ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SECC អនុញ្ញាត​ជា​គោលការណ៍​លើ​ការ​​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេ​ស៊ី​លី​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ( SECC ) បាន​យល់ព្រម និង​អនុញ្ញាត​ជា​គោល​ការណ៍​លើ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ( SECC ) បាន​យល់ព្រម និង​អនុញ្ញាត​ជា​គោល​ការណ៍​លើ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០២០ កន្លង​ទៅ​នេះ ដែល​ធ្វើ​អោយ​ធនាគារ​នេះ​នឹង​ក្លាយជា​ធនាគារ​ពាណិជ្ជ​ទី​១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​នៅ​ក្នុង​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភិ​អិ​ល​ស៊ី បានអោយ​ដឹង​ថា ធនាគារ​នេះ គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ថ្មី​ចំនួន ៨.៧៥១.៣៩១ ភាគហ៊ុន និង​ភាគហ៊ុន​ដែល​មាន​ស្រាប់​រហូត​ដល់ ១៣.១២៧.០៨៦ ភាគហ៊ុន​ដល់​សាធារណជន ។

បណ្ឌិត អុិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ បាន​មាន​ប្រសាសន៍​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ផ្តល់​ឱកាស​ដល់​វិនិយោគិន និង​សាធារណជន ដើម្បី​វិនិយោគ​លើ​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។ ធនាគារ​នឹង​រៀបចំ​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) ចំនួន ០២ លើក នៅ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​នឹង​មាន​បទ​បង្ហាញ​ដល់​វិនិយោគិន​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​អាជីវកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ ពេលវេលា​រំពឹង​ទុក​នៃ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ និង​ការ​រៀបចំ​ខ្លួន​របស់​វិនិយោគិន ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​។

លោក​បណ្ឌិត​បន្ត​ថា ធនាគារ​នឹង​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ និង​អញ្ជើញ​វិនិយោ​គិន និង​សាធារណជន ចូលរួម​កំណត់​ថ្លៃ​ភាគហ៊ុន​របស់​ធនាគារ នៅ​ក្នុង​រវាង​ចន្លោះ​ថ្លៃ ចាប់ពី​១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុង​មួយ​ភាគហ៊ុន ។ ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ​នឹង​ត្រូវ​កំណត់​ទៅ​តាម​ការ​កំណត់​ថ្លៃ​ដែល​វិនិយោគិន បាន​ដាក់​នៅ​ក្នុង​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ ។ បន្ទាប់​ពី​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង ត្រូវ​បាន​បញ្ចប់ វិនិយោគិន និង​សាធារណជន​ទាំងអស់​នឹង​ត្រូវ​អញ្ជើញ​មក​ចូលរួម​ក្នុង​ដំណាក់កាល​បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់ ធនាគារ​លើ​ថ្លៃ​ភាគហ៊ុន​ចុង​ក្រោយ ចាប់ពី​ថ្ងៃ​ទី​២៣ ខែមីនា ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២០​។

លោក​បណ្ឌិត អុិ​ន ចាន់​នី បាន​ធ្វើការ​បញ្ជាក់​បន្ថែម​ថា ដើម្បី​ចូលរួម​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង និង​ដំណាក់កាល​បរិវិសកម្ម វិនិយោគិន ត្រូវ​មាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID) និង​គណនី​ជួញដូរ (Trading Account) ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ (​គ​.​ម​.​ក​.)​។ លោក​បន្ថែម​ទៀត​ថា ធនាគារ​រំពឹង​ថា នឹង​ចុះបញ្ជី​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) នា​ចុង​ខែមេសា ឆ្នាំ​២០២០​។

លោក​បណ្ឌិត​បន្ថែម​ថា ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធា​រណៈ​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល និង​សម្រាប់​គោលបំណង​អាជីវកម្ម​ទូទៅ​របស់​ធនាគារ ។

លោក Han Kyung Tae អគ្គនាយក ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យូ​រឹ​ធី (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ចំណុច​ដែល​ធ្វើ​ឱ្យ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​លក្ខណៈ​ពិសេស និង​ខុស​ប្លែក​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធា​រណៈ​មុន​ៗ គឺ​ធនាគារ​មិន​មាន​លៃ​បម្រុង​ទុក​ភាគហ៊ុន​សម្រាប់​វិនិយោគិន និង​ស្ថាប័ន​ដែល​មាន​សក្តានុពល​នោះ​ទេ ។

រាល់​ភាគហ៊ុន​ដែល​នឹង​បោះផ្សាយ​លក់​ទាំងអស់​នឹង​ត្រូវ​លក់​ជូន​វិនិយោគិន និង​សាធារណជន​។ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នឹង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជូន​ប្រជាជន ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល និង​សាធារណជន​ទូទៅ​ឱ្យ​ចូលរួម​ក្នុង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នេះ​ទៅ​តាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

យើង​បាន​ធ្វើការ​ជាមួយ​ធនាគារ​ដើម្បី​បង្កើត​វិធីសាស្ត្រ​បែងចែក​ភាគហ៊ុន ដែល​ផ្តល់​អាទិភាព​ដល់​វិនិយោគិន រូប​វ័​ន្ត​បុគ្គល ដែល​ទិញ​ភាគហ៊ុន​ចំនួន ១.០០០ ភាគហ៊ុន ឬ​តិច​ជាង​នេះ ។ ការ​បោះ​ផ្សាយ​លក់​មូល​ប​ត្រ កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ គឺជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​រូប​វ័​ន្ត​បុគ្គល ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​ដែល​គួរ​ឱ្យ​ទុកចិត្ត និង​មាន​ហិរញ្ញវត្ថុ​រឹង​មាំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ