ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី អឺរ៉ុប លើក​ទី​១១ រយៈពេល​២​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូរ​សភា​អាស៊ី​អឺរ៉ុប លើក​ទី​១១ រយៈពេល​២​ថ្ងៃ នៅ​ខែតុលា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ លោក​បណ្ឌិត ងួ​ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ភាព​ជា​ដៃគូរ​សភា​អាស៊ី​អឺរ៉ុប លើក​ទី​១១ រយៈពេល​២​ថ្ងៃ នៅ​ខែតុលា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប បាន​លើក​ឡើង​កិច្ចប្រជុំ​របស់​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ (ASEP11) នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​វិមាន​រដ្ឋសភា ថា​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក និង​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ ។

លោក​បញ្ជាក់​ថា ៖«​ដូចដែល​យើង​បាន​កំណត់​ហើយ​ថា គណៈកម្មការ​រៀបចំ​របស់​យើង​ត្រូវ​ធ្វើការ​ប្រជុំ មួយ​ដង​យ៉ាងតិច​ក្នុង​មួយ​ខែ ដើម្បី​ចាត់ចែង​ការងារ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១ នា​ពេល​ខាង​មុខ ដោយ​លើកយក​មូលបទ «​ការ​ពង្រឹង​ភាព​ជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» (Strengthening Parliamentary Partnership for Peace and Sustainable Development) និង​មាន​ប្រធានបទ​សម្រាប់​ក្រុម​ពិភាក្សា​ទាំង​បី​ទៀត​» ។

ចំណែក​លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ ASEP11 បាន​រាយការណ៍​ជូន​កិច្ចប្រជុំ​ពី​លទ្ធផល​ការងារ​ជា​ច្រើន​ដែល​បាន​អនុវត្ត​នា​កន្លង​មក​ទាំង​ការងារ​ខ្លឹមសារ ឯកសារ និង​ការ​ត្រៀម​រៀបចំ​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា សណ្ឋាគារ​ដឹក​ជញ្ជូន​ជាដើម​នោះ ។ លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ត្រៀម​រៀបចំ​ចាត់ចែង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ពេល​នេះ គឺជា​ពេលវេលា​ផ្តើម​អនុវត្ត​ការងារ​ជាក់ស្តែង​ដូច​ជា ការ​កក់​សណ្ឋាគារ សម្រាប់​កន្លែង​រៀបចំ​កិច្ចប្រជុំ និង​រថយន្ត​ដឹក​គណៈប្រតិភូ​ជាដើម ។

ចំពោះ​ខ្លឹមសារ និង​ទម្រង់​លិខិត​អញ្ជើញ​គណៈប្រតិភូ​បរទេស​ចូលរួម​ប្រជុំ និង​សារលិខិត​ស្វាគមន៍​របស់​ប្រធាន ASEP11 បាន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច ។ កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី អឺរ៉ុប គឺជា​កិច្ចប្រជុំ​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​ខាង​រាជរដ្ឋាភិបាល ។ នៅ​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ