រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងគ្រោះបាក់ដៃម្ខាង សង្ស័យបើករថយន្តលឿនពេកជ្រុលទៅបុករបាំងថ្ម និងរបាំងដែកការដ្ឋានសាងសង់ស្ពានអាកាសថ្មី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជាប់រង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តមួយគ្រឿងខាងលើម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសបាក់ដៃម្ខាង ។
តាមប្រភពពត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនបានមើលរបាំងថ្ម និងរបាំងដែកការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅថ្មី ស្រាប់តែបើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងរបាំងថ្មនឹងរបាំងដែកព័ទ្ធជុំវិញការដ្ឋានសាងសង់ខាងលើប្រមាណជាង១០ម៉ែត្រ ចំណែកអ្នកបើកបររងរបួសធ្ងន់បាក់ដៃម្ខាង ត្រូវរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តវិញខ្ទេចមួយកណាត់មុខ និងបែកធុងប្រេងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុ រថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចោមចៅទី៣ប្រគល់ទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ