រាជធានីភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិកម្ពុជា កំពុងត្រូវបានពន្លឿនការអភិវឌ្ឍ បន្ថែមទៀត ទៅតាមផែនការដែលបានគ្រោងទុក ដោយធ្វើយ៉ាងណាដើម្បីត្រៀមទទួល កំណើនភ្ញៀវ និងកំណើនយន្តហោះ ចុះចតក្នុងអាកាសយានដ្ឋានទាំងបី ទោះបីជាបច្ចុប្បន្ន នេះមានការថមថយភ្ញៀវឆ្លងកាត់អាកាសយានដ្ឋានក្ដី ។
ជាក់ស្ដែងយោងតាមរបាយការណ៍ ចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលកាលពីចុងខែមុននេះបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុម ហ៊ុនសម្បទានអាកាសដ្ឋានកម្ពុជា កំពុងរកដំណោះស្រាយក្នុងការពន្លឿនការសាងសង់ នានា ដើម្បីពង្រីកវិសាលភាពនៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងនោះបាន ផ្ដោតទៅលើការរៀបចំស្ថានីយអ្នកដំណើរថ្មី សម្រាប់ផែនការឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដែលក្នុងផែនការនឹងអាចទទួលបានអ្នកដំណើរ ៣,៦លាននាក់ និងដំណាក់កាលទី ២ សម្រាប់ផែនការឆ្នាំ ២០៣០ ដល់ ២០៤០ ដែលអាចទទួលបានអ្នកដំណើរ ៥លាននាក់ ។
ក្នុងកិច្ចប្រជុំនោះដែរក៏បានបញ្ជាក់ថា បើសិនជាប្រទេសកម្ពុជាមានការរីកចម្រើន និងមាន អ្នកដំណើរច្រើន ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា នឹងពង្រីករហូតដល់អាច ទទួលអ្នកដំណើរ ១០លាននាក់ក្នុងមួយឆ្នាំ ។ក្រៅពីពង្រីកស្ថានីយអ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនក៏នឹងពង្រីក និងពង្រឹងផ្លូវរត់ Runway ផ្លូវរត់ចាប់ពីចម្ងាយ ២៥០០ម៉ែត្រ ទៅ ៣៣០០ម៉ែត្រ, ពង្រីក និង ពង្រឹងផ្លូវបរ Taxi ways ចម្ងាយ ៤២០ម៉ែត្រ និង សាងសង់ចំណតយន្តហោះ សម្រាប់ ដំណាក់កាលទី ១ អាចមានសមត្ថភាពចតបាន ១៣ យន្តហោះ និងដំណាក់កាលទី ២ អាចចតបាន ១៩ យន្តហោះ ។
យោងតាមលោក ស៊ីន សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានមាន ប្រសាសន៍ថា ការពង្រីកវិសាលភាពអាកាសយានដ្ឋាននេះ មិនពាក់ព័ន្ធនឹង កូវីដ ១៩ នេះ ឡើយ ទោះបីជាមាន ឬមិនមាន ទៅតាមគម្រោងនឹងត្រូវពង្រីកដើម្បីត្រៀមទទួលភ្ញៀវនៅ ពេលអនាគត ព្រោះដូចបានដឹងហើយ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា ឃើញថាមាន កំណើនជាប្រចាំ ជាពិសេសនៅខេត្តព្រះសីហនុ ។លោកបន្តថា ពេលនេះអ្នកដំណើរដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបី របស់ កម្ពុជាពិតជាបានធ្លាក់ចុះមែន ក៏ប៉ុន្តែរយៈពេល ៣ ខែទៅ ៦ ខែខាងមុខ កំណើនអ្នកធ្វើដំ ណើរតាមយន្តហោះ នឹងត្រូវកើនឡើងវិញ ហើយបើសិនជាកម្ពុជាមិនពង្រីកអាកាសយាន ដ្ឋាននោះទេ ពេលដែលស្ថានភាពជំងឺ កូវីដ ១៩ ស្ងប់ស្ងាត់នោះមិនអាចទទួលភ្ញៀវបាន ច្រើននោះទេ ។
លោកបញ្ជាក់ថា៖ «ក្នុងខែកុម្ភៈមកនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា មាន ការចុះភ្ញៀវប្រមាណ ៥២ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០១៩ ហើយបើញែកតែភ្ញៀវ ចិន គឺមានការធ្លាក់ចុះប្រមាណ ៨០ភាគរយ ។ ទោះជាយ៉ានេះក្ដី រហូតមកដល់ពេលនេះ មិនមានជើងហោះហើរទៅកាន់គោលដៅណា មួយត្រូវបានបិទនោះឡើយ តែមានការកាត់បន្ថយជើងហោះហើរនៅតាមគោលដៅ នីមួយៗ ។ សម្រាប់គោលដៅពី វូហាន គឺត្រូវបានបិទដោយសារតែព្រលានយន្តហោះនៅ វូហាន ត្រូវបានបិទទាំងស្រុង មិនដំណើរការ» ។
លោកបញ្ជាក់ទៀតថា គ្រប់អាកាសយានដ្ឋានទាំងអស់របស់កម្ពុជា គឺធ្លាក់ចុះចំនួនភ្ញៀវ ឆ្លងកាត់ទាំងអស់ គ្រាន់តែអាកាសយានដ្ឋានខ្លះ ធ្លាក់តិច អាកាសខ្លះធ្លាក់ចុះច្រើន តែមិន មែនស្ងាត់ប្លែកនោះឡើយ ។ ពីរ-បីខែទៀត ស្ថានភាពវានឹងល្អប្រសើរឡើងវិញ ហើយភ្ញៀវ ទេសចរបរទេសមកពីគ្រប់ទិសទីនឹងកើនឡើងដូចកាលពីមុនវិញ ។
គួរបញ្ជាក់ថា ក្រៅពីផែនការពង្រីកអាកាសយានដ្ឋានអន្តរជាតិដែលកំពុងដំណើរការស្រាប់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏កំពុងសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានាក្នុង ការសាងសង់ព្រលានយន្តហោះបន្ថែមទៀត ដូចជាព្រលានយន្តភ្នំពេញថ្មី ដែលជាព្រលាន យន្តហោះធំលំដាប់ពិភពលោក និងព្រលានយន្តហោះនៅខេត្តកោះកុងជាដើម ៕
ចែករំលែកព័តមាននេះ