ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការ​សំណុំរឿង​ថៅកែ​ស្ថានីយ​ប្រេង​ម្នាក់​ពាក់ព័ន្ធ​ករណី​វាយ​គ្រូបង្រៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​ថៅកែ​ស្ថានីយ៍​ប្រេង PTT ម្នាក់ នៅ​ជិត​រង្វង់​មូល​គួរ​ស្រូវ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​ថៅកែ​ស្ថានីយ៍​ប្រេង PTT ម្នាក់ នៅ​ជិត​រង្វង់​មូល​គួរ​ស្រូវ ក្នុង​ខណ្ឌដង្កោ ដែល​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​គ្រូបង្រៀន​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​មក​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់ ។ ប៉ុន្តែ​សវនាការ​នោះ​ក្រោយ​ពី​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់​ហើយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៣ ខែមីនា ខាង​មុខ​នេះ ។

សវនាការ​បាន​ធ្វើ​ឡើង​ដោយ​មាន​លោក ពេជ្រ វិជ្ជាធរ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក សឿ ឡង់​ឌី ជា​តំណាង​អយ្យការ និង​ចំពោះ​ជនជាប់ចោទ​ឈ្មោះ សា​រុន វិធុ​រ៉ា​ក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​គូកន​ម្នាក់​ទៀត​ឈ្មោះ ង​ន់ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ជន​ជាប់​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ឈ្មោះ អុឹម សិរី​រដ្ឋ មុខរបរ​ជា​គ្រូបង្រៀន នៅ​ចំណុច​ក្នុង​ស្ថានីយ៍​ប្រេង​PTT ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ការ​ចោទប្រកាន់​នោះ​ត្រូវ​បាន​ជនជាប់ចោទ​ឈ្មោះ សា​រុន វិធុ​រ៉ា​ក់ ឆ្លើយ​ថា ខ្លួន​មិន​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ទេ តែ​ពិតជា​បាន​បញ្ជា​ឲ្យ​កូនចៅ​ឈ្មោះ ង​ន់ រតនា ចាប់ចង និង​វាយ​មែន ។ ចំណែក​ឈ្មោះ ង​ន់ រតនា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់ចង​បុរស​រង​គ្រោះ​នោះ​មែន តែ​ខ្លួន​មិន​បាន​វាយតប់​ជន​រង​គ្រោះ​ឲ្យ​មាន​របួស​បែក​ឈាម​ទេ គឺ​មាន​ជន​ទី​៣​ទៀត ។ ទោះជា​យ៉ាងណា​សំណុំរឿង​នេះ​មិន​មាន​បណ្តឹង​ជន​រង​គ្រោះ​ទេ ពោល​គឺជា​សវនាការ​លើ​បណ្តឹងអាជ្ញា​តែ​ប៉ុណ្ណោះ ។

គួ​រ​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ សា​រុន វិធុ​រ៉ា​ក់ និង​បក្ខពួក បាន​ប្រើ​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​លោក អឹុម សិរី​រដ្ឋ ជា​គ្រូបង្រៀន កាលពី​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​របស់​គេ ដោយ​ចោទ​ថា គ្រូបង្រៀន​រូប​នេះ​បាន​ចូល​ទៅ​អុកឡុក និង​លួច​ថតរូប​ស្ត្រី​នៅ​ក្នុង​បន្ទប់ទឹក ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ដល់ និង​នាំ​ខ្លួន​ម្ចាស់​ស្ថានីយ​ប្រេង​ទៅ​សាកសួរ បន្ទាប់​មក​តាម​សមត្ថកិច្ច​បាន​តាម​ចាប់​ពួក​កូនចៅ​ថៅកែ​ស្ថានីយ៍​នោះ​ម្នាក់​ទៀត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ឃុំខ្លួន​ចាប់ពី​ពេល​នោះ​មក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ