ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សែនក្រុងពាលីបើកការដ្ឋាន​ស្តារបារាយណ៍សូរយៈតាដាត

15 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មីនា អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បានរៀបចំពិធី​សែន​ក្រុង​ពាលីបើក​ការដ្ឋានស្ដារ​បា​រាយណ៍​បុរាណ​ខាងលិច​ក្បែរ​ជើងភ្នំ​ប្រាសាទព្រះ​វិហារ ស្ថិត​ក្នុង​ចំណុច​អតីត​ភូមិ​គ​១ ដែល​មាន​ទំ​ហំ ២១៥ គុណ​នឹង​៤២៥​ម៉ែត្រ និង​ជម្រៅ​៣,៥០​ម៉ែត្រ ។ តាម គំរោង​ត្រូវ​ស្តារឱ្យ​ហើយ​រួចរាល់​មុនរដូវភ្លៀង​ធ្លាក់​​ខាង​មុខ​នេះ ។

ពិធី​នេះធ្វើ​ឡើង​ក្រោម​អ​ធិប​តី​ភាព​លោក​ជុច ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​ជា​ប្រធាន​ក្រុម​ការងារពិសេស​ថ្នាក់​ជាតិ​ និងលោកសាស្ត្រា​ចា​រ្យ​ម៉ូ​រី​តា​ផ្នែក​បុរាណ​វិទ្យា​ជនជាតិ​ជប៉ុន​​ ។ ​ចូលរួម​នា​​ពេល​នោះ​ដែរ​មាន​លោកសួ​ស យ៉ា​រ៉ា អនុរដ្ឋលេខាធិការទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ក្រុមការងារ​ពិសេសថ្នាក់​ជាតិទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ តំបន់​ប្រាសាទព្រះវិហារ លោកស ថា​វី អភិ​បាល​​​រង​ខេត្ដ និង​ជា​ប្រធាន​លេខា​ធិការដ្ឋាន ក្រុម​ការ​ងារ​ពិសេស​ថ្នាក់​ជាតិ ព្រម​ទាំងមាន​ការ​ចូល​រួម​ពីកងកម្លាំង​ប្រចាំការ​នៅ​ទីនោះ ឆ្មាំ​ប្រាសាទ និង​សន្ដិសុខ​ប្រាសាទសរុប​ប្រមាណ​ជាង​២០០​នាក់ ។

ពិធី​សែន​ក្រុង​ពា​លី​បើក​ការដ្ឋាន​ស្ដារ​បា​រាយណ៍​បុរាណ​ឈ្មោះសូរយៈ​តា​ដា​ត ហៅ​បា​រាយណ៍​ខាងលិចនា​ព្រឹក​នោះបានរៀបចំ​សែន​គ្រឿង​បរិភោគ​ជា​ច្រើន​មុខ រៀប​បាយសី​ជា​ច្រើន​​ថ្នាក់ និង​មាន​​ប្រគំភ្លេង ពិណពាទ្យជា​ច្រើន​បទ​ ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​បារមី​ប្រា​សាទ​ព្រះ​វិហារ បារមីលោកតា​ឌី និង​បារមី​ភ្នំ​ដង​រែក​ដែល​​ថែរក្សាទឹកដី​ខ្មែរ​ ដើម្បីជួយ​ដល់ការស្តារ​បា​រាយណ៍​​បានជោគជ័យ ។
លោកសួ​ស យ៉ា​រ៉ា បានថ្លែង​ពន្យល់​អំពី​គោលបំណងនៃ​ការ​ស្ដារ​បារាយណ៍​ឡើង​វិញ​ថា គឺ​ក្នុង​គោលបំណងអភិរក្សហេ​ដ្ឋារចនាសម្ព័ន្ធ​កាលពី​សម័យ​ដើមដែល​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​ក្នុង​ជំនាន់​ក្រោយ ​ពិសេសគឺ​ដើម្បី​ស្ដុក​ទឹកឱ្យ​បាន​ស្ថិត​ស្ថិរ​សម្រាប់ប្រើប្រាស់របស់​​កងទ័ព​ខ្មែរ​ឱ្យ​ដូច​កាលពី​សម័យ​អង្គ​រ​។ លើស​ពីនេះ​ទឹក​បារាយណ៍​នេះ​អាចឱ្យ​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុង​ភូមិ​ធម្មជាតិ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ទៀត​ផង ។

លោកជុច ភឿន បាន​​រំលឹក​ដល់​ប្រវត្ដិដ៏​រុងរឿង​របស់​បុព្វបុរសខ្មែរ​យើង​កាលពី​សម័យ​ដើមដែល​បាន​កសាង​ប្រាសាទ​នៅ​លើ​កំពូលភ្នំ​ដងរែក គឺ​ទុក​ឱ្យ​កូន​ខ្មែរ​គ្រប់រូបបាន​ឃើញ​បាន​ដឹងនិង​ចាំ​មិន​ភ្លេច​អំពី​វប្បធម៌​ដ៏​ល្បីល្បាញរបស់​ខ្មែរ​យើង​ ។ លោក​ថ្លែង​ថា ពេល​នេះបើ​ទោះជា​សៀមវ​ង្វេ​ង​ប្រវត្ដិសាស្ដ្រ​បង្ក​អសន្ដិ​សុខនៅ​តំបន់​ប្រាសាទព្រះវិហាររបស់​ខ្មែរ​ក្នុងម​ហិ​ច្ឆតា​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​បំភ្លៃ​ប្រវត្ដិសាស្ដ្រ​របស់​ពិភពលោក​បាន​ទេ​ ។ ចំពោះ​ការ​អភិរក្ស​តំបន់​បុរាណ​​ឋាន​ក្នុង​តំបន់​វប្ប​ធ​ម៌​ប្រវត្ដិសាស្ដ្រ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ គឺ​នៅ​តែ​ដំណើរការ​ទៅមុខជា​និច្ចដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រពី​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ធ្វើ​ឱ្យ​តំបន់​បុរាណឋាន​របស់ខ្មែរ​ប្រែ​ក្លាយទៅជា​តំបន់​អភិរក្ស និង​អភិវឌ្ឍន៍​សំរាប់​មនុស្សជាតិ​ទាំងមូល​ដែល​គេ​ទទួល​ស្គាល់​ថា​ ជា​ទ្រព្យ​របស់​ខ្មែរ​ពិត​ៗ​​មិន​អាច​កាឡៃ​បាន ។

លោកម៉ូ​រី​តា សាស្ដ្រាចារ្យ​ផ្នែក​បុរាណវិទ្យា ជន​ជាតិ​ជប៉ុនប្រចាំ​អង្គការ​យូ​ណេ​ស្កូមាន​ប្រសាសន៍​ថា​ ការអភិរក្ស​ទី​កន្លែង​វប្បធម៌​តំបន់​ប្រាសាទព្រះវិហារ​របស់​ខ្មែរ គឺជា​សកម្មភាព​ដ៏​ប្រសើរ​មួយដែល​តំបន់​វប្ប​ធ​ម៌​មួយ​នេះ​កំពុង​តែ​ល្បីល្បាញ​នៅ​លើេស​ាកល​លោក​។​ រូប​លោក​ផ្ទាល់​​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំងណាស់​ពេល​បានឃើញ​ដំណើរការ​បើក​ការដ្ឋាន​ស្ដា​របា
រាយណ៍​បុរាណ​ឡើង​វិញ នា​ពេល​នេះ។
លោក​សាស្ដ្រា​ចា​រ្យ​សន្យា​ថា​​លោក​នឹង​ចូល​រួម​អភិវឌ្ឍភូមិធម្មជាតិ បន្ទាប់​ពី​ស្ដា​របារាយណ៍​រួចរាល់​ហើយ​ដោយ​លោក​នឹង​ជួយ​​ផ្តល់ពូជ​គោ​និងពូជ​ដំណាំ​ផ្សែង​ៗ​ដល់ប្រជាពលរដ្ឋក្នុង​ភូមិ​ធម្មជាតិ​ ដើម្បី​មានការងារ​ធ្វើ​តាម​រយៈ​ការ​យក​ទឹក​ពី​បារាយណ៍​ទៅ​ប្រើ​ប្រាស់​​លើ​វិស័យ​កសិ​កម្ម​ដូច​ជាចិ​ញ្ចឹមគោ និង​បង្កបង្កើន​ផល​ផ្សេង​ៗ​ជា​ច្រើន​ទៀតប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​នោះចៀសផុត​ពី​ភាព​ក្រីក្រ ។ ​ក្នុង​ពិធី​នោះ​ មាន​ការ​ចែក​អំណោយ​ដល់ឆ្មាំ និង​សន្ដិសុខ​ប្រាសាទចំនួន​១៥០​នាក់​ក្នុង​ម្នាក់​ៗ សា​រុង​១ ទឹក​ដោះគោ​២​កំប៉ុង និង​ថវិកា១​ម៉ឺន​រៀលផង​ដែរ៕