ព្រំដែនខេត្តព្រះវិហារ ៖ ស្ថានភាពយោធានៅតំបន់ព្រំដែនប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ២០១១ នេះ មានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែបើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារបានបញ្ជាក់ឱ្យដឹងដែរថា អាកាសធាតុក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ មានសភាពចុះត្រជាក់ខ្លាំងខុសធម្មតា បណ្តាលឱ្យទាហានកម្ពុជាមួយចំនួនតូចមានជំងឺផ្តាសាយតិចតួច ។
មេបញ្ជាការកងអន្តរាគមន៍លេខ៣ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបង្វែរសំណួរឱ្យទៅសួរលោកនាយឧត្តមសេនីយ៍ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែកោះសន្តិភាពមិនអាចទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយពីលោកជា តារា បានទេនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ ចំណែកនៅឯព្រំដែនខេត្តឧត្តរមានជ័យឯណោះវិញ ពុំមានអ្វីប្រែប្រួលនោះទេ ប៉ុន្តែតាមអ្នកយកព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ទាហានសៀមនៅតែចល័តទ័ព និងផ្លាស់ប្តូរកម្លាំងជាញឹកញាប់ក្នុងទឹកដីរបស់គេ។
ដោយឡែកពីព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯណោះវិញ នៅព្រឹកថ្ងៃទី១៧ មីនា នេះ ពលករខ្មែរដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញខុសប្រក្រតី មានន័យថា គឺគ្រាន់តែបើកទ្វារព្រំដែនភ្លាម ពលករខ្មែរចំនួន៣ឡានស្មើនឹងចំនួនមនុស្សប្រមាណ១៥០នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនមកវិញ ដែលសព្វមួយដងទាល់តែនៅវេលារសៀល ឬល្ងាចទើបមានពលករខ្មែរត្រូវអាជ្ញាធរថៃបញ្ជូនមកវិញ ដោយក្នុងមួយថ្ងៃៗ មិនក្រោម២០០នាក់ នោះទេ ។
បើតាមអ្នកយកព័ត៌មានកោះសន្តិភាពប្រចាំក្រុងប៉ោយប៉ែតក៏បានបញ្ជាក់ឱ្យដឹងដែរថា ចំនួនភ្ញៀវដែលចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតក៏មានការថយចុះប្រមាណ៥០ភាគរយ ។ ការថយចុះនេះបានផ្តើមឡើងតាំងពីក្រោយការប្រយុទ្ធគ្នារវាងទាហានកម្ពុជា និងថៃ កាលពីថ្ងៃទី៤ កុម្ភៈ មកម៉្លេះ ។ សេចក្តីរាយការណ៍ក៏បានបញ្ជាក់បន្ថែមថា ការថយចុះនៃចំនួនអ្នកចូលលេងកាស៊ីណូនេះ ធ្វើឱ្យកាស៊ីណូមួយចំនួនកាត់បន្ថយបុគ្គលិកផងដែរ ៕
ចែករំលែកព័តមាននេះ