រាជធានីភ្នំពេញ ៖ កម្មវិធីប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅលើសង្វៀនស៊ីអិនស៊ី រដូវកាលទី៣ វគ្គ២ចាប់ផ្ដើមប្រកួតជាផ្លូវការនៅថ្ងៃសៅរ៍ទី៧ មីនាឆ្នាំ២០២០ ។ សម្រាប់សមាសភាពចូលរួមប្រកួតនៅថ្ងៃនោះមានកីឡាករ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ជួបជាមួយកីឡាករថៃ ភីផូស៊ី សំបួនផានិត និងកីឡាករ ឃឹម បូរ៉ាមកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប្រកួតជាមួយកីឡាករថៃ ខឹកខាត់ ពៀកខាឃែរ។
គួររំលឹកថា កម្មវិធីប្រកួតប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»រដូវកាលទី៣វគ្គទី១ទើបតែបានបញ្ចប់ទៅកាលពីពីរសប្ដាហ៍មុននេះ ហើយសម្រាប់អ្នកឈ្នះលេខ១បានទៅលើកីឡាករ តាញ់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ សម្រាប់ការប្រកួតលើកនេះគេកំពុងតែរង់ចាំមើលថាតើកីឡាករកម្ពុជាឬកីឡាករថៃដែលមានសំណាងឈ្នះលេខ១ដើម្បីឡើងទៅជួបប្រកួតជាមួយ តាញ់ មករា ដណ្ដើមយកប្រាក់រង្វាន់ធំរហូតដល់ទៅ៦ពាន់ដុល្លារអាមេរិក។
កីឡាករកម្ពុជានិងកីឡាករថៃទាំងពីរគូនេះមិនធ្លាប់ជួបគ្នាពីមុនមកទេ ។ ដូច្នេះគេពិបាកប៉ាន់ស្មានលទ្ធផលចុងក្រោយមិនដឹងថានរណាមានសំណាងឆ្លងផុតពីវគ្គជម្រុះលើកនេះទេ ។
ចំណែកគូប្រកួតមិត្តភាពវិញកីឡាករ នី សុភី មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាថៃផ្លាំងនុម ប៉.យុទ្ធភូមិ និងកីឡាករ ផាន់ សុផាត មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករ សេក ចាន់នី មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ