ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ ​និង​រដ្ឋា​ករ​ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ អគរ​។

ក្នុង​របាយការណ៍​បូក​សរុប​ការងារ​គយ​និង​រដ្ឋាករ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា សម្រាប់​ឆ្នាំ​២០១៩ ចំណូល​សរុប​មាន​ប្រមាណ​ជាង ១៣ ទ្រី​លាន​រៀល (​ប្រមាណ ៣,២១៥ លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង ៣០% ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​លើស​ផែនការ​ដែល​បាន​កំណត់​ប្រមាណ ៤២.៧%​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចំណូល​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មាន​កំណើន​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ ពន្ធ​នាំ​ចូល​កើនឡើង ៣០.៧%, អាករ​ពិសេស​កើនឡើង ៣៣.៦% និង​អាករ​លើ​តម្លៃបន្ថែម (VAT) កើនឡើង ២៨.៨%​។

បើ​ពិនិត្យ​លើ​ចំណូល​តាម​ក្រុម​ទំនិញ​វិញ មុខទំនិញ​យានយន្ត​និង​គ្រឿងចក្រ​បន្ត​ជា​ប្រភព​ចំណូល​សំខាន់ ដោយ​គ្របដណ្តប់​ប្រមាណ ៥២.៧% នៃ​ចំណូល​សរុប​។ ចំណូល​ដែល អគរ ប្រមូល​បាន​​ក្នុង​ឆ្នាំ​២០១៩ នេះ មាន​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល ២០​ឆ្នាំ កន្លង​មក​នៅ​ក្នុង​បរិ​ការណ៍​​ដែល​ការ​អនុគ្រោះ​ពន្ធ​អាករ ទាំង​ក្នុង​គោលដៅ​លើកទឹកចិត្ត​វិនិយោគ និង​វិស័យ​អាទិភាព​នានា ព្រមទាំង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី មានការ​កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ទន្ទឹម​នឹង​ការងារ​ប្រមូល​ចំណូល អគរ ក៏​សម្រេច​បាន​នូវ​សមិទ្ធផល​លើ​ការដ្ឋាន​ការងារ​ផ្សេង​ទៀត រួម​មានការ​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​, គោលនយោបាយ​, ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​មួយ​ចំនួន​, ការ​បន្ត​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​រយៈ​ការ​កែ​លម្អ​និង​ពង្រីក​មុខងារ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​, ការ​បញ្ចុះ​អត្រាពន្ធគយ​អាករ​និង​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​កសិ​កម្ម និង​សហគ្រាស​ធុន​តូច​និង​មធ្យម​, ការ​ពង្រឹង​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ និង​បទ​ល្មើស​ឆ្លង​ដែន​, ការ​ចូលរួម​ទប់ស្កាត់​ការ​លាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​, កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​, និង​ការ​អភិវឌ្ឍន៍​ស្ថាប័ន ជាដើម​។

លើស​ពី​នេះ អគរ ក៏​បាន​អនុវត្ត​ដោយ​រលូន​នូវ​វិធានការ​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គយ ដែល​បាន​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​​ទី​១៨ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ ផង​ដែរ រួម​មាន (១)​ការ​លើកទឹកចិត្ត​ផ្នែក​គយ​ដល់​​សហគ្រាស​ធុន​តូច​និង​មធ្យម​, (២)​ការ​អនុវត្ត​កម្រៃ​សេវា​សាធារណៈ​របស់ អគរ​, (៣) ការ​កាត់​បន្ថយ​ចំនួន​កុង​តែ​ន័​រ​និង​កម្រៃ​ស្កែ​ន​, (៤) ការ​ដឹកនាំ​ក្រុមការងារ​អន្តរ​ស្ថាប័ន​ដើម្បី​កាត់​បន្ថយ​មុខទំនិញ​ក្នុង​បញ្ជី​ទំនិញ​ហាមឃាត់​និង​ទំនិញ​ជាប់​កម្រិត​កំណត់​, និង (៥)​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដំណាក់កាល​ទី​២​។

ក្នុង​ឱកាស​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ល្អ​ប្រសើរ ដែល​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មន​សិការ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​គយ ​និង​រដ្ឋាករ​គ្រប់​រូប​។ ជាមួយ​គ្នា​នេះ ក្នុង​ខណៈ​ដែល​កម្ពុជា ​បាន​និង​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ធំ​ៗ​មួយ​ចំនួន រួម​មាន ការ​ធ្លាក់​ចុះ​នូវ​កំណើន​សេដ្ឋកិច្ច​សកល​, ការ​ព្យួរ​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ EBA និង​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចា​រ្យ​បាន​ណែនាំ​សម្រាប់​ជា​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង ឆ្នាំ​២០២០ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយ​ចំនួន រួម​មាន ៖

(១) បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​ស្ថាប័ន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៤ ប្រការ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​អភិក្រម ៥ ប្រការ​របស់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូត​ទឹក ដុសក្អែល ព្យាបាល និង​វះកាត់

(២) លើកកម្ពស់​អនុលោម​ភាព​វិស័យ​ឯកជន តាម​រយៈ​ការ​ផ្តល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដល់​ធុរ​ជន​មាន​អនុលោម​ភាព​ខ្ពស់ ប៉ុន្តែ​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ធុរជន​ដែល​ប្រព្រឹត្ត​ល្មើស

(៣) ចាត់វិធានការ​សម្រួល​ដល់​ការ​នាំ​ចូល​នូវ​វត្ថុធាតុដើម​បម្រើ​ផលិតកម្ម​នៃ​គម្រោង​វិនិយោគ​នានា ទាំង​ក្នុង ​និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​ពិសេស​នៅ​ពេល​ដែល​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដំណើរ​ការ​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​មួយ​រយៈ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ Covid-19

(៤) បន្ត​ពង្រីក ​និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ និង​ជំរុញ​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដំណាក់កាល​ទី​២ ឱ្យ​បាន​ពេញលេញ

(៥) បន្ត​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​បាន​ឆាប់រហ័ស​នូវ​ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធ​គយ​, ចំណាត់ថ្នាក់​ទំនិញ​, និង​វិធាន​ដើម​កំណើត​ទំនិញ ព្រម​វាយតម្លៃ​ផល​ប៉ះពាល់​លើ​ចំណូល​​គយ​ដែល​បណ្តាល​មក​ពី​ហេតុផល​នានា ដើម្បី​ចាត់វិធានការ​ប៉ះប៉ូវ​ចំណូល​ឱ្យ​បាន​សម​ស្រប

(៦) ជំរុញ​បញ្ចប់​ការ​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ អគរ​ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​​គម្រោង​ចំណាយ​ច្បាស់លាស់ សម្រាប់​រយៈពេល​មធ្យម​ និង​វែង

(៧) បន្ត​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​កន្លង​មក និង​ត្រៀម​អនុវត្ត​នូវ​កញ្ចប់​វិធានការ​ថ្មី​ៗ​របស់​រាជរដ្ឋាភិបាល​ ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់ អគរ ឱ្យ​មាន​ប្រសិទ្ធ​ភាព

​និង (៨)​ជំរុញ​បញ្ចប់​ការ​សិក្សា​គោលនយោបាយ​ការ​នាំ​ចូល​រថយន្ត​ប្រើ​រួច​។ បន្ថែម​លើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើការ​សិក្សា​លទ្ធភាព​នៃ​ការ​អនុញ្ញាត​ឱ្យ​បើក​កន្លែង​សម្រាប់​លក់ទំនិញ​ប្រណីត​ៗ និង Outlet តាម​តំបន់ ទេសចរណ៍ និង​ទីប្រជុំជន​សំខាន់​ៗ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្នែក​នេះ​។

នា​ឱកាស​នោះ​ដែរ ដើម្បី​ជា​ការ​លើកទឹកចិត្ត ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​បណ្ណ​សរសើរ​ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយ​ចំនួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ