ខេត្តសៀមរាប៖ ដោយសារវិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិជំងឺ Covid-19 នោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសលើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែដោយរដ្ឋនឹងទទួលបន្ទុកពន្ធជំនួសនោះ តែទោះជាយ៉ាងនេះក្តីក៏ម្ចាស់អាជីវកម្មខាងលើនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០ ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ បាននិយាយកាលពីថ្ងៃទី ០២ ខែមិនា នៅក្រុងសៀមរាបក្នុងឱកាសបើកដំណើរការអង្គសិក្ខាសាលាស្តីពី«វិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់ លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ» ព្រមទាំងផ្សព្វផ្សាយអំពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ និងវិធានវិក្កយបត្រទម្រង់ថ្មី របស់អគ្គនាយកដ្ឋានពន្ធដារ» ការបំពេញកាតព្វកិច្ចរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ លើការដាក់លិខិតប្រកាសពន្ធ គឺជាវិធានការប្រមូលទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលជាសេនាធិ ការជំនាញរបស់រដ្ឋ ក្នុងការលើកបង្ហាញឲ្យដឹងថា តើរដ្ឋត្រូវបានចំណាយថវិកាក្នុងទំហំប៉ុនណា លើការលើកលែងពន្ធរយៈ ពេល៤ខែនេះ។
លោកបានបន្តថា «ការលើកលែងពន្ធនេះ ជាគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការជួយឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបបន្តនិរន្តរភាពរបស់ខ្លួន និងជាឱកាសនៃការដាក់ចេញតម្លៃសេវាកម្មទាក់ទាញភ្ញៀវទេសចរផងដែរ។ អគ្គនាយកដ្ឋានពន្ធដារពុំមានការធ្វើសវនកម្មពេញលេញនោះទេ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០នេះ ហើយ ជាមួយនឹងការមិនធ្វើសវនកម្មនេះ សូមឲ្យវិស័យឯកជនដែលជាអ្នកជាប់ពន្ធប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នាដើម្បីកំណើនសេដ្ឋកិច្ចជាតិ» ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឲ្យដឹងផងដែរថា «ការមិនយកពន្ធនេះ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជម្ងឺឆ្លង Covid-19 ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ បើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ខាគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក» ។
លោកបានបន្តថាវីរុស COVID-19 មិនត្រឹមតែធ្វើឲ្យពិភពលោករងផលប៉ះពាល់សឹងគ្រប់វិស័យនោះទេ ក្នុងនោះប្រទេសកម្ពុជាយើងក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ជាពិសេសលើវិស័យទេសចរណ៍តែម្តង បើទោះបីជាកម្ពុជាមិនទាន់មានករណីឆ្លងវីរុសដ៏កាចសាហាវនេះក្តី ក៏គ្រប់ស្ថាប័ននិងប្រជាពលរដ្ឋទាំងអស់ត្រូវមានវិធានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីនេះដែរ ។ ការរីករាលដាលនៃជំងឺរលាកសួតថ្មីបង្កឡើងដោយ COVID-19 នេះធ្វើឲ្យវិស័យទេសចរណ៍និងវិស័យអចលទ្រព្យរបស់កម្ពុជា ក៏បានជួបប្រទះនូវបញ្ហាជាច្រើន ហើយចំនួនភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងគំហុកគួរឲ្យកត់សំគាល់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ទៀ សីហា បានសំណូមពរដល់ម្ចាស់សណ្ឋាគារ និង ផ្ទះសំណាក់ទាំងអស់ចូលរួមចំណែកក្នុងការទាក់ ទាញភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប ដោយរក្សាឲ្យបាននូវ «គុណភាពនៃសេវាកម្ម និងតម្លៃជូនភ្ញៀវទេសចរ ដែលអញ្ជើញមកស្នាក់នៅ និងមកលំហែកម្សាន្ត» ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង អ្នកពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០២០ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងឈានមកក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ។
ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានឲ្យដឹងផងដែរថាក្រៅពីវិធានការណ៍លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់រយៈពេល ៤ ខែនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការណ៍សំខាន់ៗផ្សេងៗទៀត ដូចជា៖ ១- បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។ ២- រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា។
៣ – ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។ចំណុចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត អោយ មគ្គុទេសក៍ ទេសចរណ៍ យើងចូលរួម ឧទ្ទសនាមដល់ក្រុមភ្ញៀវទេសចរ ក្នុងស្រុក អោយបានល្អ ដែលការងារនេះមគ្គុទេសក៏ ទេសចរយើង នឹងទទួលបានកម្រៃសមរម្យផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ