ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​នឹង​ប្រកាស​វិធានការ​ថ្មី​បន្ថែម ដើម្បី​ស្រោចស្រង់​ផ្នែក​សេដ្ឋកិច្ច​ឡើង​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សម្តេច​នឹង​ប្រកាស​វិធានការ​ថ្មី​បន្ថែម​ពី​វិធានការ​មុន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ។ ការ​ប្រកាស​នេះ ខណៈ​កម្ពុជា​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សម្តេច​នឹង​ប្រកាស​វិធានការ​ថ្មី​បន្ថែម​ពី​វិធានការ​មុន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ។ ការ​ប្រកាស​នេះ ខណៈ​កម្ពុជា​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វី​ដ​១៩ ចំពោះ​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ដែល​ជំងឺ​នេះ​បាន​កំពុង​តែ​វាយលុក​នៅ​បណ្តា​ប្រទេស​លើ​សកលលោក ។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា យ៉ាង​ដូច្នេះ​ថា ៖«​គេ​និយាយ​ឡើង EBAៗ អា EBA ហ្នឹង​វា​គង់តែ​បាត់​ទេ គ្រាន់តែ​បាត់​មុន ឬ​ក្រោយ​ប៉ុណ្ណឹង ឥឡូវ​បាត់​២០​ភាគរយ​យើង​កុំ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​តម្លៃ​ប៉ុណ្ណឹង ។ ខ្ញុំ​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​១ ខែមេសា​ខាង​មុខ​នេះ​នូវ​វិធានការ​បន្ថែម​ទៀត​លើ​វិធានការ​ដែល​ប្រកាស កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លង​មក​នូវ​វិធានការ​ស្រោចស្រង់​ផ្នែក​សេដ្ឋកិច្ច​» ។

សម្តេច​បន្ត​ថា សម្តេច​មិន​ព្រួយបារម្ភ​ចំពោះ​ការ​នាំ​ចេញ​ផលិតកម្ម​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​បារ​ម្ម​ណ៍​ចំពោះ​អឺរ៉ុប​ខ្លួនឯង​មាន​វិបត្តិ​ដូច​ជា រឿង​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប​ដែល​ពេល​នេះ​អង់គ្លេស​កំពុង​ចរាចរណ៍​យ៉ាង​សកម្ម​ជាមួយ​អឺរ៉ុប​លើ​វិធានការ​ផ្សេង​ៗ​ទាំងអស់ ព្រោះ​អង់គ្លេស​មិនមែន​ជា​សមាជិក​អឺរ៉ុប​ទៀត​ទេ ។ សម្តេច​បន្ថែម​ថា វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​អឺរ៉ុប កាលពី​ឆ្នាំ​២០០៨ -២០០៩ ផង​ដែរ ។

សម្តេច​ថា ពេល​នេះ​អឺរ៉ុប​បាន​កំពុង​ទទួល​រង​បញ្ហា​ចំនួន​២ គឺ​ជំងឺ​កូ​វី​ដ​១៩ និង​រឿង​សិទ្ធិ​មនុស្ស​ដែល​ពេល​នេះ​ប្រទេស​តួ​គី​ពាក់ព័ន្ធ​នឹង​ជន​ភ្ញៀវ​ខ្លួន​នៅ​ក្នុង​ប្រទេស ។ នៅ​ពេល​ដែល​បញ្ហា​សេដ្ឋកិច្ច​អឺរ៉ុប​មិនល្អ ហើយ​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​នានា​ក៏​ធ្លាក់​ចុះ​ដែរ ។ សម្តេច​ថា កុំ​នឹក​ស្មានថា ឲ្យ​កម្ពុជា​ធ្វើ​តាម​ការ​ទាមទារ​អឺរ៉ុប​ដើម្បី​បាន​២០​ភាគរយ​នោះ​មិន​អាច​ទៅ​រួច​ទេ ។ កម្ពុជា​មិន​យក​អធិបតេយ្យ​របស់​ខ្លួន ទៅ​ដោះ​ដូរ​ផ្នែក​ជំនួយ ឬ​ការ​អនុគ្រោះ​ណាមួយ​នោះ​ទេ ។

សូម​ជម្រាប​ថា ទោះបីជា​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​ប្រកាស​ថ្ងៃ​កំណត់​នូវ​ការ​ដាក់​ចេញ​វិធានការ​បន្ថែម​ថ្មី ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើង​វិញ​ក្តី​ក៏​វិធានការ​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ