ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សង្សារ​បញ្ឆេះ​ឡាន​ទុក​ចោល ត្រូវ​បុរស​ម្នាក់​បើក​យក​ទៅ​ទុក​នៅផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ត្រូវ​ម្ចាស់​បញ្ឆេះ​ទុក​ចោល ខណៈ​ទាស់​ពាក្យ​សម្តី​ជាមួយ​សង្សារ រួច​ដើរ​ចេញ​ទៅ​បាត់​រៀង​ៗ​ខ្លួន ក្រោយមក​ក៏​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក បាន​ប្រទះ​ឃើញ​រថយន្ត​បញ្ឆេះ​ទុក​ចោល​នៅ​តាម​ផ្លូវ ដោយ​អត់​មាន​ម្ចាស់​ក៏​ចូល​ទៅ​បើករថយន្ត​នោះ​យក​ទៅ​ទុក​មុខ​ផ្ទះ​របស់​ខ្លួនឯង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ត្រូវ​ម្ចាស់​បញ្ឆេះ​ទុក​ចោល ខណៈ​ទាស់​ពាក្យ​សម្តី​ជាមួយ​សង្សារ រួច​ដើរ​ចេញ​ទៅ​បាត់​រៀង​ៗ​ខ្លួន ក្រោយមក​ក៏​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក បាន​ប្រទះ​ឃើញ​រថយន្ត​បញ្ឆេះ​ទុក​ចោល​នៅ​តាម​ផ្លូវ ដោយ​អត់​មាន​ម្ចាស់​ក៏​ចូល​ទៅ​បើករថយន្ត​នោះ​យក​ទៅ​ទុក​មុខ​ផ្ទះ​របស់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​៩៥ កែង​នឹង​ផ្លូវ​៤៣២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ចូល​បើករថយន្ត​គេ​យក​ទៅ​ទុក​មិន​ត្រូវ​បានឱ្យ​ស្គាល់ អត្ត​សញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​កូន​នាយ​រង​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក ខណ្ឌចំការមន ។ ដោយឡែក​ខាង​រថយន្ត​ក៏​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា គ្រាន់តែ​ដឹង​ថា រថយន្ត​ម៉ាក អូ​ឌី Q7 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V9868 ។

តាម​ប្រភព​ពី​បុរស​ម្នាក់​បំរើ​ការ​នៅ​អង្គភាព​សា​ព័ត៌មាន​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ជិះ​ម៉ូតូ​គោលបំណង​ទៅ​ធ្វើការ ដោយ​ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​៤៣២ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​រថយន្ត​ម៉ាក អូ​ឌី ពណ៌​ស បាន​បញ្ឆេះ​ចត​ទុក​ចោល ហើយ​បើកទ្វារ​អត់​មាន​មនុស្ស​នោះ​ទេ ។ លុះ​ពេល​នោះ​ដែរ រូប​គាត់​បានឃើញ​បុរស​ដែល​ជា​កូនលោក​នាយ​ប៉ុស្តិ៍​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ុ​គី​ឡែ​ត ពណ៌​ស មក​ឈប់​ក្រោយ​រថយន្ត​អូ​ឌី ហើយ​ចាក់សោ​.​ក​ទុក​ម៉ូតូ រួច​ហើយ​ក៏​ចូល​បើករថយន្ត​នោះ​ចេញ​ទៅ​បាត់ ដោយ​មិនដឹង​ថា​យក​ទៅ​ណា​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក បុរស​រូប​នោះ​បាន​ដើរមក​យក​ម៉ូតូ​របស់​ខ្លួន​វិញ ក៏​ត្រូវ​រូប​គាត់​ឃាត់​បុរស​រូប​នោះ​មិន​ឱ្យ​យក​ម៉ូតូ​ចេញ ព្រោះ​សង្ស័យ​ថា លួច​រថយន្ត​របួស​គេ តែ​បុរស​រូប​នេះ​និយាយ​ថា គាត់​ជា​ប៉ូលិស​បើករថយន្ត​យក​ទៅ​ទុក ទើប​មានការ​ប្រកែក​គ្នា​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​មន្ត្រី​កង​រាជ​អាវុធ ចុះ​ទៅ​កន្លែង​កើតហេតុ ទើប​ដឹង​ថា បុរស​រូប​នេះ​ត្រូវជា​កូន​របស់​លោកនាយ​រង​ប៉ុស្តិ​បឹង​ត្របែក ទើប​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​សាកសួរ​ទើប​ដឹង​ថា រថយន្ដ​ខាងលើ​ត្រូវ​បាន​បុរស​ជា​កូន​របស់​លោកនាយ​រង​ប៉ុស្តិ៍​បើក​យក​ទៅ​ទុក​នៅ​មុខ​ផ្ទះ​របស់​ខ្លូ​ន ទើប​សមត្ថកិច្ច​ជំនាញ​ក៏​ទៅ​បើក​រថយន្ត​នោះ​យក​មក​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក រួច​ហើយ​ក៏​បាន​ទំនាក់ទំនង​រក​ម្ចាស់​រថយន្ត​​ឃើញ​ភ្លាម​ៗ​ផង​ដែរ ដោយសារ​តែ​ម្ចាស់​រថយន្ត​បាន​ភ្លេច​ទូរស័ព្ទ​មួយ​គ្រឿង​នៅ​ក្នុង​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ហៅ​ម្ចាស់​រថយន្ត​មក​សួរនាំ​ទើប​ដឹង​ថា ភាគី​ខាង​ម្ចាស់​រថយន្ត​បាន​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភ័ក្ដិ រួច​ជិះ​រថយន្ត​ជាមួយ​សង្សារ លុះ​មក​ដល់​​ចំណុច​​ខាងលើ​ក៏​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​សង្សារ ក៏​ចុះ​ចេញពី​រថយន្ត ហើយ​ចំហរទ្វារ​ទុក​ចោល​នាំ​គ្នា​ដើរ​ចេញ​រៀង​ៗ​ខ្លួន​តែ​ម្តង​ទៅ ដោយ​មិន​គិត​ថា មាន​អ្នក​លួច​រថយន្ដ​នោះ​ទេ​។

ក្រោយ​ពេល​ដឹង​រឿង​អស់ហើយ​ខាង​រថយន្ត​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ គ្រាន់តែ​សុំ​យក​របស់​ខ្លួន​ទៅ​វិញ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ខាង​បុរស​ដែល​បើករថយន្ត​គេ​យក​ទៅ​ទុក​មុខ​ផ្ទះ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ ដោយ​ឱ្យ​ឪពុក​ម្ដាយ​ធានា​បញ្ចប់រឿង​នៅ​កន្លែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ