ប្រឈមមុខនឹងកងទ័ពរៀបរយដែលមានចំនួនច្រើនជាង និងមានយុទ្ធសាស្ត្រខ្ពស់ជាង ពួកបះបោរលីប៊ីបានវាយទប់ទល់ដកថយកាលពីថ្ងៃទី៣០ មីនា តាមបណ្តោយឈូងសមុទ្រ SYRTE ដែលបង្ហាញពីភាពទន់ខ្សោយរបស់ពួកនេះពេលអវត្តមាននៃការជួយទ្រទ្រង់តាមអាកាសរបស់ពួកសម្ព័ន្ធមិត្ត ។ ការវាយដកថយនេះរបស់ពួកបះបោរកើតមាន២ថ្ងៃប៉ុណ្ណោះ ក្រោយចុងសប្តាហ៍នៃជោគជ័យមួយចំនួនសម្រាប់ពួកគេដែលអាចវាយរុញច្រានកងទ័ពលោកកាដាហ្វី ឱ្យចេញពីទីក្រុងមួយហើយមួយទៀតតាមផ្លូវយុទ្ធសាស្ត្រតាមបណ្តោយមាត់សមុទ្រមេឌីទែរ៉ាណេសំដៅទៅកាន់ទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកកាដាហ្វី ។ ទីក្រុង NOFILIA ទីក្រុង BIN DJAOUAD និងក្រុង RAS LANOUF ត្រូវធ្លាក់យ៉ាងឆាប់រហ័សបន្តបន្ទាប់គ្នាក្នុងដៃកងទ័ពលោកកាដាហ្វីវិញ ក្នុងក្របខណ្ឌនៃការវាយបកផ្លេកបន្ទោររបស់កងទ័ពលោកកាដាហ្វី ។ ពួកឧទ្ទាមប្រហែលជាពុំហ៊ានសាកល្បងនៅកាន់កាប់ទីក្រុង BREGA ជាទីក្រុងមួយស្ថិតនៅជិតក្រុង RAS LANOUF ឡើយ ហើយបន្តនាំគ្នារត់ទៅកាន់ទីក្រុង AJDABIAH ដែលនៅទីនោះពួកគេមួយចំនួនបានប្រមូលផ្តុំគ្នាវិញ ។ នៅតាមគ្រប់មូលដ្ឋានកងទ័ពលោកកាដាហ្វី បានធ្វើការវាយប្រហារយ៉ាងខ្លាំងពីរថក្រោះ កាំភ្លើងធំ និងរ៉ុក្កែតធុន GRAD ដាក់តាំងលើរថយន្តកាំមីញ៉ុងដើម្បីបណ្តេញពួកសត្រូវ ។ គ្មានការជួយទ្រទ្រង់តាមអាកាសរបស់ពួកលោកខាងលិច ពួកបះបោរហាក់ដូចជាពុំអាចរុលទៅមុខ ឬឈរជើងនឹងនៅតាមទីតាំងទាំងឡាយប្រឈមមុខនឹងរថក្រោះរបស់លោកកាដាហ្វីឡើយ ។
រុស្ស៊ី និងចិនរិះគន់ប្រតិបត្តិការយោធានៅលីប៊ី
ខាងផ្នែកការទូត បន្ទាប់ពីសន្និសីទទីក្រុងឡុងដ៍ ប្រទេសរុស្ស៊ីបានព្រមានពួកលោកខាងលិច ប្រឆាំងនឹងការប៉ុនប៉ងផ្តល់អាវុធដល់ពួកសត្រូវរបស់លោកកាដាហ្វី ហើយចង់ឱ្យលីប៊ី ដោះស្រាយអនាគតរបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ ។
ចំណែកចិនវិញ ក្នុងឱកាសនៃការជួបពិភាក្សាជាមួយសមភាគីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ប្រធានាធិបតីចិន លោកហ៊ូ ជីនតាវ បានរិះគន់ កាលពីថ្ងៃទី៣០ មីនា ចំពោះអន្តរាគមន៍អន្តរជាតិនៅលីប៊ី ដោយលោកវាយតម្លៃថា ការប្រើកម្លាំងនឹងពុំអាចដោះស្រាយវិបត្តិបានឡើយ ។ លោកហ៊ូ ថ្លែងទៅកាន់ប្រធានាធិបតីបារាំងថា សកម្មភាពយោធាញ៉ាំងឱ្យមានគ្រោះមហន្តរាយមួយសម្រាប់បណ្តាជនស៊ីវិលស្លូតត្រង់និងញ៉ាំងឱ្យមានវិបត្តិមនុស្សធម៌មួយកាន់តែធ្ងន់ធ្ងរថែមទៀត ខណៈដែលប្រការនេះគឺផ្ទុយទៅនឹងចេតនាពីដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ។ ប្រធានាធិបតីចិនខ្លាចក្រែងមានការពុះបំបែកប្រទេសលីប៊ី ហើយការប្រើកម្លាំងគ្រាន់តែរំខានដល់ការចរចា ដើម្បីឱ្យមានដំណោះស្រាយមួយ ។
លោកអូបាម៉ា ឱ្យមានប្រតិបត្តិការ CIA នៅលីប៊ីបណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិក គូសបញ្ជាក់ប្រាប់រ៉យទ័រកាលពីថ្ងៃទី៣០ មីនា ថា លោកប្រធានាធិបតីអូបាម៉ា បានចុះហត្ថលេខាលើក្រិត្យសម្ងាត់មួយ ដែលអនុញ្ញាតឱ្យមានប្រតិបត្តិការជាសម្ងាត់របស់ CIA នៅលីប៊ី ដើម្បីជួយទ្រទ្រង់ដល់ពួកបះបោរ ។ ម្យ៉ាងវិញ ទៀត លោកអូបាម៉ា និងសម្ព័ន្ធមិត្តមួយចំនួន ក្នុងនោះរួមមានបារាំងផង បានពិចារណាដោយចំហពីលទ្ធភាពផ្តល់អាវុធដល់ពួកបះបោរលីប៊ី ។
កងទ័ពអាកាសរបស់ក្រុមចម្រុះអន្តរជាតិកាលពីថ្ងៃទី៣០ មីនា បានវាយប្រហារគោលដៅយោធាជាច្រើនស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីទីក្រុង AJDABYAH ចម្ងាយ១២០គីឡូម៉ែត្រពីក្រុងទ្រីប៉ូលី ។ ទីក្រុងធំទី៣នេះរបស់ប្រទេសត្រូវឡោមព័ទ្ធដោយកងទ័ពលោកកាដាហ្វី ៕


ចែករំលែកព័តមាននេះ