ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះសាត ហ៊ាន ហៅធុង អាយុ៥១ឆ្នាំ រស់នៅភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ដោយសាររឿងប្រចណ្ឌក៏បានយកព្រនង់ឫស្សីប្រវែងប្រហែល១ម៉ែត្រវាយសំពងស្ត្រីជាប្រពន្ធបណ្តាលឱ្យបាក់ដៃខាងឆ្វេង និងជើងខាងឆ្វេង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ មីនា ២០១១ នៅក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់ពីកើតមានអំពើហិង្សានេះក្រោមការជួយអន្តរាគមន៍ពីកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំក្រែក បុរសជាប្តីត្រូវបានឃាត់ខ្លួនភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក។
ពាក់ព័ន្ធទៅនឹងករណីនេះ ត្រូវបានលោកអនុសេនីយ៍ឯកកែវ នរ៉ាភី អធិការរងនគរបាលស្រុកពញាក្រែកបានប្រាប់កោះសន្តិភាពថា លោកមេភូមិកូវបានរាយការណ៍ពីករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងដោយបុរសឈ្មោះធុង បានយកព្រនង់វាយសំពងស្ត្រីជាប្រពន្ធឈ្មោះភិន សំអាត អាយុ៥១ឆ្នាំ បណ្តាលឱ្យបាក់ដៃ និងជើងដួលដេកទៅនឹងដី ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំក្រែកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ដោយឃាត់ខ្លួនបុរសចិត្តអប្រិយនោះនិងដកហូតបានព្រនង់ឫស្សី១រួចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក។ ចំណែកស្ត្រីជាប្រពន្ធត្រូវបានក្រុមសាច់ញាតិនាំទៅសំរាកព្យាបាលនៅគ្រូបុរាណខ្មែរ តែមិនដឹងនៅទីណាទេ។ ចំពោះមូលហេតុដែលឈានដល់វាយប្រពន្ធរហូតរងរបួសធ្ងន់ធ្ងរនេះ គឺព្រោះតែបុរសជាប្តីប្រចណ្ឌប្រពន្ធ ។ កន្លងមកបុរសឈ្មោះធុងនេះធ្លាប់ត្រូវបានកម្លាំងប៉ុស្តិ៍ធ្វើការអប់រំ២លើករួចមកហើយពីបទប្រើអំពើហិង្សាលើប្រពន្ធ ប៉ុន្តែបុរសនេះមិនកែប្រែចិត្តគំនិតទេ នៅតែបន្តវាយធ្វើបាបប្រពន្ធដដែល។
លោកអនុសេនីយ៍ឯក កែវ នរ៉ាភី បានបញ្ជាក់ថា ក្រោយពីបាននាំទៅដល់អធិការដ្ឋាននគរបាលស្រុក បុរសឈ្មោះធុងបានឆ្លើយថា នៅល្ងាចថ្ងៃទី២០ មីនា គាត់បានចេញពីផ្ទះទៅផឹកស្រានៅផ្ទះអ្នកភូមិក្បែរនោះរហូតដល់ស្រវឹងធ្លាក់ភ្នែកទើបត្រឡប់មកផ្ទះវិញ ដោយបានរៀបចំផែនការហៅប្រពន្ធឱ្យមកដេកនៅខាងក្រោមផ្ទះងាយស្រួលឃ្លាំមើ់លក្រែងប្រពន្ធហៅបុរសម្នាក់ឈ្មោះខឿន មានកូន២នាក់រស់នៅភូមិ-ឃុំជាមួយគ្នាមកដេកជាមួយ តែប្រពន្ធមិនព្រមមកដេកទេ ។ ដោយសារមូលេហតុនេះធ្វើឱ្យខ្លួនខឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកព្រនង់ឫស្សី១កំណាត់មកវាយប្រពន្ធដែលកំពុងតែដេកនៅលើផ្ទះបណ្តាលឱ្យរងរបួសបាក់ដៃ និងជើងស្រែកទ្រហោយំហៅគេឯងឱ្យជួយ។
តាមប្រភពព័ត៌មានថា តាមពិតស្ត្រីជាប្រពន្ធមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់បុរសជាប្តីនោះទេ។ បុរសចិត្តអប្រិយឈ្មោះសាត ហ៊ាន ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ