ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេតការណ៍​ឥណ្ឌូ​ណេ​ស៊ី គំរោង​មាន​១៤​កន្លែង​និង​រយៈពេល​១២​ខែ តែ​កម្ពុជា​អាច​បន្ថែម​ច្រក​និង​រយៈពេល

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​​​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​​​​ថា ​កាល​ពី​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១១ ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ញើ​សំបុត្រ​​មក​រដ្ឋ​មន្ត្រី​​ការ​បរទេស​​កម្ពុជា​ រដ្ឋ​​មន្ត្រី​ការ​បរទេសថៃ​ និង​បញ្ជូន​ទៅ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​អស់​​ហើយ​ គ្មាន​​អី​អាថ៌​កំបាំង​ទៀត​ទេ ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​​​​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១១ ក្នុង​ឱកាស​ដែល​សម្តេច​ និង​លោក​ជំទាវ​បណ្ឌិត​​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​​​ក្នុង​ពិធី​​សំណេះ​សំណាល​​សួរ​សុខ​ទុក្ខ​យោធិន​​​ពិការ​ និង​សម្ពោធ​​វិទ្យា​ល័យ​​ ប៊ុន រ៉ានី ហ៊ុន សែន ​​កោះ​ស្លា​ ដែល​មាន​ពីរ​ជាន់​ ១២​បន្ទប់ និង​អគារ​សម្ភព​មួយ​​ខ្នង​នៅ​​​ក្នុង​ភូមិ​អភិ​​វឌ្ឍន៍​​យោធិន​​ពិកា​រ​កោះ​ស្លា​ស្រុក​ឈូក ខេត្ត​​កំពត ។

​សម្តេច​​េតជោ​នាយក​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ​ក្នុង​លិខិត​​នោះ​គឺ​បញ្ជាក់​ថា ​​កម្ពុជា​បាន​ទទួល​យក​ទាំង​ស្រុង​ថែម​ទាំង​បញ្ជាក់​ពី​ចំណុច​នៃ​តំបន់​ត្រូវ​សង្កេត​ការណ៍ និង​ពេល​វេលា​។ ​ចំណុច​​សង្កេត​ការណ៍​មាន​១៤​កន្លែង និង​ពេល​វេលា​សម្រាប់​​សង្កេត​ការណ៍​​មាន​​១២​ខែ ។ កម្ពុជា​ បើក​ ​ច្រក​បន្ថែម​ទៀត ពេល​វេលា​អាច​ត្រូវ​បន្ត​សម្រាប់​សង្កេត​​ការណ៍​ ទី​កន្លែង​អាច​នឹង​ត្រូវ​បន្ថែម​ទៀត ។ លោក​រដ្ឋ​មន្ត្រី​​ការ​បរទេស​ឥណ្ឌូ​ណេ​ស៊ី ​​បញ្ជាក់​ថា ​លោក​មាន​ការ​យល់​ដឹង​ថា ភាគី​ថៃ​មិន​ជំទាស់​ទេ ប៉ុន្តែ​​កំពុង​ពិចារណា…។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ទៀត​ថា ​​ខាង​ឥណ្ឌូ​ណេ​ស៊ី​ ​កំពុង​រៀប​ចំ​ឱ្យ​មាន​គណៈ​កម្ម​​ការ​ព្រំ​ដែន​ទូទៅ និង​គណៈ​កម្ម​ការ​បោះ​បង្គោល​​ព្រំ​ដែន​​កម្ពុជា-ថៃ​នៅ​ឯ​ទី​ក្រុង​ហ្សា​ការ​តា។ ​តែ​ភាគី​ថៃ​វិញ​នៅ​​តែ​និយាយ​​ទ្វេ​ភាគី​ៗ ។

​សម្តេច​មាន​ប្រសាសន៍​ថា ​ទ្វេ​ភាគី​ក៏​ទ្វេ​ទៅ​ ព្រោះ​ទី​បំផុត​​វា​គង់​តែ​សម្រេច​ទ្វេ​ភាគី​ហ្នឹង​ទេ ។ ប៉ុន្តែ​តើ​អ្នក​ដែល​កោះ​ហៅ​ឱ្យ​ទៅ​ប្រជុំ​ហ្នឹង​ឈ្មោះ​អី? ទន្ទឹម​នេះ​សម្តេច​តេជោ​ព្រមាន​ថា នែ កុំ​ចរចា​បិទ​ទ្វារ​គំរាម​​អត់​ទេ​ណា…? ​អត់​បាន​ទេ ទៅ​ហ្សា​ការ​តា​ទាំង​អស់​គ្នា​​​ ឥណ្ឌូ​ណេ​ស៊ី​កំណត់​​ពេល​​​ទៅ​ រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ​ និង​​រដ្ឋ​មន្ត្រី​​​ការ​ពារ​ជាតិ​ទៅ​ប្រជុំ​​ ប្រធា​ន​គណៈ​កម្ម​ការ​ព្រំ​ដែន​ និង​ប្រធាន​គណៈ​កម្ម​ការ​ព្រំ​ដែន​ទៅ​ប្រជុំ​​នៅ​ទី​នោះ​ ហើយ​ឥណ្ឌូ​ណេ​ស៊ីធ្វើ​ម្ចាស់​ផ្ទះ​ និង​ធ្វើ​ជា​​អាជ្ញា​​កណ្តាល ។

សម្តេច​តេជោ​នាយ​ករដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​​ថា ថៃ​ខ្លួន​ឯង​ជា​អ្នក​​ប្រកាស​ទទួល​​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​សីុ​ ​ដល់​កម្ពុជា​ស្វាគមន៍​ថៃ​បែរ​ជា​ថា កំពុង​​ពិចារណា​ម្តង ហើយ​​​ប្រដៅ​គេ​ឱ្យ​ទទួល​យក​ទៀត ។ សម្តេច​សង្កត់​ថា ខ្ញុំ​មិន​ចង់​​ឃើញ​សង្គ្រាម​​​ទេ នេះ​គឺ​ជា​លទ្ធ​ផល​នៃ​សង្គ្រាម​​ ហើយ​ខ​្លួន​ខ្ញុំ​​​ក៏​ជា​លទ្ធ​ផល​នៃ​សង្គ្រាម​​ដែរ តើ​ខ្ញុំ​ចង់​ពិការ​ ឬ​អ្វី…?

ខ្យល់ថ្មីបោកបក់ទៅលើជំលោះប្រដាប់​អាវុធ​រវាងថៃ-កម្ពុជា ការចូលរួមរបស់ភាគីទីបី។ នេះ​គឺ​ជា​ការ​កត់​សំគាល់​​ក្នុង​ទស្សន​វិភាគ​​​របស់​លោក​សាស្ត្រា​ចារ្យ​ ប៉ែន ងឿន ទី​ប្រឹក្សា​​ជាន់​ខ្ពស់​ និង​​ជា​សមា​ជិក​​នៃ​គណៈ​​កម្មាធិ​ការ​​សិក្សា​នៃ​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ ។

លោក​បាន​​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ថា ​ជំលោះរវាងថៃ-កម្ពុជា ដែល​បង្កឡើងដោយ​សកម្ម​ភាពឈ្លាន​ពាន​របស់​ថៃម្តងហើយម្តងទៀត បាន​ក្លាយទៅជាបញ្ហា​អន្តរ​ជាតិ​ចាប់តាំង​ពី​ជំនួប​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការសហប្រជា​ជាតិនៅ​ក្នុង​ទីក្រុងញូវយ៉ក កាល​ពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ​២០១១ ហើយបន្ទាប់​មក​មានការប្រឹងប្រែង​ជួយសម្រុះសម្រួល​ពី​សំណាក់ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជា​ប្រធានសមាគមអាស៊ាននៅ​ក្នុង​កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពីថ្ងៃទី​២២ កុម្ភៈ។ ចេញ​ពីក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​នៅក្នុងទីក្រុង​ញូវយ៉ក ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិច ទៅដល់សហភាពអឺរ៉ុប សភាអឺរ៉ុប​បាន​ថ្កោលទោសចំពោះការ​វាយ​ប្រហារ​ដ៏ធ្ងន់ធ្ងរ​ដែល​កើតឡើងកាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ព្រមទាំងស្វាគមន៍ចំពោះកិច្ច​ប្រឹងប្រែងទាំង​ឡាយ​របស់​រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូនេស៊ី Marty Natalewaga ដែលបាន​សម្រប​សម្រួល​ឲ្យមានជំនួបរវាងរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ទាំងដប់ បើទោះបីជាមានការ​បដិ​សេធពីមុន​មក​របស់នាយក​រដ្ឋមន្រ្តី អាភីស៊ីត វាចាជីវ៉ា ចំពោះ​គំនិតនៃការចូលរួមរបស់អាស៊ាន​ក្នុងការដោះ​ស្រាយ​ជំលោះនេះ​ក៏ដោយ។

លទ្ធផលកិច្ចប្រជុំទីក្រុង​ហ្សា​ការ​តា​នោះ គឺ​កម្ពុជា និងថៃបានយល់ព្រមអនុញ្ញាតឱ្យ​ជន​ស៊ីវិល​ឥណ្ឌូនេស៊ី និងកងទ័ពមិនប្រដាប់​ដោយ​អាវុធបំពេញមុខងារជាអ្នកសង្កេតការណ៍ក្នុង​តំបន់ខ្សែព្រំដែន​ដែលកងអង្គភាពកងទ័ពប្រដាប់​អាវុធកម្ពុជា និងកងអង្គភាពកងទ័ពប្រដាប់​អាវុធថៃកំពុងឈរជើង។ វាគួរឱ្យកត់សំគាល់​ដែរ​ថា ជំហររបស់កម្ពុជាត្រូវបានបញ្ជាក់ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា នៅ​ក្នុងខ្សែបន្ទាត់ព្រំដែនរបស់ភាគីកម្ពុជា អ្នក​សង្កេត​ការណ៍ឥណ្ឌូនេស៊ីមានសេរីភាព​ពេញ​លេញ​ក្នុងការចេញចូល គឺមានន័យថា ពួកគាត់​ចង់ទៅ​កន្លែងណាក៏បាន ពេលណាក៏បាន ហើយ​ពួក​គាត់​ចង់មើលអ្វីក៏បានឱ្យតែពួកគាត់ចង់​មើល។

ដូចគ្នានេះដែរ សហគមន៍អន្តរជាតិរួមមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​សមា​គមអាស៊ាន និងសហភាពអឺរ៉ុបបានភ្ញាក់ស្រឡាំង​កាំងដោយឮថា រហូតមកដល់ថៃ្ងទី១ មីនា ឆ្នាំ​២០១១ «ថៃនៅមិនទាន់មានផែនការ​ច្បាស់​លាស់​ថា នៅពេលណានឹងអនុញ្ញាត្តឲ្យអ្នក​សង្កេត​ការណ៍ចូល» ដូចបានចុះផ្សាយដោយកាសែត​ដឺណេហ្សិន កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១១ ក្រោមចំណងជើងថា ថៃធ្វើឲ្យ​អាក់ខានដល់អ្នក​ទស្សនាប្រាសាទ។ កាសែតដដែលនេះ បាន​រាយ​ការណ៍ផងដែរថា មេបញ្ជាការយោធា លោក Prayuth Chan-ocha បាននិយាយថា «ថៃនឹង​មិនអនុញ្ញាត្តឲ្យអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី មានការ​ចេញចូលដោយសេរីទៅកាន់​តំបន់​ព្រំ​ដែនមានជម្លោះក្បែរប្រាសាទព្រះវិហារទេ» ហើយ​ថា រដ្ឋមន្រ្តី​ការពារជាតិ និងរដ្ឋមន្ត្រីការ​បរទេសថៃ «រហូតមកដល់ពេលនេះ មិនទាន់​បានស្រុះស្រួលគ្នាអំពីតួនាទីរបស់​អ្នកសង្កេត​ការណ៍​ទៀតផង»។ គ្មានអ្វីគួរឲ្យសង្ស័យនៅ​ក្នុង​ចិត្តរបស់សហគមន៍អន្តរជាតិទេថា ថៃបាន​ប៉ុន​ប៉ង​ធ្វើឲ្យអាក់ខានដល់ការរៀបចំបែបបទ​ការ​ងារ​របស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ដែលនឹង​ត្រូវ​បានបញ្ជូនទៅកាន់ប្រទេសថៃ និងកម្ពុជា ដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa ដែល​ជាប្រធានសមាគម​អាស៊ាន​បច្ចុប្បន្ន​ខណៈដែលកម្ពុជាបានឆ្លើយតប​យ៉ាង​វិជ្ជ​មាន។

នៅក្នុងអត្ថបទមួយចេញផ្សាយដោយការ​សែតដឺណេហ្សិន​ កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១១ ក្រោមចំណងជើងថា «ជម្លោះព្រំដែនអាចជា​ឱកាស​មួយដើម្បីកំណត់ឡើងវិញនូវសមត្ថភាព និងតួនាទី​សមាគមអាស៊ាន» លោក Alexander Mohr ជំនាញការផ្នែកទំនាក់ទំនង​អន្តរជាតិ និងជាដៃគូរទំនាក់ទំនង​អន្តរជាតិនៅ​ឯក្រុមហ៊ុនទំនាក់ទំនងជាមួយរដ្ឋាភិបាលអឺរ៉ុប Alber & Geiger ក្នុងទីក្រុងប្រ៊ុចសែល ហើយ ជា​អតីតអ្នកធ្វើបឋកថាស្តីពីទំនាក់ទំនង​អន្តរ​ជាតិ​នៅឯសកលវិទ្យាល័យរបស់បារាំងឈ្មោះ«វិទ្យាស្ថាន​សិក្សានយោបាយក្រុងប៉ារីស» ប្រទេស​បារាំង​បានសន្និដ្ឋានថា «ការចូល​ពាក់ព័ន្ធពី​ភាគី​ទីបីអាចជា​សក្តានុពលដ៏ធំក្នុងការដោះស្រាយ​បញ្ហារវាងប្រទេសទាំងពីរ ហើយក្នុងពេលជា​មួយ​គ្នានេះ កំណត់​ឡើងវិញនូវសមត្ថភាព និង​តួនាទីរបស់សមាគមអាស៊ាននៅក្នុងតំបន់​សម្រាប់រយៈពេលវែង»។

ជាការពិតណាស់ នៅពេលមនុស្សជាច្រើន​មកពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ផង សមាគមអាស៊ានផង និងសហភាពអឺរ៉ុបផង រហូតដល់បុគ្គលឯកជនអន្តរជាតិបានដឹងពីឬស​គល់នៃ​ជម្លោះរវាងថៃនិងកម្ពុជា ដូចដែល​សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកប​ដោយ​គតិបណ្ឌិត​ថា «យើងកំពុងធ្វើដំណើរ​ចេញ​ពីទីងងឹត ហើយយើងកំពុងតែមកដល់ទីភ្លឺ» ដំណោះស្រាយជម្លោះរវាងថៃ និងកម្ពុជា ត្រូវ​ការ​ការពាក់ព័ន្ធពីភាគីទីបីជាចាំបាច់មិនអាចខាន​បានឡើយ។ នៅពេលដែលយើង​កំពុងនិយាយ ដំណើរការនេះកំពុងតែបោះជំហានទៅមុខ។
មេដឹកនាំ និងសមាជិករដ្ឋាភិបាលថៃ គឺជា​មនុស្ស​មានល្បិចកល​ពិសពុល និងរអិលដូច​អន្ទង់។ ឥឡូវវាយឺតពេលពេកហើយសម្រាប់ ពួក​គេក្នុងការធ្វើឲ្យអាក់ខានដល់ដំណើរការពាក់ព័ន្ធ​ពីភាគីទីបី។ ទោះជាយ៉ាងណាក៏ដោយ ពួកគេ​នឹង​ព្យាយាម។ ជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ គឺកាត់បន្ថយការ​ខាតបង់ឲ្យនៅកម្រិតអប្ប​បរមា៕