ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី២៨ កុម្ភៈ នៅសាលសាលាខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង គឺលោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ទទួលផែននគរបាលចរាចរណ៍ផ្លូវគោក បានប្តូរ មកចូលកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ដែលត្រូវចូលនិវត្តន៍ ។
ពិធីប្រកាសតែងតាំងតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រព្រឹត្តក្រោមអធិបតី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ម៉ុម សារឿនអភិបាលនៃគណះអភិបាលខេត្តគណៈ ប្រតិភូល្រសួងមហាផ្ទៃ មន្ទីរអង្គភាព មន្ត្រីរាជការ តុលាការ ស្នងការបណ្តាខេត្តភូមិភាគឦសាន្ត និងមន្ត្រីនគរបាលជាង២៨០នាក់ ។
លោក អូត ស៊ីវុត្ថា ត្រូវបានក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិតែងតាំង និងដំឡើងឋានន្តរស័ក្តិ ពីថ្នាក់វរៈសេនីយ៍ឯក មកជាឧត្តមសេនីយ៍ត្រី និងទទួលតួនាទីជាស្នងការរងនគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២០ កន្លងទៅ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការដែលត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់
ឲ្យចូលនិវត្តន៍ បានឡើងអានរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានរួមការការសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរខេត្ត ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងកិច្ចការបង្ក្រាបបទល្មើស ជាពិសេស គឺបទល្មើសគ្រឿងញៀន ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា បានទទួលការគាំទ្រ និងកោតសរសើរពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើវរភាពនៃការ
ដឹកនាំនិងការគ្រប់គ្រងរយៈពេល៦ឆ្នាំកន្លងមកនេះ ។
ចែករំលែកព័តមាននេះ