ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណ:ពេលកំពុងដោះដូរគ្រឿងញៀនជាក់ ស្ដែង កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី០៤ មីនា ស្ថិតនៅចំណុចភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ។
លោកសុខ និមល នាយការិយាល័យប្រឆាំងគ្រឿងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ឹម ចាន់ ហៅ កឺ អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជននេះ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការស្រុលបាណន់ ឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅចំណុចខាងលើ។ លោកបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញបានដកហូតថ្នាំញៀនពីជនសង្ស័យរូបនេះបានចំនួន១ថង់ រួមនិងវត្ថុតាងមួយចំនួនទៀតដែលជននេះរក្សាទុកជាប់ខ្លួន។
បើតាមរបាយការណ៍វត្ថុតាងដែលបានដកហូតរួមមាន ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១ថង់ មានទម្ងន់១៤.២០ក្រាម, ម៉ូតូ០១គ្រឿងម៉ាក QBIX ពណ៌ទឹកប៊ិច គ្មានស្លាកលេខ រួមនិងវត្ថុតាងមួយចំនួនទៀត ។ នៅចំពោះមុខ ជននេះបានផ្ដល់ចម្លើយបឋមប្រាប់សមត្ថកិច្ចថា ថ្នាំញៀននិងវត្ថុតាងទាំងនោះពិតជារបស់ខ្លួនមែន។ ទោះយ៉ាងណា ពេលនេះ មន្ត្រីការិយាល័យជំនាញ កំពុងសាកសួរជនសង្ស័យបន្ថែម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕
ចែករំលែកព័តមាននេះ