ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ពន្ធនាគារ​ខេត្តកំពង់ចាម ដើម្បី​ដាក់​អ្នកទោស​ជាង​៩០០​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ហេង វណ្ណ​នី អភិបាលរង​ខេត្ត​រួម​នឹង​សហការី កាល​រសៀល​ថ្ងៃ​ទី​៦ មីនា…

ខេត្តកំពង់ចាម ៖ លោក​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ហេង វណ្ណ​នី អភិបាលរង​ខេត្ត​រួម​នឹង​សហការី កាល​រសៀល​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ពន្ធនាគារ​ខេត្ត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ដើម្បី​ផ្ទេរ​អ្នកទោស​ពី​ពន្ធនាគារ​មក​ដាក់​រួម​គ្នា​កំពង់ចាម​-​ត្បូងឃ្មុំ ស្ថិត​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មក​កាន់​ទីតាំង​ថ្មី ដោយសារ​តែ​ទីនោះ​ចង្អៀត​ណែន​ពេក​។

លោក​ហ៊ុន ខី ប្រធាន​ពន្ធនាគារ​ខេត្ត​បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​ថា ដោយសារ​តែ​មើលឃើញ​ពិរុទ្ធជន​និង​ទណ្ឌិត​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ អ្នកទោស​មានការ​កើនឡើង​និង​ចង្អៀត ទើបត្រូវ​បាន​សម្ដេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​ឲ្យ​សាងសង់​ពន្ធនាគារ​ថ្មី​មួយទៀត​ស្ថិត​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​កន្លែង​ថ្មី​ធំ​ទូលាយ​។

លោក​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ចាម​បាន​បន្ត​ទៀត​ថា សម្រាប់​ផ្ទៃដី​ដែល​ត្រូវ​សាងសង់ ពន្ធនាគារ​ថ្មី​មាន​ទំហំ​៥​ហិ​កតា ក្នុង​នោះ​ដំណាក់កាល​ទី​មួយ​បាន​សាងសង់​រួច​១០០% រួម​មាន​របង កំផែង ខ្លោងទ្វារ​ចំនួន​៣ អគារ​ឃុំ​១​ល្វែង មាន​២​ជាន់ ស្មើនឹង​២៤​បន្ទប់ ហើយ​ដំណាក់កាល​ទី​២ កំពុង​តែ​បន្ត​ការ​សាងសង់ ក្នុង​នោះ​មាន​អគារ​រដ្ឋបាល រោង​បាយ ប៉ុស្តិ៍​សុខភាព អគារ​ឃុំ រហូត​មក​ដល់​ពេល​នេះ​សាងសង់​បាន​ប្រមាណ​ជា​ជាង​១០​ភាគរយ​ហើយ តាម​គម្រោង​នឹង​រួចរាល់​ចូល​ក្នុង​ឆ្នាំ​២០២១​។

មូលហេតុ​ដែល​ត្រូវ​សាងសង់​ពន្ធនាគារ​ថ្មី​នេះ ដោយសារ​តែ​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​ពិរុទ្ធជន​និង​ទណ្ឌិត​ដាក់​រួម​គ្នា​រវាង​ខេត្តកំពង់ចាម​និង​ត្បូងឃ្មុំ ដោយសារ​តែ​ចំនួន​អ្នកទោស​ណែន​ពេក ទើប​ថ្នាក់លើ​សម្រេច​សាងសង់​ពន្ធនាគារ​ថ្មី​សម្រាប់​ខេត្តកំពង់ចាម​ដែល​ស្ថិត​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ហើយ​អតីត​ពន្ធនាគារ​ខេត្តកំពង់ចាម​នឹង​ប្រគល់​ឱ្យទៅ​ខេត្ត​ត្បូងឃ្មុំ​គ្រប់គ្រង​។

នា​ពេល​ខាង​មុខ ពន្ធនាគារ​ដែល​សាងសង់​រួចរាល់​នឹង​ផ្ទេរ​អ្នកទោស​ជាង​៩០០​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៦០​នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​មក​កាន់​ពន្ធនាគារ​ខេត្តកំពង់ចាម ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​។

ក្នុង​ពេល​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សំណង់​អាគារ​ផ្សេង​ៗ លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ក្រើនរំលឹក​ដល់​មេការ​សំណង់​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​ក្នុង​ការ​សាង​សង់​ឱ្យ​រួចរាល់​តាម​ការ​គ្រោងទុក និង​ប្រកបដោយ​គុណភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ