ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អី​ុ​តា​លី ​បង្ខាំង​ប្រជាជន​ជាង​​១៥​លាន​នាក់​ឲ្យ​នៅ​ដាច់​ពី​គេ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ជា​វិធានការ​មួយ​ពុំ​ធ្លាប់​ដែល​មាន​ឡើយ​តាំងពី​មុន​មក​នៅ​អឺរ៉ុប ដោយ​ប្រជាជន​អ៊ីតា​លី​ជាង​១៥​លាន​នាក់ ត្រូវ​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេ ចាប់ពី​ថ្ងៃ​ទី​៨​ ខែមីនា ​ទៅ ដើម្បី​ប៉ុនប៉ង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស…

ប្រទេស​អ៊ី​តា​លី ៖ ជា​វិធានការ​មួយ​ពុំ​ធ្លាប់​ដែល​មាន​ឡើយ​តាំងពី​មុន​មក​នៅ​អឺរ៉ុប ដោយ​ប្រជាជន​អ៊ីតា​លី​ជាង​១៥​លាន​នាក់ ត្រូវ​បង្ខាំង​ឲ្យ​នៅ​ដាច់​ពី​គេ ចាប់ពី​ថ្ងៃ​ទី​៨​ ខែមីនា ​ទៅ ដើម្បី​ប៉ុនប៉ង ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ​ដែល​ឆ្លង​រាលដាល​ខ្លាំង​ក្នុង​ប្រទេស​នេះ ខណៈ​វីរុស​នោះ​ប៉ះពាល់​ដល់​មនុស្ស​ជាង​១០០.០០០​នាក់​ហើយ​លើ​ពិភពលោក​។ អា​មេ​រិ​កឡា​ទី​ន​ទើប​រាយការណ៍​ពី​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​វីរុស​នេះ​ដែរ​។

ការ​ចេញចូល​ក្នុង​តំបន់​ដ៏​ធំ​នៅ​ភាគ​ខាងជើង​អ៊ីតា​លី ចាប់ពី​ក្រុង​មី​ឡាន ទីក្រុង​សេដ្ឋកិច្ច​របស់​ប្រទេស រហូត​ដល់​ក្រុង​វេ​នី​ស ​ជាក​ន្លៃ​ង​ទេសចរណ៍​សំខាន់​មួយ​នៃ​ពិភពលោក ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​រិ​ត​ត្បិត​ខ្លាំង​បំផុត​។ នេះ​ជា​ក្រិ​ត្យ​ចេញផ្សាយ​តាម​វេ​ប​សាយ​របស់​រដ្ឋាភិបាល​។

វិធានការ​ដ៏​ខ្លាំង​បំផុត​បែប​នោះ​ត្រូវ​បាន​ប្រកាន់​យក​ក្នុង​ប្រទេស​អឺរ៉ុប​នេះ ដែល​កំពុង​រង​ការ​ប៉ះ​ពាល់​ខ្លាំង​បំផុត ដោយ​មាន​លំនាំ​មិន​ខុស​គ្នា​ពី​វិធានការ ដែល​ចិន​បាន​ចាត់​នៅ​ខេត្ត​ហ៊ូ​ប៉ី​របស់​ខ្លួន​ឡើយ​។

ក្នុង​តំបន់​LOMBAERDIE និង​ក្នុង​ខេត្ត​១៤​របស់​អ៊ី​តា​លី រាល់​ទស្សនីយភាព​វប្បធម៌ កីឡា​ឬ​សាសនា​ត្រូវ​ហាមឃាត់ រួ​ចហាង​ឌី​ស្កូ រោង​ភាពយន្ត រោង​មហោស្រព ការ​ប្រគំ​តន្ត្រី ព្រមទាំង​បណ្ដា​ទីកន្លែង​ប្រហាក់ប្រហែល​គ្នា​ត្រូវ​បិទ រហូត​ដល់​ថ្ងៃ​ទី​៣​មេ​សា​។ ចំណែក​សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស័​រ​ត្រូវ​ផ្ដល់​ការសូត្រ​ធម៌​ក្នុង​និវេសនដ្ឋាន​របស់​ព្រះ​អង្គ​តាម​រយៈ​វី​ដេ​អូ​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ WHO ចាត់​ទុក​ថា ​ពិតជា​លឿន ​និង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។ ប្រទេស​សរុប​៩៤​ហើយ​ពេល​នេះ​បាន​រង​ការ​ប៉ះពាល់​ដោយ​វីរុស​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាង​៣.៥០០​នាក់​ហើយ​ត្រូវ​បាត់​បង់​ជីវិត​​លើ​ពិភពលោក​។ អា​មេ​រិ​កឡា​ទី​ន​ទើប​មាន​អ្នក​បាត់​បង់​ជីវិត​​ម្នាក់​ជា​បុរស​អាយុ​៦៤​ឆ្នាំ​ម្នាក់ នៅ​ក្រុង​បុ​៊​យ​ណូ​ស៊ែ​ប្រទេស​អា​ហ្ស​ង់​ទី​ន​។

នៅ​អ៊ី​តា​លី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ កំណត់​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​១.២៤៧​នាក់ ព្រម​ទាំង​អ្នក​បាត់​បង់​ជីវិត​​ថ្មី​៣៦​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​២៣៣​នាក់​ក្នុង​ប្រទេស​នេះ​។ រដ្ឋាភិបាល​អ៊ីតា​លី​បាន​សម្រេច​បញ្ជូន​មនុស្ស​២០.០០០​នាក់​ទៀត ទៅ​បន្ថែម​កម្លាំង​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ​។ បែប​នេះ​នឹង​អាច​បង្កើន​ចំនួន​គ្រែ​ពី​៥.០០០​ទៅ​ដល់​៧.៥០០​សម្រាប់​ការ​ព្យាបាល​បន្ទាន់​។

ប្រទេស​៥​រង​ការ​ប៉ះពាល់​ខ្លាំង
ក្រៅពី​អ៊ី​តា​លី​ប្រទេស​បារាំង​ក៏​រង​ការ​ប៉ះពាល់​ខ្លាំង​ដែរ ដោយសារ​វីរុស​នោះ​ជាមួយ​មនុស្ស​​បាត់​បង់​ជីវិត​​១៦​នាក់ និង​អ្នក​ឆ្លង​៩៤៩​នាក់​។ ប្រទេស​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​៨​មីនា ពី​មនុស្ស​ឆ្លង​ថ្មី​៤៤​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​ថ្មី​២៧​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​សរុប​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​៣.០៩៧​នាក់​។ ក្នុង​ប្រទេស​នេះ​សរុប​មាន​អ្នកជំងឺ​៥៧.០៦៥​នាក់​ហើយ បានជា​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ហើយ​មនុស្ស​សរុប​៣.០៩៧​នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​។

ម្យ៉ាងទៀត​បណ្ដា​សារព័ត៌មាន​ចិន​រាយការណ៍ ពី​មនុស្ស​ជិត​៣០​នាក់​ដែល​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក ក្រោយ​ពី​សណ្ឋាគារ​មួយ​នៅ​ក្រុង​QUANZHOU​ខេត្ត​ហ្វូ​ជាន កន្លែង​ដាក់​មនុស្ស​សង្ស័យ​ឆ្លង​វីរុស​ឲ្យ​នៅ​ដាច់​ពី​គេ​បាន​បាក់​។ ៤​ម៉ោង​ក្រោយ​ការ​បាក់​សណ្ឋាគារ​ផ្កាយ​៥​នោះ​សាលាក្រុង​នេះ​គូសបញ្ជាក់​ថា មនុស្ស​៣៨​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​៧០​នាក់​ស្ថិត​ក្នុង​សណ្ឋាគារ​នោះ​បាន​ត្រូវ​ជួយ​សង្គ្រោះ​។

ប្រទេស​កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​៨​មីនា ពី​អ្នក​ឆ្លង​ថ្មី​៣៦៧​នាក់​ក្នុង​ថ្ងៃ​ទី​៧​មីនា​តែ​មួយ​គត់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧.១៣៤​នាក់ ហើយ​មនុស្ស​៥០​នាក់​​បាន​បាត់​បង់​ជីវិត​។

បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​គឺ​ប្រទេស​អ៊ី​រ៉​ង់ ដែល​ក៏​មាន​អ្នក​បាត់​បង់​ជីវិត​​ថ្មី​២១​នាក់​និង​អ្នក​ឆ្លង​ថ្មី​១.០៧៦​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​អ្នកបាត់​បង់​ជីវិត​​សរុប​ក្នុង​ប្រទេស​នេះ មាន​ដល់​១៤៥​នាក់​និង​អ្នក​ឆ្លង​សរុប​៥.៨២៣​នាក់​។

នៅ​សហរដ្ឋអាមេរិក​វីរុស​ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស​២១​នាក់ ក្នុង​នាវា​កម្សាន្ត​GRAND PRINCESS​ដែល​ឲ្យ​ស្ថិត​នៅ​ក្នុង​ដែនទឹក​កាលី​ហ្វ័​រ​នី​ញ៉ា ក្រោយ​រក​ឃើញ​រោគ​សញ្ញា​លើ​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​៣.៥៣៣​នាក់​។

ម្យ៉ាងទៀត​មនុស្ស​២​នាក់​បាន​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នោះ នៅ​រដ្ឋ​ផ្ល​រី​ដា​ដែល​ជា​ជន​រង​គ្រោះ​អា​មេ​រិ​ក ដំបូង​នៅ​ក្រៅ​ឆ្នេរសមុទ្រ​ខាងលិច​របស់​ប្រទេស​។ នៅ​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ប្រទេស រដ្ឋ​ញូ​វ​យ៉​កបាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្រោយ​មនុស្ស​ម្នាក់​បាត់​បង់​ជីវិត ដើម្បី​ជម្រុញ​ការ​តស៊ូ​ប្រឆាំង​ជំងឺ​។ នៅ​រដ្ឋ​វ៉ា​ស៊ិ​ន​តោន​មាន​អ្នក​​បាត់​បង់​ជីវិត​​ដល់​១២​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ