ខេត្តកណ្តាល ៖ ក្រោមកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាលគណៈពង្រឹងចុះជួយស្រុកលកៀនស្វាយ និងអាជ្ញាធរធរឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រុមការងារចុះសហគមន៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងអប់រំសុខភាពអនាម័យរាង្គកាយប្រឆាំងការរីករាលដាលនៃជំងឺឆ្លងដោយវីរុស Covid-19 នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចុងសប្ដាហ៍នេះ ។
វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ ស៊ឹម សុខចាន់ ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាពនៃសមាគម TYDA បានមានប្រសាសន៍ថា បេសកកម្មនៃកម្មវិធីអប់រំសុខភាពនៅតាមបណ្ដាសហគមន៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រចាំឆ្នាំ២០២០ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹង និងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹងនៃការថែទាំសុខភាពរស់នៅប្រចាំថ្ងៃផងដែរ ។
ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺផ្សព្វផ្សាយវិធានការ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លង Covid-19 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការយល់ដឹង និងការយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ។ លោកបន្តថា យុទ្ធនាការនេះក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយណែនាំនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងឃុំគគីរធំ ព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋកុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ ៕
ចែករំលែកព័តមាននេះ