ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ខែ​ដើមឆ្នាំ ២០២០ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​ជាង​៣០ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ ២០២០​នេះ ស្ថានភាព​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ហាក់​មាន​និន្នាការ​ថមថយ​កំណើន​ក្ដី តែ​សម្រាប់​គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ជិត​២​ខែ ដើមឆ្នាំ​នេះ​នៅ​តែ​មាន​បរិមាណ​និង​ទឹកប្រាក់​ខ្ពស់​ដដែល ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ឆ្នាំ ២០២០​នេះ ស្ថានភាព​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​ទាំងមូល ហាក់​មាន​និន្នាការ​ថមថយ​កំណើន​ក្ដី តែ​សម្រាប់​គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ជិត​២​ខែ ដើមឆ្នាំ​នេះ​នៅ​តែ​មាន​បរិមាណ​និង​ទឹកប្រាក់​ខ្ពស់​ដដែល ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC ក្នុង​ឆ្នាំ ២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ទទួល​បាន​គម្រោង​វិនិយោគ​ជាង​៣០​គម្រោង គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​វិស័យ​មួយ​ចំនួន ដូច​ជា​វិស័យ​អចលនទ្រព្យ ឧស្សាហកម្ម​កាត់ដេរ និង​វាយនភ័ណ្ឌ​ជាដើម ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០២០ កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​អោយ​ក្រុមហ៊ុន​ចំនួន​៤​បន្ថែម​ទៀត ដោយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​៨០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ភាគច្រើន​នៃ​គម្រោង​វិនិយោគ​នោះ គឺ​ផ្ដោត​លើ​ឧស្សាហកម្ម​រោងចក្រ ។

លោក​សុខ ចិន្តា​សោភា ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ក្នុង​ឆ្នាំ ២០២០​នេះ​សេដ្ឋកិច្ច​កម្ពុជា​មិនជា​យ៉ាប់យ៉ឺន​នោះ​ទេ ព្រោះ​កម្ពុជា​នៅ​តែ​ទទួល​បាន​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់ ។ ក្នុង​ឆ្នាំ ២០២០ ការ​រអាក់រអួល​ក្នុង​សេដ្ឋកិច្ច គឺ​មាន​លក្ខណៈ​សកល ហើយ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​មាន​ផល​ប៉ះពាល់ ប៉ុន្តែ​មួយ​ភាគ​ធំ គឺ​ទៅ​លើ​វិស័យ​ទេសចរណ៍ ដោយ​វិស័យ​ផ្សេង​ទៀត​ដូច​ជា​កសិកម្ម​ជាដើម​នៅ​តែ​ដំណើរការ​ល្អ ដោយ​បាន​កែ​ច្នៃ​និង​នាំ​ចេញ​ស្វាយ ចេក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​» ។

លោក​បាន​បន្ត​ថា ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​មាន​ភាព​ចលាចល​នេះ​ដែរ ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស មាន​បិទ​មាន​បើក​និង​បន្ត​ទទួលយក​អ្នក​វិនិយោគ​ថ្មី​ៗ​មក​វិនិយោគ​បន្ត​ទៀត ដូច​ជា​រោងចក្រ​កែ​ច្នៃ និង​រោងចក្រ​កាត់ដេរ​នានា ជាដើម ។ ក្នុង​នោះ​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​គោលការណ៍​បម្រើ​ដល់​អ្នក​វិនិយោគ​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ដាក់​ទុន​វិនិយោគ​រួច​ហើយ និង​គ្រោង​មក​វិនិយោគ​បន្ត​ទៀត ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការងារ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ដំណើរការ​វិនិយោគ ។

យ៉ាងណា​ក្ដី កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា បាន​បញ្ជាក់​ពី​ហានិភ័យ​នៃ​ការ​បាត់បង់​ឱកាស​ការងារ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​ប្រមាណ​១៦​ម៉ឺន​នាក់ ជា​ពិសេស​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​និង​សម្លៀក​បំពាក់ ដោយសារ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​តាម​រោងចក្រ សហគ្រាស ២០០ រោងចក្រ ។ បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​វីរុស​កូ​រ៉ូ​ណា នៅ​ប្រទេស ចិន​និង​ការ​រីក​រាលដាល​ដល់​ប្រទេស​ជាង ៥០ ដែល​ធ្វើ​អោយ​រោងចក្រ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​បិទទ្វារ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ