រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបចំពោះសារព័ត៌មាន អង្គការសង្គមស៊ីវិល និងសាធារណមតិមួយចំនួនពាក់ព័ន្ធនឹងបញ្ហាស្ត្រីរងគ្រោះនៅប្រទេសចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីបំភ្លឺកាលពីថ្ងៃទី៦ កញ្ញា ដោយលើកឡើង៣ចំណុច តបទៅនឹងការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ និងសមាគមអាដហុក ដែលថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅប្រទេសចិន មិនបានខិតខំជួយសង្គ្រោះស្ត្រីខ្មែរដែលរងគ្រោះដោយសារមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការដោយបង្ខំជាមួយបុរសជនជាតិចិន ។
ចំណុចទាំង៣ដែលអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីបំភ្លឺរួមមាន ៖ ១-ស្ថានតំណាងកម្ពុជាទាំងអស់នៅប្រទេសចិន តែងតែខិតខំប្រឹងប្រែងជាអតិបរមា សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះ ជាពិសេសស្ត្រីដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការដោយបង្ខំជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ មានករណីខ្លះ ស្ថានតំណាងកម្ពុជា មិនត្រឹមតែផ្តល់សេវាផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ការស្នាក់នៅបណ្តោះអាសន្ន និងម្ហូបអាហារដល់ស្ត្រីរងគ្រោះថែមទៀតផង ។ កន្លងមក ក្រសួងបានចេញផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីចំនួនស្ត្រីខ្មែររងគ្រោះដែលស្ថានតំណាងកម្ពុជានៅប្រទេសចិន បានជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញ ដែលមានចំនួនសរុប២៨ នាក់ ដោយគិតចាប់ពីខែមករារហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងចំណោមពាក្យបណ្តឹងយ៉ាងច្រើនដែលក្រសួងបានទទួល ។
២-ជាងនេះទៀត ក្រសួងតែងតែធ្វើការណែនាំជាប្រចាំដល់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ជាពិសេសស្ថានតំណាងកម្ពុជា នៅប្រទេសចិន ឲ្យយកចិត្តទុកដាក់ជាទីបំផុត ជួយសង្គ្រោះនិងដោះស្រាយបញ្ហាពលរដ្ឋខ្មែររងគ្រោះនៅទីនោះ និងបានធ្វើការផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនង២៤ម៉ោងរបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីឲ្យជនរងគ្រោះនិងគ្រួសារជនរងគ្រោះ ឬភាគីពាក់ព័ន្ធងាយស្រួលទាក់ទង ។ ៣-ច្បាប់នៅប្រទេសចិន តម្រូវឲ្យស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជា ដោះស្រាយបញ្ហាស្ត្រីខ្មែររងគ្រោះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ។ ដូចករណីស្ត្រីខ្មែរពីរនាក់ឈ្មោះ ឃ្លោក រ័ត្ន និងម៉ៅ សារឿន ដែលក្រសួងបានផ្សព្វផ្សាយរួចហើយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងពេលស្ថានទូតកម្ពុជា នៅទីក្រុងប៉េកាំង បញ្ជូនពួកគាត់មកដោះស្រាយការលែងលះនៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ស្ត្រីទាំងពីរនាក់នេះបានគេចវេះ មិនព្រមមកស្ថានអគ្គកុងស៊ុលទេ ។
ទោះបីជាស្ថានអគ្គកុងស៊ុលបានហៅមកដោះស្រាយក៏ដោយក៏សាមីខ្លួនឆ្លើយថា មិនត្រូវការឲ្យស្ថានអគ្គកុងស៊ុលអន្តរាគមន៍ឲ្យខ្លួនទេ ព្រោះខ្លួនចេះដោះស្រាយដោយខ្លួនឯងហើយ ។ គួររំឭកថា ការបំភ្លឺរបស់ក្រសួងការបរទេសគឺបន្ទាប់ពីសមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ស្តីពី«ការជួញដូរមនុស្សនិងជួញដូរពលកម្ម» ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍នារីកម្ពុជា និងបុរសជនជាតិចិន ។ សេចក្តីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជាហៅកាត់ថា«អាដហុក»បានលើកឡើងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤ សមាគមអាដហុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពស្ត្រីកម្ពុជា ដែលជារឿយៗតែងតែទទួលរងគ្រោះពីការជួញដូរភេទ ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិចិន ។ ក្នុងរយៈពេលនេះ សមាគមបានទទួលពាក្យបណ្តឹងដែលទាក់ទងនឹងការជួញដូរមនុស្ស ចំនួន១០៨ករណីពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលមានជនរងគ្រោះសរុប២៩៥នាក់ ក្នុងនោះមានប្រទេសចិនចំនួន២៦ករណី មានជនរងគ្រោះ២៩នាក់ ។
សេចក្តីថ្លែងការណ៍លើកឡើងទៀតថា សមាគមបានជួយ និងធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនានាដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត/ស្ថានកុងស៊ុលប្រចាំប្រទេសទទួល ។ ជនរងគ្រោះដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជនជាតិចិន បានជួបនូវបញ្ហាមួយចំនួនដូចជា ការធ្វើទារុណកម្ម ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករជាដើម ។ តាមការសិក្សាលើករណីទាំងនោះបានរកឃើញថា គឺបណ្តាលមកពីកង្វះទីផ្សារការងារ ការបាត់បង់ដីធ្លី និងការជំពាក់បំណុលធនាគារជាដើម ។
ប៉ុន្តែអ្វីដែលគួរឲ្យយើងសោកស្តាយជាងនេះទៅទៀតនោះ គឺនៅពេលមានស្ត្រីខ្មែរដែលជាជនរងគ្រោះរត់ទៅដល់ស្ថានទូត ឬស្ថានកុងស៊ុលខ្មែរដែលប្រចាំនៅទីនោះ ដើម្បីសុំអន្តរាគមន៍ គឺមន្ត្រីស្ថានទូតទាំងនោះមិនបានយកចិត្តទុកដាក់ក្នុងការចេញមុខជួយដោះស្រាយឡើយ បែរជាទុកឲ្យពួកគាត់ឱ្យឈរនៅមុខស្ថានទូតក្រោមធាតុអាកាសត្រជាក់ និងមូសខាំ ថែមទាំងមិនមានប្រាក់ជាប់នឹងខ្លួនសម្រាប់ទិញចំណីអាហារ ព្រោះមិនហ៊ានដើរចេញពីមុខស្ថានទូតដោយខ្លាចអាជ្ញាធរចិនចាប់ខ្លួន ។ នៅក្នុងនោះដែរ ក៏មានស្ត្រីរងគ្រោះខ្លះទៀត ត្រូវបានអាជ្ញាធរចិនចាប់បញ្ជូនឲ្យគ្រួសារខាងប្តីវិញ និងខ្លះទៀតត្រូវរត់ទៅនៅក្នុងព្រៃដោយជីកទំពាំងធ្វើជាអាហារ ។
ក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ពន្ធ័នឹងវិស័យការពារសិទ្ធិមនុស្ស យើងសូមធ្វើការថ្កោលទោសចំពោះអំពើអមនុស្សធម៌របស់បុរសជនជាតិចិនដែលបានប្រព្រឹត្តមកលើស្ត្រីរងគ្រោះខ្មែរ និងចំពោះមន្ត្រីស្ថានទូតណា ដែលធ្វើការតំណាងឲ្យខ្មែរនៅក្រៅប្រទេស ដែលមិនបានយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិពលរដ្ឋរបស់ខ្លួននៅពេលដែលពួកគេត្រូវការជំនួយជាបន្ទាន់ ដោយទុកបណ្តោយឲ្យរងនូវការធ្វើទុក្ខបុកម្នេញតាមអំពើចិត្ត ។
សមាគមអាដហុកបង្ហាញពីកង្វល់ផងដែរ ជុំវិញបញ្ហាប្រឈមថ្មីៗ របស់ជនងាយរងគ្រោះ ដូចជា៖ ១-មេខ្យល់ដើរធ្វើការផ្សព្វផ្សាយ ពីការជ្រើសរើសនារីកម្ពុជាយកទៅរៀបការជាមួយបុរសចិន ដោយបង្កើតជាបណ្តាញទាំងនៅប្រទេសកម្ពុជា និង ចិន ។ ២-ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ដោយមិនបានរៀបចំ គ្រួសារខាងប្រុសដកយកលិខិតឆ្លងដែន គ្រឿងអលង្ការ ថវិកាដែលនៅជាប់ខ្លួនទុក ជាថ្នូរនឹងថវិកាចន្លោះពី៨ម៉ឺនយ័នទៅ១២ម៉ឺនយ័ន (១០.០០០ដុល្លារទៅ១៥.០០០ដុល្លារ) ទៅឲ្យមេខ្យល់ ។ ៣-ជនរងគ្រោះរងនូវសុខភាពទ្រុឌទ្រោម ដោយសារត្រូវធ្វើការដូចជាទាសករដាច់ថ្លៃសម្រាប់ក្រុមគ្រួសារទាំងមូល របបអាហារមិនគ្រប់គ្រាន់ និងមិនមានជីវជាតិគ្រប់គ្រាន់ ។
៤-ការយកទៅលក់បន្តទៅឲ្យអ្នកផ្សេង ឬផ្ទះបន។
៥-ការរំលោភផ្លូវភេទពីសំណាក់បុរសជាប្តី និងគ្រួសារ (ការរំលោភជាក្រុម)
៦-ការមិនយកចិត្តទុកដាក់ពីសំណាក់មន្ត្រីស្ថានទូត និងស្ថានកុងស៊ុលខ្មែរនៅប្រទេសចិន ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ សមាគមអាដហុក សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញឲ្យមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាខាងលើឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ