ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​ប្រតិកម្ម​ចំពោះ​ពិធីហែជំនូន​នាំ​គ្នា​រាំ​ឡក​ខុស​ទំនៀម​ទូទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​ការ​នាំ​គ្នា​រាំ​ឡក​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីហែ​ជំនូន​នៃ​មង្គលការ​ត្រូវ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​ជាមួយនឹង​ការ​រិះគន់ ។ គេ​រិះគន់​ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ប្រពៃណី ទំនៀមទម្លាប់​នៃ​មង្គលការ​ខ្មែរ ។ យ៉ាងណា​ក្ដី​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ដែល​នៅ​ពីក្រោយ​នាំ​ឲ្យ​គេ​នាំ​គ្នា​ធ្វើ​រឿង​នេះ​ឡើយ បើ​ទោះបីជា​សកម្មភាព​នេះ​គឺ​គ្រាន់តែ​ជា​ការ​បង្ក​ឱកាស​សប្បាយ​រីករាយ​ក៏​ដោយ ប៉ុន្តែ​វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ប្រពៃណី​ខ្មែរ…

រាជធានី​ភ្នំពេញ ៖​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​ការ​នាំ​គ្នា​រាំ​ឡក​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីហែ​ជំនូន​នៃ​មង្គលការ​ត្រូវ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​ជាមួយនឹង​ការ​រិះគន់ ។ គេ​រិះគន់​ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ប្រពៃណី ទំនៀមទម្លាប់​នៃ​មង្គលការ​ខ្មែរ ។

យ៉ាងណា​ក្ដី​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ដែល​នៅ​ពីក្រោយ​នាំ​ឲ្យ​គេ​នាំ​គ្នា​ធ្វើ​រឿង​នេះ​ឡើយ បើ​ទោះបីជា​សកម្មភាព​នេះ​គឺ​គ្រាន់តែ​ជា​ការ​បង្ក​ឱកាស​សប្បាយ​រីករាយ​ក៏​ដោយ ប៉ុន្តែ​វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ប្រពៃណី​ខ្មែរ ។ តារា​សម្តែង​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​លើក​ឡើង​ថា «​នេះ​ជា​រឿង​ហួសចិត្ត ព្រោះ​អ្វី​ដែល​គេ​កំពុង​នាំ​គ្នា​ថែរក្សា បែរជា​ពួក​គាត់​នាំ​គ្នា​បំផ្លាញ ខណៈ​ពេល​ដែល​សកម្មភាព​មួយ​នេះ​គឺ​ពិបាក​នឹង​ទទួលយក​បាន​ណាស់​។

ពួក​គាត់​នាំ​គ្នា​រាំ​ឡកមុខ​ពិធីហែជំនូន​គឺ​ខុស​ទាំងស្រុង បើ​ទោះបីជា​ពួក​គាត់​គិត​ថា ពួក​គាត់​មាន​លុយ​អាច​ធ្វើ​អ្វី​ក៏​បាន ប៉ុន្តែ​ពួក​គាត់​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​បញ្ហា​អនាគត​ដល់ ក្មេង​ៗ​ទាំង​អស់នោះ​ឡើយ ដោយ​ពួក​គេ​អាច​នឹង​មិន​ទទួលស្គាល់​នូវ​អ្វី​ដែល​ជា​របស់​ខ្លួនឯង ។ សកម្មភាព​នេះ​គឺជា​ការ​សម្លាប់​វប្បធម៌​ខ្លួន​ដោយ​ខ្លួនឯង និង​ត្រជាក់​បំផុត ដឹង​តែ​ធ្វើ​មិនដឹង ហើយ ចាស់​ៗ​នៅ​ជិត​នោះ​ក៏​ព្រើល​តាម​។ ទៅ​តែ​ម្តង​ទាំង​ប៉ី ទាំង​ទ្រ អត់​មាន​អ្នក​ណា​ទប់​អ្នក​ណា​បាន​ឡើយ »​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​ថែរក្សា​មរតក​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ឲ្យ​បាន​ល្អ និង​សូម​ឲ្យ​ផ្តល់​តម្លៃ​ដល់​ភ្លេង​ប្រពៃណី​ខ្មែរ​ផង ។

ដោយឡែក​លោក​ឌួ​ង សុខ​គា ក៏​បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ថា «​ចម្រៀង​មរតក​ទៅ​ចុះ​គេ​កែ​ប៉ា​រ៉ូ​ល កាឡៃ​បទ​ភ្លេង ដូរ​ឧបករណ៍​ប្រគំ​ពាស​វាល​ពាស​កាល ! ចុះ​ពិធី​មង្គលការ ដែល​ជា​ពិធី​បែប​ទំនៀមទម្លាប់​ប្រពៃណី​នេះ បើ​មាន​គេ​កែ​ឱ្យ​ខុស​ពី​បទ​ដើម​លំនាំ​ដូនតា និង​ការ​ណែនាំ​របស់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​នានា​ដែរ​នោះ តើ​លោក​អ្នក​យល់​យ៉ាងម៉េច ? បើ​ខ្ញុំ​វិញ​នៅ​អត់​សុខ​ទេ ! ទោះជា​ស្មារតី​អភិវឌ្ឍ ក៏​មិន​អាច​យក​អង្គរ​វត្ត​មក​កែ​ច្នៃ​ដែរ គេ​គួរ​រក​វិធី​ផ្សេង​! មែន​ទេ​អស់លោក ? បងប្អូន​យល់​យ៉ាងណា​ដែរ ? បើ​ខ្ញុំ​មិន​ហ៊ាន​យល់​ទេ ! គេ​ធ្លាប់​ស្តី​ឲ្យ​ខ្ញុំ ព្រមទាំង​លើក​ហេតុផល​ថា «​ធ្វើ​បែប​នេះ​អាច​ឲ្យ​វប្បធម៌​សម្បូរ​ណ៍​បែប​» គេ​ពន្យល់​ទៀត​ថា «​ត្រូវ​គិត​តាម​បច្ចេកទេស មិន​ត្រូវ​គិត​តាម​អារម្មណ៍​ទេ​»​។ ខ្ញុំ​អត់​បច្ចេកទេស​មិន​ហ៊ាន​ថា​អី​ទេ​! ខ្ញុំ​អ្នក​បុរាណ​ប្រហែល​មាន​ឆន្ទាគតិ​ជ្រុលនិយម​រឿង​របស់ ចាស់​ៗ​បែប​ហ្នឹងឯង ។

ជា​ចុង​ក្រោយ​ខ្ញុំ​ខ្លាច​ថាបើ​នាំ​គ្នា​ធ្វើ​បែប​នេះ​គ្រប់​តែ​គ្នា ចុះ​បទ​ចៅ​ព្រាហ្មណ៍ បទ​ជើត​មន គេ​ត្រូវ​យក​ទៅ​ផ្ញើ​នៅឯណា ?​» ។

ដោយឡែក​លោក​អាចារ្យ​មង្គល​រុន សុ​ភ័ក សមាជិក​គណៈកម្មការ​សមាគម​អាចារ្យ​ខ្មែរ​ប្រចាំ​ស្រុក​កៀនស្វាយ​បាន​លើក​ឡើង​ថា តាម​រយៈ​សកម្មភាព​នេះ​លោក​អាច​ហៅ​ពួក​គេ​ថា ជា​ក្មេង​អ​សីលធម៌ ដោយសារ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ហើយ បែរជា​ធ្វើ​សកម្មភាព​មិន​គប្បី​បែប​នេះ ។ លោក​បញ្ជាក់​ថា «​ក្នុង​នាម​ជា​អាចារ្យ​មង្គល​មួយ​រូប​សូម​ប្រឆាំង​ដាច់ខាត និង​មិន​អាច​ទទួល​យក​​បាន​ឡើយ​នូវ​ទ​ង្វើ​មួយ​នេះ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​ដូច​តា​ខ្មែរ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​តាម​រយះ​ការ​អង្កេត​ឃើញ​របស់ខ្ញុំ នៅ​តំបន់​ដូច​ជា​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​តំបន់​មួយ​ចំនួន​នៅ​ក្បែរ​ថៃ ហាក់​មានការ​ចម្លង​នូវ​របៀប​ប្លែក​ក្នុង​ពិធី​មង្គលការ ដែល​មើលទៅ​ច្របូកច្របល់ មិនដឹង​ចាប់​អាណា​មុខ​អាណា​ក្រោយ ដែល​នាំ​ឲ្យ​បញ្ចុះតម្លៃ​វប្បធម៌ ប្រពៃណី​ខ្មែរ »​។

បើ​តាម​លោក​អាចារ្យ​រុន សុ​ភ័​ក្រ ពួក​គាត់​ទាំង​អស់នោះ​អាច​រាំ​បាន​ក្នុង​ករណី​ដែល​ពួក​គាត់​ស្លៀក​ពាក់​ធម្មតា​មិន​មាន​អ្នក​ណា​ហាមឃាត់​ទេ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ពួក​គេ​តុបតែង​ខ្លួន​របៀប​ជា​អ្នក​ប្រពៃណី​បុរាណ ហើយ​បញ្ចេញ​អាកប្បកិរិយា​មិន​សម​ទៅ​នឹង​សម្លៀក​បំពាក់ ។ យ៉ាងណា​លោក​ជឿ​ថា តំបន់​ទាំងនោះ​គឺជា​តំបន់​នៅ​ជិត​ប្រទេស​ជិតខាង ដូចនេះ​វា​ងាយ​នឹង​ចម្លង​នូវ​វប្ប​ធម៌​គ្នា ខណៈ​ពេល​ដែល​ចាស់ទុំ អាចារ្យ​នៅ​ទីនោះ​ក៏​ពិបាក​នឹង​និយាយ វា​ហាក់ដូចជា​ពាក្យចាស់​ថា ហា​ស្លាក់ ខ្ជាក់​ស្លែង​ដូច្នេះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ