ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសស្រី២នាក់ជាជាងកាត់សក់មិនសូវបានចំណូល បែរជាបែកគំនិតជួញដូរគ្រឿងញៀន ហើយត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន រួមនឹងថ្នាំញៀន១២កញ្ចប់ធំ-តូច ដែលកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះភាក់ សុខលាប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង២-ឈ្មោះរឹម សុខឡេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកទាំង២នាក់ ស្នាក់នៅជាមួយគ្នា ក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការជាមួយកម្លាំងពិសេសរហ័សនាម «ក្រុមស្រមោច» និងកម្លាំងប៉ុស្តិ៍តាខ្មៅ ដោយទទួលបានព័ត៌មានពីពលរដ្ឋល្អថា នៅចំណុចកើតហេតុខាងលើ មានការជួញដូរគ្រឿងញៀន ។ ក្រោយមកកម្លាំយើងក៏ទៅដល់កន្លែងកើតហេតុភ្លាម រួចឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូច ក៏នាំខ្លួនជនសង្ស័យទាំង២នាក់មកកាន់អធិការរដ្ផានក្រុងតាខ្មៅ ដើម្បីសួរបំភ្លឺតែម្តង។
ប្រភពដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ខាងលើបានឆ្លើយសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនមែន ហើយបានទិញពីឈ្មោះអាក្បាលធំដែលរស់នៅភ្នំពេញ ក្នុងតំលៃ២០០០០០រៀល ដើម្បីលក់បន្ត។ ក្រោយការសារភាព ជនសង្ស័យទាំង២នាក់ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ