ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរ​សំរាម​រាយ​ប៉ាយ​ក្បែរ​ផ្លូវលំ​​ជះក្លិន​អា​សោចិ៍​បង្កផលប៉ះពាល់​ដល់​អ្នកដំណើរ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សំរាម​ជា​ច្រើន​កា​រ៉ុ​ង ដែល​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​ក្បែរ​ចិញ្ចើម​ផ្លូវលំ បាន​បង្ក​ជា​ក្លិនស្អុយ​អា​សោចិ៍​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​អ្នកបើកបរ​ម៉ូតូ​ចេញចូល​ទៅ​មក​ក្នុង​ក្រុងប៉ៃលិន ។ ជាក់ស្តែង គេ​ឃើញ​មាន​គំនរ​សំរាម​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ សំរាម​ជា​ច្រើន​កា​រ៉ុ​ង ដែល​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​ក្បែរ​ចិញ្ចើម​ផ្លូវលំ បាន​បង្ក​ជា​ក្លិនស្អុយ​អា​សោចិ៍​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​អ្នកបើកបរ​ម៉ូតូ​ចេញចូល​ទៅ​មក​ក្នុង​ក្រុងប៉ៃលិន ។

ជាក់ស្តែង គេ​ឃើញ​មាន​គំនរ​សំរាម​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ខាងជើង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ សរ សា​រឿ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​គេ​បោះចោល​សម្រាម​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ពេល​មាន​ខ្យល់​បក់​បោក​មក​ពី​ទិស​ខាងលិច​ម្តង​ៗ ធ្វើ​ឱ្យ​ពួក​គាត់​ដែល​មានផ្ទះ​នៅ​ក្បែរ​នោះ ពិតជា​មានការ​ពិ​បាក​ទ្រាំ​ខ្លាំង​ណាស់ ដោយសារ​ក្លិនស្អុយ​អា​សោចិ៍ ស្ទើរ​ចង់​ក្អួត​ម្តង​ៗ ។ គាត់​បន្ត​ទៀត​ថា សំរាម​ដែល​គេ​ដឹក​យក​ទៅ​បោះចោល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវលំ និង​ក្បែរ​ផ្ទះ​របស់​គាត់​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ រួម​មាន​ដូច​ជា កម្ទេចកម្ទី​បន្លែ កាក​សំណល់​ផ្ទះបាយ សំបក​ពងមាន់ ពង​ទា ឆ្អឹង​គោ ឆ្អឹង​ជ្រូក ក្បាល​ត្រី ស្រកាត្រី រួម​ជាមួយនឹង​កាក​សំណល់​បន្លែ​គ្រប់​ប្រភេទ​ផង​ដែរ ។

បុរស​ខាងលើ​បាន​បន្ត​ទៀត​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ដឹក​កាក​សំណល់​យក​ទៅ​ចោល​ទាំងនោះ ភាគច្រើន​គឺ​ដឹក​នៅ​ពេល​ថ្ងៃត្រង់ ស្ងាត់​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ ហើយ​ជួនកាល​ទៀត គេ​ដឹក​នៅ​ពេល​យប់​ស្ងាត់​មនុស្ស​ផង​ដែរ ។ ការ​បោះចោល​សំរាម​អនាធិបតេយ្យ​បែប​នេះ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ ដោយ​ជួនកាល​ពួក​គាត់​ពិបាក​ទ្រាំ​ខ្លាំង​ពេក ក៏​នាំ​គ្នា​យក​ភ្លើង​ទៅ​ដុត​ចោល ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ស្អុយ ព្រោះ​សំរាម​ទាំង​អស់នោះ ពិតជា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវដង្ហើម ធ្វើ​ឱ្យ​ក្អក រលាក​ផ្លូវដង្ហើម រួម​ទាំង​អ្នកបើកបរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​ស្អុយ​ក្លិន​នេះ​ផង​ដែរ ។ ពួក​គាត់​មិន​ធ្លាប់​ទៅ​ប្តឹង​ខាង​អាជ្ញាធរ​ឱ្យ​ចុះ​ទៅ​ពិនិត្យ​នោះ​ឡើយ ព្រោះ​ពី​មុន​ធ្លាប់​ប្តឹង​ដែរ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិ​ភាព និង​គ្មាន​វិធានការ​ចំពោះ​ជនខិលខូច​ទាំងនោះ​ឡើយ ។

ចំណែក​អ្នក​ភូមិ​ប៉ា​ហ៊ី​ជើង​បាន​រិះគន់​ថា គួរតែ​យក​សំរាម​ទៅ​ចាក់ចោល​នៅ​កន្លែង​ណា​ដែល​គ្មាន​មនុស្ស​រស់នៅ ឬ​ទីលាន​ចាក់សំរាម ព្រោះ​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​រថយន្ត​ដឹក​សំរាម​ជា​ច្រើន​គ្រឿង គួរតែ​ជួល​ឱ្យ​គេ​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម ទើប​មិន​បង្ក​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម ។ ជា​ពិសេស ការ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ខូច​សោភ័ណ​ភាព​ក្រុង​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់​ដឹង​រឿង​នេះ​ទេ ចាំ​ប្រាប់​មន្ត្រី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​ដោះស្រាយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ