ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុនិយាយថា សព្វថ្ងៃនេះ ពួកគាត់មានការលំបាកក្នុងការរស់នៅ និងប្រកបរបររកសុីប្រចាំថ្ងៃ ។ ការពិបាកនោះ គឺការធ្វើដំណើរព្រោះចរាចរណ៍មានការកកស្ទះខ្លាំងទូទាំងក្រុង ស្របពេលផ្លូវចំនួន៣៤ខ្សែកំពុងស្ថាបនា ។
ការស្ថាបនាផ្លូវទាំង៣៤ខ្សែ បច្ចុប្បន្ននេះ កំពុងធ្វើយ៉ាងសកម្ម តែបើក្រឡេកមើលការដ្ឋានស្ថាបនាផ្លូវពលរដ្ឋលើកឡើងថា ពុំមានដាក់ផ្លាកសញ្ញាបិទផ្លូវឬមានផ្លាកសញ្ញាត្រឹមត្រូវងាយស្រួលដល់ពលរដ្ឋដឹងមុន ពីការដ្ឋានស្ថាបនាផ្លូវនៅខាងមុខនោះទេ ។
ជាពិសេស ចរាចរណ៍វិញពលរដ្ឋបានលើកឡើងថា ពិបាកក្នុងការធ្វើដំណើរណាស់ ព្រោះថាផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទផ្អាកការធ្វើដំណើរ ។ យ៉ាងណាក៏ដោយ មានមតិពលរដ្ឋផ្សេងទៀតលើកឡើងថា ជាការពិតណាស់បច្ចុប្បន្នវាពិតជាពិបាកធ្វើដំណើរក៏ពិតមែន តែដល់ពេលផ្លូវទាំង៣៤ខ្សែធ្វើរួចរាល់នោះ ស្ថានភាពនឹងល្អប្រសើរវិញហើយ ។
សូមរំឭកថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៣៤ខ្សែក្នុងក្រុងព្រះសីហនុ និងបានសំណេះសំណាលជាមួយមន្ត្រីគ្រប់ស្ថាប័ន ជាពិសេសសម្តេចបានលើកទឹកចិត្តដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ឱ្យចូលរួមធ្វើយ៉ាងណាឲ្យផ្លូវស្អាតមានគុណភាពខ្ពស់ ។
ក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្ត បានសម្តែងក្តីសប្បាយរីករាយនិងថ្លែងអំណរគុណដល់សម្តេចតេជោ ក្នុងពិធីបើកការដ្ឋានស្ថាននាផ្លូវឡើងវិញទាំង៣៤ខ្សែ និងបានថ្លែងថា ផ្លូវទាំងអស់ដែលស្ថាបនារួចរាល់គឺមិនឱ្យមានការកាត់ឬកាយផ្លូវឡើងវិញនោះទេ ហើយសន្យាថា ផ្លូវទាំង៣៤ខ្សែនឹងធ្វើឱ្យហើយរួចរាល់ក្នុងរយៈពេល៨ខែតែប៉ុណ្ណោះ ។
បច្ចុប្បន្ន គេសង្កេតឃើញថាការស្ថាបនាផ្លូវទាំង៣៤ខ្សែនេះមានរយៈពេល៥ខែហើយ ហើយក្នុងចំណោមផ្លូវទាំងអស់នោះ ទើបតែបានចាក់បេតុងខ្លះៗ និងកន្លែងផ្សេងទៀតកំពុងដាក់លូទាំងសងខាងផ្លូវយ៉ាងសកម្មផងដែរ តែមិនទាន់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ