ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នក​ចូល​ធ្វើការ​ថ្ងៃ​ទី​មួយ​ត្រូវធ្វើ​អ្វីខ្លះ?

4 ឆ្នាំ មុន

អត្ថបទ​នេះ​មិន​ត្រឹមតែ​សម្រាប់​អ្នក​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ឬ​កំពុង​បន្ត​ការ​សិក្សា និង​ចាប់ផ្តើម​ការងារ​ដំបូង​របស់​ពួក​គេ​ទេ តែ​វា​ក៏​សម្រាប់​អ្នក​ដែល​បាន​ប្តូរ​ការងារ​ទៅ​កន្លែង​ថ្មី​ផង​ដែរ ។ ថ្ងៃ​ទី​មួយ​នៅ​ស្ថាប័ន​ការងារ​ថ្មី​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត ព្រោះ​វា​ជា​ឱកាស​ដំបូង​ក្នុង​ការ​បង្កើត​រូបភាព​ដ៏​ល្អ​មួយ​សម្រាប់​អ្នក ។ ប្រសិនបើ​អ្នក​ដទៃ​មើល​មក​អ្នក​ក្នុង​ផ្លូវ​ល្អ​ទាំង​ពី​ថ្ងៃ​ដំបូង​ហើយ អ្នក​មិន​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​លេចធ្លោ…

អត្ថបទ​នេះ​មិន​ត្រឹមតែ​សម្រាប់​អ្នក​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ឬ​កំពុង​បន្ត​ការ​សិក្សា និង​ចាប់ផ្តើម​ការងារ​ដំបូង​របស់​ពួក​គេ​ទេ តែ​វា​ក៏​សម្រាប់​អ្នក​ដែល​បាន​ប្តូរ​ការងារ​ទៅ​កន្លែង​ថ្មី​ផង​ដែរ ។ ថ្ងៃ​ទី​មួយ​នៅ​ស្ថាប័ន​ការងារ​ថ្មី​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត ព្រោះ​វា​ជា​ឱកាស​ដំបូង​ក្នុង​ការ​បង្កើត​រូបភាព​ដ៏​ល្អ​មួយ​សម្រាប់​អ្នក ។ ប្រសិនបើ​អ្នក​ដទៃ​មើល​មក​អ្នក​ក្នុង​ផ្លូវ​ល្អ​ទាំង​ពី​ថ្ងៃ​ដំបូង​ហើយ អ្នក​មិន​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​លេចធ្លោ និង​ជោគជ័យ​ក្នុង​ការងារ​នៅ​ថ្ងៃ​មុខ​ប៉ុន្មាន​ទេ ។ ខាងក្រោម គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មក​អ្នក​ក្នុង​ផ្លូវ​ល្អ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ការងារ​ថ្មី ៖

១. រៀបចំ​សម្លៀក​បំពាក់​ឲ្យ​បាន​ស្អាតបាត
បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​ការងារ អ្នក​គួរតែ​រៀបចំ​សម្លៀក​បំពាក់​ឲ្យ​ដូច​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ការងារ​របស់​ពួក​គេ​។ បើ​អ្នក​មិនដឹង​ពី​សម្លៀក​បំពាក់​ដែល​បុគ្គលិក​ដទៃ​ស្លៀក​នៅ​កន្លែងធ្វើការ​ថ្មី​ទេ​នោះ អ្នក​អាច​ជ្រើសរើស​សម្លៀក​បំពាក់​បែប Smart Casual ដែល​សាក​សម​នឹង​ការងារ​ក្នុង​ការិយាល័យ​បាន​។

២. កុំ​ទាន់​យក​អាហារ​ថ្ងៃត្រង់​ពី​ផ្ទះ​ទៅ
ការ​យក​អាហារ​ថ្ងៃត្រង់​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិ​ភាព​មួយ​ប្រសិនបើ​អ្នក​ចង់​សន្សំ​ថវិកា ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ថ្ងៃ​ដំបូង​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ទុក​ថ្ងៃ​តំបូង​សម្រាប់​ការ​យល់​ដឹង​ពី​មិត្ត​រួមការ​ងារ​ដទៃ​ថា​ពួក​គេ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដោយ​បែប​ណា​។ ណាមួយ​មិ​ញ ពេល​ខ្លះ​ខាង​ស្ថាប័ន​ថ្មី​មិន​ទាន់​បាន​រៀបចំ​តុ​ឬ​ការិយាល័យ​សម្រាប់​អ្នក​ទេ​ដូច្នេះ​បើ​អ្នក​យក​អាហារ​ថ្ងៃត្រង់​ទៅ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​អ្នក​ទៅ​វិញ​។

៣. ចង​ចាំ​ថា​ស្ថាប័ន​ការងារ​អ្នក​ក៏​ត្រូវការ​អ្នក​ដែរ
វា​មិន​មាន​អ្វី​ចម្លែក​ទេ​ដែល​មនុស្ស​ភ័យ​ខ្លាច​ឬ​បារម្ភ​ច្រើន​ពេល​ដែល​ចូល​ធ្វើការ​ក្នុង​កន្លែង​ថ្មី​មួយ តែ​អ្នក​គួរតែ​ឧស្សាហ៍​រំលឹក​ខ្លួន​ថា ស្ថាប័ន​អ្នក​ជ្រើសរើស​អ្នក​ព្រោៈ​ពួក​គេ​ជឿ​ទុកចិត្ត​អ្នក ហើយ​ពួក​គេ​ក៏​ត្រូវការ​អ្នក​ដែរ​។

៤. ស្តាប់​អ្នក​ដទៃ​តែ​កុំ​ជឿជាក់​ពួក​គេ​ទាំងស្រុង
មិត្ត​រួមការ​ងារ​ដែល​ណែនាំ​អ្នក​នៅ​កន្លែង​ការងារ​ថ្មី​អាច​នឹង​បង្រៀន​អ្នក​នូវ​របៀបរបប​ជា​ច្រើន​ក្នុង​ស្ថាប័ន​ថ្មី តែ​ពេល​ខ្លះ​ពួក​គេ​ក៏​លួច​បញ្ចូល​ប្រាប់​អ្នក​ពី​ទស្សនៈ​របស់​ពួក​គេ​ពី​អ្វីមួយ​ដែរ​ដូច​ជា​ចៅហ្វាយ​អ្នក ឬ​ស្ថាប័ន​អ្នក​ទាំងមូល​ជាដើម​។ អ្នក​អាច​ស្តាប់​ពួក​គេ​បាន​តែ​កុំ​ជឿជាក់​តាម​សម្តី​ពួក​គេ​ទាំងស្រុង​។ ផ្ទុយ​មក​វិញ អ្នក​គួរ​ទុក​ឱកាស​ឲ្យ​ខ្លួនឯង​មើលឃើញ​ឲ្យ​បាន​ជាក់ស្តែង​ជា​មុន​សិន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ