ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វេទិកា​ដោះស្រាយ​ដីធ្លី អ្នកស្រុក​ចូល​រួម​ផ្ទុះ​កំហឹង​នាំ​គ្នា​ចេញ​អស់ (​វី​ដេ​អូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សាលាឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល លោក…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សាលាឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល លោក អ៊ូ ឈាង អភិបាលស្រុក​កៀន​ស្វាយ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជុំវិញ​ស្រុក បាន​បើក​វេទិកា​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ​ជាមួយ​ឈ្មួញ​។

សេចក្តីរាយការណ៍​បន្ត​ថា ប៉ុន្តែ​វេទិកា​នេះ ត្រូវ​បាន​បរាជ័យ​ក្រោម​កំហឹង​របស់​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល ដែល​ពួក​គាត់​មិន​ទទួលយក​ប្រសាសន៍​របស់​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ បាន​ចោទ​ពលរដ្ឋ​ជា​មេខ្យល់​បំផុសបំផុល​ដី​ឈ្មួញ​គេ​មានច្បាប់​ទម្លាប់​ទិញ​-​លក់​ត្រឹមត្រូវ​ប្រយ័ត្ន​ពាក់ព័ន្ធ​ផ្លូវច្បាប់​។

ការ​លើក​ឡើង​របស់​លោក អ៊ូ ឈាង អភិបាលស្រុក​ចំណុច​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ខឹងសម្បារ​ស្ទុះ​ពី​ជើងម៉ា​ឈរ​តវ៉ា​តឹង​សរសៃ​.​ក​ដាក់​គ្នា​រវាង​ពលរដ្ឋ​ជាមួយ​លោក អភិបាលស្រុក​មាន​ភាព​រញ៉េរញ៉ៃ​ពេញ​រោង​វេទិកា​។ បន្ទាប់​មក​ពលរដ្ឋ​ក៏​នាំ​គ្នា​ងើប​ដើរ​ចេញ​អស់ នៅ​សល់​តែ​អាជ្ញាធរ​អង្គុយ​ក្នុង​រោង​មើល​មុខ​គ្នា​ឡេ​ង​ឡង់​ៗ​។

ក្រោយ​ពី​ដើរ​ចេញពី​រោង​វេទិកា​ភ្លាម នៅ​ថ្ងៃ​ដដែល​នោះ​ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​ដល់ទី​តាំង​ដី​ទំនាស់ និង​បាន​លើក​ឡើង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដី​បឹង​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ឃុំ​បន្ទាយដែក ចំណុច​បឹង​ត្រាវ វាល​ហ្សូ​ល ប្រឡាយ​ដីឥដ្ឋ ត្រចៀក​ក្របី ចំការ​យួន បង្គោល​ថ្ម បឹង​កក់ អូរ​ច្រឡឹង សំបុក​សត្វ ចក​តឹកកែ និង​បឹង​កណ្តាល រាប់​ពាន់​ហិ​កតា​នេះ គឺ​ប្រជាពលរដ្ឋ​ចំនួន​៤៧២​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក បាន​បង្កបង្កើន​ផល ធ្វើស្រែ ដាំពោត ដាំ​ស​ណ្តែ​ត ដាំ​ល្ង កាប់​អុស និង​រក​នេសាទ​ត្រី​។​ល​។ តាំងពី​ដូនតា​មក​ម្ល៉េះ​។

រហូត​នៅ​ក្នុង​ឆ្នាំ​២០០៥-២០០៦ លោក​ឡោក ហ៊ូរ បាន​ដាក់​កម្លាំង​ប្រើប្រាស់​គ្រឿង​ជា​ច្រើន​គ្រឿង​មក​ឈួ​ស​ឆាយ​លើក​ក្រ​វ៉ា​ត់​ព័ទ្ធ​យក​ដី​របស់​ពួក​គាត់​ទាំងអស់​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​របង​ថ្ម​បិទ​ជិត​ផ្លូវ​ដាក់​កម្លាំង​យាម​យ៉ាង​តឹង​រឹង សូ​ម្បី​តែ​ពលរដ្ឋ​ចូល​ទៅ​រក​ត្រី រក​អុស​ដុត បេះ​ត្រកួន ដក​ព្រលិត​មិន​បាន​ផង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ