ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា នៅ​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ភ្នំ​ដា

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីតាំង​បុរាណ​ដ្ឋា​ន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ភ្នំ​ដា ស្ថិត​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ត្រូវ​បាន​ក្រសួងទេសចរណ៍​ជ្រើសរើស ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០២០…

ខេត្តតាកែវ ៖ ទីតាំង​បុរាណ​ដ្ឋា​ន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ភ្នំ​ដា ស្ថិត​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ត្រូវ​បាន​ក្រសួងទេសចរណ៍​ជ្រើសរើស ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី​៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មានការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ » ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ជំទាវ ញ៉ឹ​ក ស៊ី​ម​ថោ​ង ខុន ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងទេសចរណ៍ និង​លោក​ជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ និង​ជា​ប្រធាន​សមាគមនារី​ក្រសួងទេសចរណ៍​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​នារី​របស់​ក្រសួង​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​អាជ្ញាធរ កងកម្លាំង តាជី យាយជី សរុប​ជាង​៣០០​នាក់ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល លោក​ជំទាវ​រដ្ឋលេខាធិការ ហ៊ុន ដា​នី បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ក្រសួង​បាន​ជ្រើសរើស​ទី​រមណីយដ្ឋាន​នេះ ដើម្បី​ប្រារព្ធ​ពិធី ៖ ទី​១- គឺ​ដើម្បី «​អរគុណ​ដល់​សន្តិភាព​» និង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​គំនរ​ផេះ​ផង់​បែកបាក់​ជាតិ ជា​ប្រទេស​ដែល​មាន​សន្តិភាព​សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​កំពុង​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ព្រមទាំង​ចូលរួម​ដោយ​សេរីភាព និង​ស្មើ​សិ​ទិ្ធ​ជាមួយ​បណ្តា​ប្រទេស​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក ជា​ពិសេស​សមភាព​យេ​ន​ឌ័​រ​ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ប្រកបដោយ​លទ្ធផល​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់ ។

ទី​២- យក​ឱកាស​នេះ​ផង ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា (Study Tour) ស្វែង​យល់​ពី​តំបន់​ប្រវត្តិសាស្ត្រ -​វប្បធម៌ ដែល​ជាដើម​កំណើត​ដំបូង​បង្អស់​នៃ​អរិយធម៌​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ។ ត្រង់នេះ​លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា អាណាចក្រ​ភ្នំ​ជា​សង្គម «​មេ​និយម​» ដែល​ចាត់​ទុក​ស្ត្រី​ជា​ធំ​ទាំង​ក្នុង​គ្រួសារ និង​ក្នុង​សង្គម​ជាតិ ។ ដូច្នេះ​ទិវា​នៃ​នារី​យើង​ក៏​ចង់​ផ្សារ​ភ្ជាប់ និង​រំលឹក​ដល់​វីរភាព​របស់​បឋម​ក្ស​ត្រី​ខ្មែរ​ព្រះ​នាង លីវ យី ឬ​ព្រះ​នាងនាគ​ផង​ដែរ ។ ទី​៣- ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​សកម្ម​ផុលផុស​ឡើងជា​ការ​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ស្រប​តាម​ឆន្ទ​: និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បង្វែរ​ទិស​ដៅ​ដើរ​លេង​កម្សាន្ត​ក្នុង​ប្រទេស​ជា​ជាង​ការ​ចេញ​ទៅ​ទេសចរណ៍​នៅ​ក្រៅប្រទេស ។

ទី​៤- ចូលរួម​បង្កើត​ឱកាស​ការងារ និង​រក​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ ទី​៥- បង្កើន​ការ​រិ​ត​ចំណង​សាមគ្គីភាព មិត្តភាព និង​ភាតរភាព រវាង​មន្ត្រី​នារី​គ្រប់​លំដាប់ថ្នាក់ ទាំង​ថ្នាក់​ក្រសួង រាជធានី​-​ខេត្ត ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​សំដៅ​ចេះ​ជួយ​គ្នា និង​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា បើ​ទោះបី​ថ្ងៃនេះ​យើង​រំលឹក​ដល់​សិទ្ធិ​របស់​នារី តែ​យើង​ក៏​ស្វាគមន៍​ផង​ដែរ ការ​ចូលរួម​របស់​បុរស ។ សមភាព​យេ​ន​ឌ័​រ គឺជា​កត្តា​ចម្បង​ក្នុង​ការ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព និង​កិច្ច​អភិវឌ្ឍន៍ ។ ស្រី គឺជា​តួអង្គ​រួមចំណែក​ដ៏​សំខាន់ និង​ចាំបាច់​ក្នុង​ការ​ធានា​បាន​នូវ​ប្រសិទ្ធភាព បរិ​យា​ប័ន្ន និង​និរន្ត​ភាព​យូរអង្វែង​នៃ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ