ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុសលើកដៃ​ប្រហារជីវិតឪពុកក្រោម​ផ្ទះ​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​កំពុង​តែ​សំរាន្ត​លង់លក់​លើ​អង្រឹង​ក្រោមផ្ទះ​ឈើ ត្រូវ​បានកូន​ប្រុស​លប​​កាប់​ប្រហារ​​ជា​​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ភូមិ​ក្បាល​អូរ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ បន្ទាប់​ពី​កើតហេតុ បុរស​ជា​កូន​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី​ដោយ​សម្ងំ​លាក់ខ្លួន​បាន​២​ថ្ងៃ…

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​កំពុង​តែ​សំរាន្ត​លង់លក់​លើ​អង្រឹង​ក្រោមផ្ទះ​ឈើ ត្រូវ​បានកូន​ប្រុស​លប​​កាប់​ប្រហារ​​ជា​​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ភូមិ​ក្បាល​អូរ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ បន្ទាប់​ពី​កើតហេតុ បុរស​ជា​កូន​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី​ដោយ​សម្ងំ​លាក់ខ្លួន​បាន​២​ថ្ងៃ ទំនងជា​ឃ្លានបាយ​ក៏​លួច​ចូល​មក​ភូមិ​វិញ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ រួច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។

លោក​វរសេនីយ៍ឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​កូនប្រុស​ឈ្មោះ​លន់ ឡឹ​ង អាយុ​២៣​ឆ្នាំ ធ្លាប់​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​បាន​ញៀន​ថ្នាំ​ក្រោយមក​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​។ ចំណែក​ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ​ឡេវ លន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ។ អ្នក​ទាំង២​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​រំលឹក​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០២០ នៅ​ភូមិ​ក្បាល​អូរ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ជនសង្ស័យ​ជា​កូន​នេះ​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ឪពុក​បង្កើត​ត្រូវ​ចំ​ចុង​ចិញ្ចើម​ខាងស្តាំ​ចំនួន​៣​កន្លែង ត្រូវ​ចំ​ក្រោម​ភ្នែក​ឆ្វេង​ពីរ​កន្លែង​(​ដល់​ឆ្អឹង​) នឹង​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ (​ផុង​លលាដ៍ក្បាល​) បណ្តាល​អោយ​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ចូល​ទៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ចាប់​បាន​នោះ​ទេ ទោះបីជា​មាន​កម្លាំង​សមត្ថ កិច្ច​ចុះ​អន្តរាគមន៍​យ៉ាងណា​ក្តី​។

ករណី​ខាងលើ​នេះ កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​មេសរ​ជ្រៃ នឹង​កំលាំង​ប្រជា​ការពារ​បាន​ធ្វើការ​ពិនិត្យ​នឹង​ស្រាវជ្រាវ​រុករក​ជន សង្ស័យ​នៅ​ចំណុច​ចំការ​ស្វាយចន្ទីរ​តំបន់​ភ្នំ​ឥសី​សិទ្ធ ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ និង​នៅ​ចំណុច​តំបន់​តំណាក់​ឡែ​ង ភូមិ​ដីក្រហម ឃុំ​សូ​ភាស ស្រុក​ស្ទឹង​ត្រង់ ដែល​ជាទី​កន្លែង​ជនសង្ស័យ​ធ្លាប់​ចេញចូល​ទីនោះ តែ​មិន​បានឃើញ​ជន​នេះនោះ​ទេ​។

លោក​វរសេនីយ៍ឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បញ្ជាក់​ថា ក្រុម​សាច់ញាតិ​អ្នក​រង​គ្រោះ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ រួម​នឹង​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​រុករក​តាម​ចំការ​និង​ក្នុង​ព្រៃ​ជា​ច្រើន​កន្លែង​ដោយសារ​តែ​ភូមិសាស្ត្រ​នៅ​តំបន់​នោះ​ធំ​ពិបាក​នៅ​ក្នុង​ការ​រក​បន្តិច​។ កូនប្រុស​ដែល​ក្លាយ​ខ្លួន​ជា​ឃាតករ​បាន​សម្ងំ​នៅ​ក្នុង​ព្រៃ​២​ថ្ងៃ​ដោយសារ​តែ​អត់បាយ​ក្រហាយ​ទឹក​គ្មាន​អ្វី​ហូប រហូត​មក​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ចេញពី​ព្រៃ​ចំការ ហើយ​ចូល​ទៅ​ក្នុងភូមិ​ក្បាល​អូរ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ក៏​ត្រូវ​កំលាំង​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ឪពុក​មិន​បាន​បង្កជម្លោះ​ជាមួយនឹង​កូនប្រុស​នេះ​ទេ ហើយ​បើ​តាម​ការ​សារភាព​របស់​កូនប្រុស​បាន​ឆ្លើយ​ថា មូលហេតុ​ដោយសារ​តែ​ខ្លួន​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ដើរ​លេង​តែ​ប៉ុណ្ណោះ មិន​មានរឿង​អ្វី​ក្រៅពី​នេះ​ទៀត​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ