ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច ចាញ់​ថៃ​ដាច់​ក្នុង​ជំនួប​មិត្តភាព​នៅ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ដែល​ធ្លាប់តែ​ល្បី​ប្រកួត​មិន​ដែល​ចាញ់​សោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ បែរជា​ភ្លាត់ស្នៀត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ រ៉ុ​ង​ណា​ផា ស​.​សំ​រ៉ូង​យី​ម…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ដែល​ធ្លាប់តែ​ល្បី​ប្រកួត​មិន​ដែល​ចាញ់​សោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ បែរជា​ភ្លាត់ស្នៀត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ រ៉ុ​ង​ណា​ផា ស​.​សំ​រ៉ូង​យី​ម ដាច់​ទាំង​៥​ទឹកតែ​ម្ដង​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ីក្នុង​កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​កាលពី​ថ្ងៃ​សៅរ៍​ទី​២២ កុម្ភៈ​។

សម្រាប់​ការ​ជួប​គ្នា​លើក​នេះ មឿ​ន សុខ​ហ៊ុ​ច​បាន​ព្យាយាម​សម្រុកចូល​វាយលុក​ទៅ​លើ​គូប្រកួត​ដូច​ព្យុះ​តាំងពី​ទឹក​ទី​១​ម្ល៉េះ ប៉ុន្តែ​ស្នៀត​កែង​និង​ជង្គង់​ដែល​គេ​ធ្លាប់​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បាក់ស្បាត​ច្រើន​គ្នា​មក​ហើយ​នោះ​បែរជា​មិន​អាច​ប្រើប្រាស់​បាន​ល្អ​ទាល់តែ​សោះ ។

ផ្ទុយ​ទៅ​វិញ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​កីឡាករ​ថៃ​ម៉ាត់​និង​ទាត់​ចូល​ចំ​គោលដៅ​ពេញ​ៗ​តាំងពី​ទឹក​ទី​២​ម្ល៉េះ​។​ទោះជា​យ៉ាងណា មឿ​ន សុខ​ហ៊ុ​ច ដែល​បាន​បាត់បង់​កម្លាំង​បណ្ដើរ​ៗ តាំងពី​ទឹក​ទី​៣​រហូត​មក​នោះ បាន​ព្យាយាម​តស៊ូ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រហូត​ដល់​ចប់​ទឹក​ទី​៥​ទើប​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​។ ចប់​ការ​ប្រកួត​មឿ​ន សុខ​ហ៊ុ​ច ទទួលស្គាល់​ថា កីឡាករ​ថៃ រ៉ុ​ង​ណា​ផា ពិតជា​ខ្លាំង​មែន ហើយ​គេ​ក៏​មានការ​សោកស្ដាយ​ផង​ដែរ​ចំពោះ​ការ​បរាជ័យ​លើក​នេះ ។

មួយគូ​ទៀត​កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​ចាញ់​កីឡាករ​ថៃ ភី​ត​ណា​ម​អេក នៅ​ត្រឹម​ទឹក​ទី​៣ ដោយសារ តែ​ខូច​ជើង​ក្រោម​រន្ទះ​ជើង​កីឡាករ​ថៃ ។ ថា សា​រុន ចាញ់​ប្រៀប​កីឡាករ​ថៃ​តាំងពី​ទឹក​ទី​១​ម្ល៉េះ​ដោយ​គេ​ឃើញ​កីឡាករ​ថៃ​ម៉ាត់ និង​ទាត់​ចូល​មុខ និង​ពោះ​ទឹក​ពេញ​ៗ ។

ទោះបី​ថា សា​រុន មានឱកាស​វាយបក​សង​វិញ​ម្ដងម្កាល​ក្ដី​ក៏​មិន​អាច​ទម្លុះ​បា​រ៉ា​ស​ដ៏​រឹង​មាំ​របស់​កីឡា​ករ​ថៃ​ម្នាក់​នេះ​បាន​ដែរ ។ ចូល​ដល់​ទឹក​ទី​២​និង​ទី​៣​កម្លាំង​ថា សា​រុន កាន់តែ​ថយ​ចុះ​ខ្លាំង​លុះ​ចូល​ដល់​ពាក់កណ្ដាល​ទឹក​ទី​៣ ថា សា​រុន ត្រូវ​កីឡាករ​ថៃ​ទាត់​ត្រូវ​ជើង​ឆ្វេង​យ៉ាង​សន្ធាប់​និង​ម៉ាត់​ចូល​មុខជា​ច្រើន​ដៃ​បណ្ដាល​ឱ្យ​ដួល​ក្រោក​លែង​រួច​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង ។

ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៣​រូប​មាន​តែ​កីឡាករ កូយ ឡាយ មក​ពី​ក្លិប​កងពលតូច​ឆត្រ​យោង​៩១១​ប៉ុណ្ណោះ ដែល​បាន​យកឈ្នះ​កីឡាករ​ថៃ​ភី​ដាំ ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។ ចំណែក​គូប្រកួត​មិត្ត​ភាព​បើក​ឆាក​វិញ​កីឡាករ ចិត្រ សុ​ភី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​យក​ឈ្នះ​កីឡាករ នូវ ស៊ី​ណា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១​ដោយ​ពិន្ទុ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ