រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗដោយសាររថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 2A-0029 បើកបរដោយបុរសម្នាក់ឈ្មោះសោម វិសាល មានទីលំនៅស្រុកសំរោង ភូមិសំរោង ខេត្តឧត្តរមានជ័យ ជាមន្ត្រីអគ្គិសនី លក់គ្រឿងអគ្គិសនី ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ បានបុកម៉ូតូរបស់គាត់ បណ្តាលដួលបោកក្បាលលើថ្នល់ ។
បុរសរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ គឺជិះតែម្នាក់ឯង លើផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក៏ត្រូវរថយន្តនោះបុកតែម្តង ។ បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះឈ្មោះប៉ោ ជាមង្គល អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនហ្គ្រេន ស្រុកកំណើតនៅមង្គលបុរី ខេត្តបន្ទាយមានជ័យ ជិះម៉ូតូសង់កូរ៉េ ពណ៌ខៀវ ធ្វើដំណើរទៅចូលរួមបុណ្យនៅក្នុងវត្តកប់ស្រូវ ប៉ុន្តែមិនទាន់ដល់ផង ស្រាប់តែមានរថយន្តកាមរីធ្វើដំណើរស្របគ្នាបុកពីក្រោយ ហើយអូសជាង១០០ម៉ែត្រ ធ្វើឱ្យបុរសនេះ ខ្ទាតបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង១៣និង២០នាទីរសៀលថ្ងៃទី២៤ មីនា ២០១១ ។ អ្នកបើករថយន្តប្រុងគេចខ្លួនក៏ត្រូវអ្នកធ្វើដំណើរឃើញហេតុការណ៍នេះចាប់បញ្ជូនឱ្យប៉ូលិសចាត់ការតាមច្បាប់ ហើយជនរងគ្រោះត្រូវបានគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ