ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី​ចង់ឱ្យ​អ្នកមាន​រៀប​ការ​ជាមួយនឹង​អ្នកក្រ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ពុធ (១៩ កុម្ភៈ​) បាន​ស្នើ​សុំ​អោយ​អ្នកមាន​រៀប​ការ​ជាមួយ​អ្នកក្រ ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​របស់​ប្រទេស​។…

តាម​ប្រភព​ព័ត៌មាន Channel News Asia បានឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ពុធ (១៩ កុម្ភៈ​) បាន​ស្នើ​សុំ​អោយ​អ្នកមាន​រៀប​ការ​ជាមួយ​អ្នកក្រ ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​របស់​ប្រទេស​។

តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ ប្រជាជន​ក្រីក្រ​កំពុង​ស្វែងរក​អ្នកក្រ​ផ្សេង​ទៀត (​សម្រាប់​អាពាហ៍ពិពាហ៍​)​? លោក Muhadjir Effendy រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​មនុស្ស​និង​វប្ប​ធ​ម៍ បាន​មាន​ប្រសាសន៍​ថា​៖ «​តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​អ្នកក្រ​រក​មើល​តែ​អ្នកក្រ​ដូច​គ្នា​ដើម្បី​រៀប​ការ? ចំនួន​អ្នកក្រ​នឹង​កាន់តែ​កើនឡើង​លើស​ដើម​។ នេះ​ជា​បញ្ហា​នៅ​ឥណ្ឌូ​ណេ​ស៊ី​។​»

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា មានគ្រួសារ​ក្រីក្រ​ប្រហែល ៥​លាន​គ្រួសារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​មាន​ចំនួន ៩.៤% នៃ​គ្រួសារ​សរុប​ចំនួន ៥៧.១​លាន​នាក់​។

លោក Effendy បាន​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សាសនា លោក Fachrul Razi ឱ្យ​ចេញ​ច្បាប់​ដោយ​បញ្ជា​ឱ្យ​ប្រជាជន​ក្រីក្រ​ស្វែងរក​អ្នកមាន ដើម្បី​រៀប​ការ ស្រប​ពេល​ដែល​អ្នកមាន​ក៏​ត្រូវ​តែ​រក​អ្នកក្រ​ដើម្បី​រៀប​ការ​ដែរ​។ ក្រៅពី​នេះ​លោក​ក៏​បាន​ស្នើ​សុំ​កម្មវិធី​ជំនួយ​ថវិកា​មុន​រៀប​ការ​សម្រាប់​គូ​ស្វាមីភរិយា ដែល​មិន​មាន​ស្ថេ​រ​ភាព​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​មាន​បំណង​ចង់​រៀប​ការ ក្នុង​គោលបំណង​ជួយ​រក​ការងារ​ឱ្យ​ពួក​គេ​ធ្វើ​ក្រោយ​ពេល​រៀប​ការ​។ កម្មវិធី​នេះ ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​អ្នកចូលរួម ដែល​ចង់រក​ការងារ​ធ្វើ​ក្រោយ​ពេល​រៀប​ការ​ជាមួយ​គ្នា​ហើយ​។

លោក Effendy មាន​ប្រសាសន៍​ថា កម្មវិធី​មុន​រៀប​ការ​បែប​នេះ​នឹង​ជួយ​ជំរុញ​អត្រា​គ្រួសារ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មានការ​ថយ​ចុះ​។ យោង​តាម​កាសែត Jakarta Post ធនាគារពិភពលោក​បាន​រាយការណ៍​នា​ពេល​ថ្មី​ៗ​នេះ​ថា​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ៤៥% ឬ ឥណ្ឌូ​ណេ​ស៊ី​ប្រហែលជា ១១៥​លាន​នាក់​មិន​ទាន់​ទទួល​បាន​នូវ​សន្តិសុខ​សេដ្ឋកិច្ច​និង​របៀប​រស់​គ្រាន់បើ​នៅឡើយ​ទេ​។

ទោះជា​យ៉ាងនេះ​ក្តី​ឥណ្ឌូ​នេ​ស៊ី​បាន​ចាត់ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​រយៈពេល ១៥​ឆ្នាំ​កន្លង​មកនេះ ដែល​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​មាន​អត្រា​ភាព​ក្រីក្រ​តិច​ជា ១០%​។ វណ្ណៈ​កណ្តាល​ក៏​បាន​កើនឡើង​ពី ៧% មក​ដល់ ២០% ក្នុង​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ