ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​ប​ណ្តែ​តទឹក​ជាង​១២០០​គ្រួ​សារបាន​បន្លាស់​ទី​ឡើងគោក​១០០%ហើយ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភូមិ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​បាន​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​មក​ឡើង​លើគោក​មក​ដល់​ពេល​នេះ បាន​សម្រប​ខ្លួន​រស់នៅ​លើគោក​បានជា​ធម្មតា​ហើយ បន្ទាប់​ពី​ធ្វើការ​បន្លាស់​ទី​ឡើងគោក​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ។ នេះ​ជា​ការ​អះអាង​របស់ អាជ្ញាធរ​ឃុំ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភូមិ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​បាន​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​មក​ឡើង​លើគោក​មក​ដល់​ពេល​នេះ បាន​សម្រប​ខ្លួន​រស់នៅ​លើគោក​បានជា​ធម្មតា​ហើយ បន្ទាប់​ពី​ធ្វើការ​បន្លាស់​ទី​ឡើងគោក​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ ។ នេះ​ជា​ការ​អះអាង​របស់ អាជ្ញាធរ​ឃុំ ឆ្នុកទ្រូ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​យើង នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ ។

លោក សាំង គឹ​ម​សន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​បញ្ជាក់​ថា ឃុំ​ឆ្នុកទ្រូ​មាន​៣​ភូមិ គឺ​ភូមិ​ឆ្នុកទ្រូ ភូមិ​កំពង់ព្រះ និង​ភូមិ​សេះ​ស្លាប់ ។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ជាង​១​ពាន់​២​រយ​គ្រួសារ ។

តាម​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង មក​ដល់​ពេល​នេះ ពួក​គាត់​បាន​ឡើងគោក​១០០% ហើយ​នៅ​សល់​តែ​បែរ​ចិញ្ចឹម​ត្រី​តែ​ប៉ុណ្ណោះ ហើយ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ពួក​គាត់​បាន​មក​តាំង​ទីលំនៅ​លើគោក​។

ពួក​គាត់​ដែល​ធ្លាប់តែ​រស់នៅ​ក្នុង​ទឹក​កាលពីដើម​មក​នោះ ពេល​នេះ​ពួក​គាត់​បាន​ទម្លាប់ខ្លួន​រស់នៅ​លើគោក ដូច​ប្រជាពលរដ្ឋ​ធម្មតា​ហើយ ដោយ​មានទឹក មាន​ភ្លើង មាន​ផ្លូវ និង​អ្វី​ដែល​ជា​ការ​ពេញចិត្ត​របស់​ពួក​គាត់ នោះ​គឺ​កូនចៅ​របស់​ពួក​គាត់​បាន​ដើរ និង​ជិះ​កង់​ទៅ​សាលារៀន បាន​យ៉ាង​ស្រួល មិន​ពិបាក​ជិះទូក ជិះ​កាណូត​ដូច​មុន​ទៀត​ទេ ។ ការ​ធ្វើ​ដំណើរ​តាម​ទឹក​របស់​កូនចៅ​ពួក​គាត់​ទៅ​សាលារៀន គឺ​ជួប​ការ​លំបាក​ណាស់ និង​មាន​ហានិភ័យ​ខ្ពស់​ទៀត​ផង ។ ពេល​នេះ​សិស្ស​បាន​ទៅ​សាលារៀន​បាន ១០០% មិន​ដូច​កាល​នៅ​លើ​ទឹក​ឡើយ ។

អ្វី​ដែល​ពួក​គាត់​កាន់តែ​ពេញចិត្ត​ទៀត​នោះ ពួក​គាត់​បាន​ដី​សម្រាប់​សង់​លំនៅ​ដ្ឋា​ន និង​ប​បង្ករ​បង្កើន​ផល លើគោក​បាន​យ៉ាង​ងាយស្រួល មិន​ពិបាក​ដូច​កាល​នៅ​ក្នុង​ទឹក ក្នុង​មួយ​ឆ្នាំ​ម្តង ត្រូវ​ចំណាយ​ទិញ​ដើម​ឬ​ស្សី ទិញ​ពាង និង​ទិញ​ធុង ជាដើម​សម្រាប់​យក​មក​ដូរ ទម្រ​ទ្រ​ផ្ទះ​ឱ្យ​អណ្តែត​លើ​ទឹក​ដូច​មុន​ទៀត​ទេ ដែល​ការ​ចំណាយ​ប្រចាំឆ្នាំ​បែប​នេះ គឺ​ត្រូវ​ចំណាយ​ច្រើន​ណាស់ ដោយ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ក៍​២​ទៅ​៣​លាន​រៀល​ដែរ ក្នុង​១​ឆ្នាំ​។

ជា​ចុង​ក្រោយ​លោក​មេឃុំ​ឆ្នុកទ្រូ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំងអស់ ដែល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក និង ខេត្ត​ដោយ​ព្រម​បាន​ចាក​ចេញពី​ក្នុង​ទឹក និង​មក​រស់នៅ​លើគោក ធ្វើ​ឲ្យ​បរិស្ថាន​ទឹក​មាន​អនាម័យ​ល្អ និង​ធ្វើ​ឱ្យ​តំបន់​ឆ្នុកទ្រូ​ក្លាយ​ជាទី​កំសាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង ។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន តំបន់​ឆ្នុកទ្រូ កំពុង​អភិវឌ្ឍន៍ យ៉ាងច្រើន ដូច​ជា​លើ​ផ្លូវ ធ្វើ​ប្រឡាយ សាងសង់​ផែ សាងសង់​ផ្សារ​ជាដើម​។​ល​។ សង្ឃឹមថា ក្នុង​ពេល​ខាង​មុខ​ឆ្នុកទ្រូ​នឹង​ក្លាយជា​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​កំសាន្ត​ជា​មិន​ខាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ