ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​សកម្មភាព​ការពារ និង​ការ​ចិញ្ចឹម​ត្រី​ខណៈ​កំរិត​ទឹកទន្លេ​មេគង្គ​កាន់តែ​រាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ជលផល​បាន បង្កើន​ការ​ការពារ​ធនធាន​ជលផល​យ៉ាងតឹងរ៉ឹង និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​វា​រី​វប្បកម្ម គឺ​ការ​ចិញ្ចឹម​ត្រី​តាម​ស្រះ​និង​តាម​ស្រែ ឬ​តាម​មធ្យោបាយ​ផ្សេង​ៗ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ផ្គត់ផ្គង់​ផល​ត្រី​ដែល​អាច​ខ្វះខាត ចំពោះ​តម្រូវការ​របស់​ប្រជាជន ដែល​បណ្ដាលមក​ពី​កម្រិត​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ កំពុង​តែមាន​កម្រិត​ទាប​និង​អាច​ធ្វើ​ឱ្យ​ផល​ត្រី​ទឹកសាប​ថយ​ចុះ ក្នុង​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ នៅ​រដូវ​នេសាទ​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ មន្ដ្រី​ជលផល​បាន បង្កើន​ការ​ការពារ​ធនធាន​ជលផល​យ៉ាងតឹងរ៉ឹង និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​វា​រី​វប្បកម្ម គឺ​ការ​ចិញ្ចឹម​ត្រី​តាម​ស្រះ​និង​តាម​ស្រែ ឬ​តាម​មធ្យោបាយ​ផ្សេង​ៗ​ឱ្យ​បាន​ច្រើន ដើម្បី​ជួយ​ផ្គត់ផ្គង់​ផល​ត្រី​ដែល​អាច​ខ្វះខាត ចំពោះ​តម្រូវការ​របស់​ប្រជាជន ដែល​បណ្ដាលមក​ពី​កម្រិត​ទឹកទន្លេ​មេគង្គ​ឆ្នាំ​នេះ កំពុង​តែមាន​កម្រិត​ទាប​និង​អាច​ធ្វើ​ឱ្យ​ផល​ត្រី​ទឹកសាប​ថយ​ចុះ ក្នុង​កម្រិត​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ នៅ​រដូវ​នេសាទ​ខាង​មុខ​នេះ​​ ។
តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី ២៦ ខែកុម្ភៈ របស់​គណៈកម្មការ​ទន្លេមេគង្គ ដែល​មាន​ទីស្នាក់ការ​បច្ចុប្បន្ន​នៅ​ប្រទេសឡាវ​នោះ​បានឱ្យ​ដឹង​ថា កំពស់​ទឹកទន្លេ​មេគង្គ ទាប​ជាង​ធម្មតា បើ​ប្រៀបធៀប​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន គឺ​កំពស់​ទឹក​ទាប​ជាង​ពាក់កណ្ដាល ។

បើ​តាម​កម្រិត​ទឹក​នៅ​ស្ថានីយ​ស្ទង់ទឹក ទន្លេចតុមុខ​កាលពី​ខែកក្កដា ឆ្នាំ​២០០៩ មានកំពស់​ជិត​៦​ម៉ែត្រ ប៉ុន្ដែ​ក្នុង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០១០​នេះ ទឹក​មានកំ​ពស់​តែ​២,៨០ ម៉ែត្រ​ប៉ុណ្ណោះ ។ លោក​ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែកក្កដា​ថា មន្ដ្រី​រដ្ឋបាល​ជលផល​កំពុង​តែ​អនុវត្ដ​យ៉ាង​ម៉ត់ចត់ តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ចង្អុលបង្ហាញ​ធ្វើ​ឱ្យ​មានការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ផ្សេង​ៗ​បាន​រហូតដល់​ជាង​៩៥% ។ លោក​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា ដើម្បីបង្កើន​ផល​ត្រី រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មាន ការ​ការពារ​ធនធាន​ជលផល ការ​រៀបចំ​អភិរក្ស​នៅ​កន្លែង​នេសាទ​សហគមន៍ ការ​រៀបចំស្រះ​ជំរក​ត្រី​របស់​សហគមន៍ កន្លែង​វាលស្រែ ហើយ​មាន​គោលការណ៍​ក្នុង​មួយ​ឃុំ​មួយកន្លែង ប៉ុន្ដែ​ឥឡូវ​រៀបចំ​បាន​ចំនួន​៣៤៨កន្លែង​ហើយ។

ជាមួយ​នេះ​ជំរុញ​ឱ្យ​លែង​កូនត្រី​ឱ្យ​បាន​ច្រើន​ក្នុង​ពិធី​ស្មារតី​ទិវា​មច្ឆជាតិ​១ កក្កដា ឱ្យ​បាន​គ្រប់​សង្កាត់ គ្រប់​ខេត្ដ ក្រុង ទូ​ទាំង​ប្រទេស ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ធ្វើ​បានជា​មធ្យម​២០០​កន្លែង និង​ជា​ពិសេស​ជំរុញ​ឱ្យប្រជាពលរដ្ឋ​ធ្វើ​វារីវប្បកម្ម​គឺ​ការ​ចិញ្ចឹម​ត្រី តាម​ទន្លេ តាម​អាង​ធារាសាស្ដ្រ និង​តាម​ស្រះ ជាដើម ។ ម្យ៉ាងទៀត ខាង​មន្ដ្រី​ជលផល​នឹង គ្រោង​ភ្ញាស់​កូន​ត្រី​ចំនួន​១.០០០.០០០(​មួយ​លាន​)​ក្បាល​ទៀត ។ ទាក់ទង​បញ្ហា​ខាងលើថ្មី​ៗ​នេះ សម្ដេច តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ក៏​បាន​ចេញ បញ្ជា​ឱ្យ​បំផ្លាញ​អាង​ស្ដុក​ទឹក​មួយ​ចំនួន​នៅ តាម​អាង​ទន្លេសាប ដែល​អាច​ប៉ះពាល់​ដល់ កន្លែង​ត្រី​សំរាប់​ពង​និង​កូន​ផង​ដែរ​​ ។ លោក​ណៅ ធួ​ក បាន​មាន​ប្រសាសន៍ បន្ថែម​ទៀត​ថា ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋចិញ្ចឹម​ត្រី​នេះ​ផង​ដែរ រដ្ឋាភិបាល​បាន​បង្រៀន ពី​របៀប​ភ្ញាស់​កូន​ត្រី របៀប​ប​រៀបចំ​ស្រះ របៀប​ថែរក្សា និង​បំប៉ន​កូន​ត្រី ថែម​ទាំងផ្ដល់​ឯកសារ​ផ្សេង​ៗ​សំរាប់​ណែនាំ​ក្នុង​ការចិញ្ចឹម​ត្រី អន្ទង់ និង​បង្កង​ទៀត​ផង ។

លោក​ប៊ុត ឈឹ​ម កសិករ​ចិញ្ចឹម​ត្រី និងភ្ញាស់​ត្រី​នៅ​ភូមិ​សំរោង​ជ្រៃ ឃុំ​តាំង​ដូង ស្រុកបាទី ខេត្ដតាកែវ បាន​និយាយ​ថា លោក​បាន ចិញ្ចឹម​ត្រី​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ ដោយមានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងកសិកម្ម ដែល​បាន​ផ្ដល់​ជា​កូន​ត្រី​ដល់​គាត់​ចំនួន​២០០០  ក្បាល ថ្នាំ​សំរាប់​ចាក់​ការពារ​កូន​ត្រី និងបង្ហាត់បង្រៀន​ពី​បច្ចេកទេស​ចិញ្ចឹម​ល្អ​ៗ​ដល់គាត់​ទៀត​ផង ។ លោក​ប៊ុត ឈឹ​ម បាន​បន្ដ​ទៀត​ថា ការចិញ្ចឹម​ត្រី​របស់​គាត់​មាន​ជា​ច្រើន​ប្រភេទ​ដូចជា ត្រី​ឡាប​យ៉ា​, ឆ្ពិន​, កាប​សាម​ញ្ញ​,​ កាប​ស និង​ត្រី​កាប​ឥណ្ឌា​ជាដើម ។ ការ​ចិញ្ចឹម​នេះ សព្វថ្ងៃ​កំពុង​តែ​ទទួល​បាន​ជោគជ័យ​ដែល ក្នុង​មួយ​ឆ្នាំ​ៗ​គាត់​លក់​បាន​រាប់​ម៉ឺន​ក្បាល ដោយឡែក​ក្នុងឆ្នាំនេះ​គាត់​កត់សំគាល់​ឃើញថា ប្រជាពលរដ្ឋ​បាន​មក​ទិញ​កូន​ត្រី​ច្រើន​ជាងឆ្នាំ​មុន បើ​ប្រៀបធៀប​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០១០​នេះ ។

លោក​ក៏​បាន​បញ្ជាក់​ដូច្នេះ​ថា “​ការ​ចិញ្ចឹមត្រី​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​គ្រួសារខ្ញុំ ហើយ​វា​មិន​ត្រឹមតែ​បាន​ត្រី​សំរាប់​បរិភោគ ទេ ថែម​ទាំង​ឱ្យ​ខ្ញុំ​រក​ប្រាក់​ចំណូល​បាន​ច្រើនក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​” ។ ទោះជា​យ៉ាងនេះ​ក្ដី មន្ដ្រីរាជការ និងសង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​បង្ហាញ​ថា ការបង្កើន​អាជីវកម្ម​ចិញ្ចឹម​ត្រី​ក្នុង​រយៈពេល​នេះ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​ចំពោះ​តម្រូវការ ទីផ្សារ​នោះ​ទេ ពីព្រោះ​កាលពី​ឆ្នាំ​កន្លង​ទៅ កម្ពុជា​ប្រមូល​ផល​ត្រី​ទាំង​ទឹកសាប​និង ទឹកប្រៃ​បាន​ប្រហែល​ជាង​៥១៥​ពាន់​តោន​ ៕