រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបាននិងកំពុងត្រៀមរៀបចំខ្សែរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរឲ្យបាន៤ខ្សែ សម្រាប់ទិសដៅឆ្នាំ២០១៤ និងបន្ថែមឲ្យបាន១៨ខ្សែ ឬស្ទើរទូទាំងរាជធានីភ្នំពេញតែម្តងនៅឆ្នាំខាងមុខៗទៀត ។ សម្រាប់ខែកញ្ញា ២០១៤ សាលារាជធានីភ្នំពេញ បានរៀបចំខ្សែរថយន្តក្រុងចំនួន៣ខ្សែឱ្យដំណើរការសិន បន្ទាប់ពីរថយន្តក្រុងថ្មីចំនួន៤០គ្រឿងត្រូវបានសាលារាជធានីភ្នំពេញទិញ និងយកមកពីប្រទេសកូរ៉េខាងត្បូងដល់ភ្នំពេញហើយនោះ ។
ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១ កញ្ញា ២០១៤ សាលារាជធានីភ្នំពេញ បានបើកឲ្យដំណើរការខ្សែរថយន្តក្រុងទី១ ដឹកអ្នកដំណើរចាប់ផ្តើមពីគីឡូម៉ែត្រលេខ៩ ឫស្សីកែវ ដល់បឹងឈូកផ្លូវជាតិលេខ១ ជាផ្លូវការហើយ ហើយអ្វីដែលជាការប្តេជ្ញាចិត្តរបស់សាលារាជធានីភ្នំពេញថា ទោះត្រូវចំណាយក្នុងរូបភាពណាក៏ដោយ ឬនិយាយបានថា ទោះត្រូវខាតឬចំណេញយ៉ាងម៉េចក៏ដោយ សាលារាជធានីភ្នំពេញមិនខ្វល់ទេ។ គោលបំណងតែមួយគត់គឺធ្វើយ៉ាងណាអនុវត្តផែនការខាងលើនេះឲ្យបានសម្រេច ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១ កញ្ញា ឆ្នាំ២០១៤ ដែលមានបោះត្រាសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីបន្តនិរន្តរភាពនៃការបម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ តាមបណ្តោយខ្សែរត់ និងកាលបរិច្ឆេទដូចខាងក្រោម ៖
១-ខ្សែរត់ទី១ ចាប់ផ្តើមនៅថ្ងៃទី១ កញ្ញា ២០១៤ ពីម៉ោង៥និង៣០នាទីព្រឹកដល់ម៉ោង៨និង៣០នាទីយប់ ដោយចេញដំណើរពីចំណត គីឡូម៉ែត្រលេខ៩ ឫស្សីកែវ តាមផ្លូវជាតិលេខ៥ រង្វង់មូលស្តាតចាស់ មហាវិថីព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ឆ្ពោះទៅផ្លូវជាតិលេខ១ រហូតដល់ចំណតបឹងឈូក រួចត្រឡប់មកវិញ ហើយខ្សែទី១នេះ មានចំណត៦៧កន្លែង ។ ២-ខ្សែទី២ ចាប់ផ្តើមនៅថ្ងៃទី៧ កញ្ញា ២០១៤ ពីម៉ោង៥និង៣០នាទីព្រឹកដល់ម៉ោង៨និង៣០នាទីយប់ ដោយចេញដំណើរពីចំណតផ្សាររាត្រី វិថីព្រះស៊ីសុវត្ថិ ស្ពានជ្រោយចង្វា រង្វង់មូលស្តាសចាស់ ផ្លូវលេខ៧០ ផ្លូវ២៧៣ អង់តែនទួលគោក មហាវិថីគីមអីុលស៊ុង មហាវិថីម៉ៅសេទុង ភ្លើងស្តុបបូកគោ មហាវិថីព្រះមុនីវង្សឆ្ពោះទៅផ្លូវជាតិលេខ២ រហូតដល់រង្វង់មូលតាខ្មៅ រួចត្រឡប់មកវិញ ហើយខ្សែនេះមានចំណតចំនួន៦៨កន្លែង ។
៣-ខ្សែទី៣ ចាប់ផ្តើមនៅថ្ងៃទី១៥ កញ្ញា ២០១៤ ពីម៉ោង៥និង៣០នាទីព្រឹកដល់ម៉ោង៨ និង៣០នាទីយប់ដូចគ្នា ដោយចេញដំណើរពីចំណតផ្សាររាត្រី ផ្លូវលេខ១០៦ វិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្ស៊ី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ចោមចៅ រួចត្រឡប់មកវិញ ដែលខ្សែទី៣នេះ មានចំណតចំនួន៤៩កន្លែង ។ ចុងក្រោយនៃសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ទទួលបានសេចក្តីជូនដំណឹងនេះសូមសាធារណជនមេតា្តជ្រាប និងចូលរួមធ្វើដំណើរឲ្យបានច្រើនកុះករ តាមរថយន្តក្រុងរបស់លោកអ្នកប្រកបដោយផាសុកភាព និងសុវត្ថិភាព ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរំលឹកឲ្យដឹងថា កាលពីជំហានទី១ ដោយមានកិច្ចសហប្រតិបត្តការពីអង្គការJICA និងក្រុមហ៊ុនឯកជន សាលារាជធានីភ្នំពេញបើកឲ្យដំណើរការខ្សែរថយន្តក្រុងរត់តាមបណ្តោយមហាវិថីព្រះមុនីវង្សពីរង្វង់មូលគល់ស្ពានជ្រោយចង្វាដល់ផ្សារច្បារអំពៅដែលមានរថយន្តចំនួន១០គ្រឿង ។ ជាលទ្ធផលរហូតមកដល់ពេលនេះ យើងមានអ្នកដំណើរជិះមានចន្លោះចាប់ពី៣ទៅ៤ម៉ឺននាក់ក្នុងមួយខែ ហើយអាចនឹងកើនឡើងនៅក្នុងខែខាងមុខនេះ ។ នៅពេលនេះសាលារាជធានីភ្នំពេញបានធ្វើម្ចាស់ការខ្លួនឯង ដែលយើងបានទិញរថយន្តបាន៤០គ្រឿងបូកទាំងរថយន្តមានស្រាប់៣គ្រឿងទៀត សរុប៤៣គ្រឿងហើយ ។ នៅពេលខាងមុខនេះ សាលារាជធានីភ្នំពេញ បានបន្ថែមខ្សែរត់ឲ្យបានធំជាងមុនដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងផ្សែងពុលក្នុងរាជធានីភ្នំពេញឲ្យបានកាន់តែល្អប្រសើរ។
ចំពោះខ្សែរត់ទាំង៣ខាងលើនេះយើងត្រូវមានរថយន្ត៤៣គ្រឿងទើបអាចគ្រប់គ្រាន់ ប៉ុន្តែយើងត្រូវមានទីស្នាក់ការ និងកន្លែងឈប់ចត លាង និងជួសជុលរថយន្តឲ្យបានត្រឹមត្រូវសិន។ ចំពោះពេលវេលានៃការបម្រើសេវាដឹកជញ្ជូនមានរយៈពេល១៦ម៉ោងក្នុង១ថ្ងៃៗនិងមានតម្លៃសំបុត្រមួយ១.៥០០រៀល សម្រាប់ម្នាក់» ៕
ចែករំលែកព័តមាននេះ