ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា ​លេច​ចេញ​រូបរាង​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​រៀបចំ​បង្កើត និង​ដំណើរការ​គណៈ​កម្មការ​ប្រដាល់សកល​អាជីព​«Cambodia Professional Boxing Commission»​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ស្វែងរក​មេដាយ​សម្រាប់​ការ​ប្រកួត​កីឡា​SEA GAMES លើក​ទី​៣២…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​រៀបចំ​បង្កើត និង​ដំណើរការ​គណៈ​កម្មការ​ប្រដាល់សកល​អាជីព​«Cambodia Professional Boxing Commission»​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ស្វែងរក​មេដាយ​សម្រាប់​ការ​ប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ។

ការ​ប្រកាស​ជា​ផ្លូវ​នៃ​ការ​បង្កើត​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា​នេះ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ដោយ​មានការ​អញ្ជើញ​ចូលរួម​ធ្វើ​ជា​សាក្សី​ពី​សំណាក់​លោក​អ៊ុ​ក ឌី​វ៉ង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​តំណាង ក្រសួង​អប់រំ យុវជន និង​កីឡា លោក​សាស្ត្រាចារ្យ ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា តំណាង​ស្ថានទូត​ជប៉ុន និង​ក្រុមកីឡា​ជម្រើសជាតិ ។

លោក​ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ដែល​បាន ទទួល​ការ​គាំទ្រ​ជា​ប្រធាន​គណៈកម្មការ ប្រដាល់សកល​អាជីព​កម្ពុជា​បាន​និយាយ​ថា គណៈកម្មការ​ប្រដាល់​សកល​អាជីព​កម្ពុជា​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា ។ ការ​បង្កើត​​គណៈកម្មការ​ប្រដាល់សកល​អាជីព​នេះ​ធ្វើ​ឡើង​គឺ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ស្វែងរក​មេដាយ​សម្រាប់​ការ​ប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ប្រដាល់សកល​នៅ​កម្ពុជា​ពុំ​សូវ​មាន​សកម្មភាព​ឡើយ​ព្រោះ​នៅ​តាម​សង្វៀន​ស្ថានីយទូរទស្សន៍​នានា គេ​ត្រូវការ​តែ​ប្រដាល់​គុន​ខ្មែរ​ប៉ុណ្ណោះ ។ ស្ថានភាព​បែប​នេះ​ហើយ​ទើប​មិនសូវ​មាន​អ្នក​ហ្វឹកហាត់​ប្រដាល់សកល ។ អ្នកខ្លះ​បន្ទាប់​ពី​ហាត់ ប្រដាល់សកល​ហើយ​គេរ​ត់ទៅ​ហាត់​ប្រដាល់​គុន​ខ្មែរ​វិញ ឯ​ខ្លះ​ទៀត​ហាត់​ប្រដាល់សកល​តែ​គេ​បែរជា​ទៅ​លួច​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ទៅ​វិញ​។

លោក​ប៊ុ​យ សោ​ភ័​ណ្ឌ បាន​បង្ហើប​ថា ប្រសិនបើ​ប្រដាល់សកល​អាជីព​នៅ​តែ​គ្មាន​សង្វៀន​ប្រកួត​នៅ​ក្នុងស្រុក​នោះ សហព័ន្ធ និង​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា នឹង​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​ហាត់ និង​ប្រកួត​នៅ​ប្រទេស​ជប៉ុន ។​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា គឺជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រដាល់សកល​អាជីព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​គ្រប់គ្រង​និង​ដឹកនាំ​កីឡាករ​កីឡាការិនី​ប្រដាល់សកល​អាជីព​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ស្រប​តាម​បទ​ប្បញ្ញត្តិ​របស់​ស្ថាប័ន​កីឡា​ប្រដាល់សកល​អាជីព​អន្តរជាតិ ។

ចំពោះ​សមាជិក​គណៈកម្មការ​នាយក​នៃ​គណៈកម្មការ​ប្រដាល់សកល​អាជីព​កម្ពុជា​១០​រូប​ដែល​ក្នុង​នោះ​មាន​ជនជាតិ​កម្ពុជា​តែ​២​រូប​ប៉ុណ្ណោះ​ចំពោះ​៨​រូប​ទៀត​សុទ្ធតែ​ជា​ជនជាតិ​ជប៉ុន ។

សមាជិក​ទាំង​១០​រូប​នោះ​រួម​មាន​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ជា​ប្រធាន លោក Motohashi Yukiharu អនុប្រធាន លោក Isobe Masahiro នាយក​ប្រតិបត្តិ លោក ហ៊ុន ដា​វី​រតនា នាយករង​ប្រតិបត្តិ លោកស្រី Motohashi Yuko លោក Motohashi Ryotaro លោក Motohashi Taiga លោក Kamehashi Nagakazu លោក Fukuda Akira និង​លោក Takamori Jou ជា​សមាជិក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ