៅវិញ។
Lalit និង មិត្តរបស់គាត់ឈ្មោះ Saheed ដើរលួចម៉ូតូថ្លៃៗកាលពីខែមុន។ អ្វីៗគឺដំណើរការទៅយ៉ាងរលូន ដែលធ្វើឱ្យពួកគេលួចបានយ៉ាងកាក់កប។ តែក្រោយមក ប៉ូលីសក៏ដាក់អន្ទាក់ចាប់បានដោយជោគជ័យ។
ចោរប្លន់អាជីពនេះ បានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ហើយបានប្រាប់ប៉ូលិសថា ពួកគេពិតជាបានលួចម៉ូតូចំនួន៨គ្រឿង ពីកន្លែងផ្សេងៗនៃរដ្ឋធានីឥណ្ឌា។ នៅពេលសួរពីមូលហេតុនៃការលួច ពួកគេបានប្រាប់ថា នេះមកពីចិត្តឈឺចាប់ពេលដែលមិត្តស្រីមើលងាយថា គ្មានម៉ូតូជិះ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ