ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំ​បេះ​ផ្លែ​ឈើ​នៅ​ថៃ​​១២​ឆ្នាំ​ហើយ ស្មាន​តែ​ភ្លេចមុខ​ហើយ មក​វិញ​ជាប់​ជុង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកា នៃ​ស្នងការ​ខេត្ត ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ កាលពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​អនុវត្ត​ដីកា នៃ​ស្នងការ​ខេត្ត ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ កាលពី​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​ប្លន់ ហើយ​រត់គេច​ខ្លួន​ទៅ​ស៊ី​ឈ្នូ​ល​បេះ​ផ្លែ​ឈើ​នៅ​ប្រទេស​ថៃ អស់​រយៈពេល​ជាង​១០​ឆ្នាំ​។

បើ​តាម​លោក កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា បានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ ឈ្មោះ វន សុ​គុណ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ហើយ​ជន​នេះ​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​តាម​ដីកា​លេខ​១៦០​ដ​ច​ខ ចុះ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០០៩ របស់​ចៅក្រម​ស៊ើបសួរ លោក​ផា​ន់ វ​ណ្ណា​រ័​ត្ន​។

លោក​បាន​បញ្ជាក់​ថា បើ​យោង​លើ​សំណុំរឿង ឈ្មោះ វន សុ​គុណ នេះ រួម​ជាមួយ​បក្សពួក បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ ហើយ​ក្រោយ​ពេល​ប្រព្រឹត្ត​ជន​នេះ បានរ​ត់ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​១២​ឆ្នាំ​ហើយ​។ បែប​ស្មានថា សំណុំរឿង​ខ្លួន​ត្រូវ​បាន​បញ្ចប់ ឬ​តុលាការ​ភ្លេច ទើប​​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ និង​បាន​បង្ហាញមុខ ក៏​ត្រូវ​លោកស្នងការ​បញ្ជា​ឲ្យ​អនុវត្ត​ដីកាចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង​។

បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក​ផា​ន់ វ​ណ្ណា​រ័​ត្ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ជន​ត្រូវ​ចោទ​ឈ្មោះ វន សុ​គុណ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទ « ក្រុម​ជនប្រដាប់អាវុធ និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជារាស្ត្រ​» ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៤ សីហា ឆ្នាំ​២០០៨ នៅ​ចំណុច​ភូមិ​បា​ដាក​ត្បូង ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​។

ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ជន​នេះ បាន​រត់ចោលស្រុក​បាត់​ស្រមោល​រហូត ដោយ​ទៅ​សម្ងំ​ធ្វើ​កម្មករ​នៅ​ស្រុក​ថៃ លុះ​ភ្លេចខ្លួន​ក៏​វិល​ត្រឡប់​មក​ចូល​គុក​បាន​សម្រេច​ដោយ​ខ្លួនឯង​។​ជាមួយនឹង​ការ​ចាប់ខ្លួន​នេះ ឈ្មោះ​វន សុ​គុណ ហាក់​មានការ​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា សំណុំរឿង​របស់​ខ្លួន​នៅ​តែ​ត្រូវ​សមត្ថកិច្ច​ចាត់វិធានការ​។

ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ប្រព្រឹត្ត​ក្នុង​អំពើ​ប្លន់​មែន តែ​ខ្លួន​ស្មានថា គេ​បញ្ចប់ ឬ​បំភ្លេច​សំណុំរឿង​នេះ​បាត់​ទៅ​ហើយ ក្រោយ​ពី​ខ្លួន​រត់ចោលស្រុក​អស់​រយៈពេល​១២​ឆ្នាំ​។ ឧក្រិដ្ឋ​ជន​រូប​នេះ បាន​និយាយ​អំពី​ការ​រត់គេច​ខ្លួន​រយ​៖​ពេល​១២​ឆ្នាំ​កន្លង​ទៅ​យ៉ាង​ដូច្នេះ​ថា «ប​ន្ទា​ប់​ពី​ប្រព្រឹត្ត​បទល្មើស ខ្ញុំ​បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​កម្មករ​ស៊ី​ឈ្នូ​ល​បេះ​ផ្លែ​ឈើ នៅ​ប្រទេស​ថៃ តែ​ខ្ញុំ​ស្នាន​ថា រយៈ​១២​ឆ្នាំ គេ​បញ្ចប់ ឬ​បិទ​ចោល​សំណុំរឿង​នេះ​ហើយ ទើប​ខ្ញុំ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ល្មម​»​។ ទោះ​យ៉ាងណា ជន​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ខ្លួន​ទៅ​កាន់​ស្នង​ការដ្ឋាន​ខេត្ត​ហើយ​។

លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​របស់​លោក​កំពុង​រៀបចំ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ វន សុ​គុណ ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ប្រគល់​ជូន​លោក​ចៅក្រម​តាម​នីតិវិធី​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ