អាជ្ញាធរស៊ីរីកាលពីថ្ងៃទី២៦ មីនា បានដោះលែងអ្នកទោសនយោបាយ២៦០នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដោយរដ្ឋាភិបាលប្រទេសនេះដើម្បីគ្រប់គ្រងការបះបោរ ដែលកំពុងពុះកញ្ជ្រោលនៅក្នុងទីក្រុង Daraa ភាគខាងត្បូងប្រទេស។ នេះបើតាមការឱ្យដឹងដោយទីភ្នាក់ងារព័ត៌មានមួយរបស់ស៊ីរី ។ ទីភ្នាក់ងារព័ត៌មានដដែលឱ្យដឹងទៀតថា ភាគច្រើននៃអ្នកទោសដែលត្រូវដោះលែងនេះជាអ្នកកាន់សាសនាអ៊ិស្លាម និងពួកឃើត ។
ការដោះលែងអ្នកទោសនយោបាយក្នុងចំនួនដ៏ច្រើននេះរបស់ស៊ីរីធ្វើឡើងរយៈពេល២ថ្ងៃក្រោយពីរដ្ឋាភិបាលផ្តល់ការសន្យានានាក្នុងនោះមានដូចជាការដោះលែងអ្នកទោសទាំងអស់ដែលជាប់ពាក់ព័ន្ធជាមួយនឹងការបះបោរថ្មីនៅទីក្រុង Daraa និងការដំឡើងប្រាក់បៀវត្សសម្រាប់បុគ្គលិករដ្ឋាភិបាល ។
ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បានដោះលែងអ្នកទោសនយោបាយជាច្រើនរយនាក់ចាប់តាំងពីលោកកាន់តំណែងប្រធានាធិបតីតាំងពីឆ្នាំ២០០០មក ។ ពួកបាតុករប្រឆាំងរដ្ឋាភិបាលស៊ីរីបានដុតទីតាំងគណបក្សបាអាស់កំពុងកាន់អំណាចនៅក្រុងតាហ្វាស (ភាគខាងត្បូង និងនៅក្រុង LATTAQUIEH (ភាគកណ្តាល) ព្រមទាំងដុតកង់ឡានវាយប្រហាររថយន្ត និងហាងទំនិញទាំងឡាយក្នុងទីក្រុងកំពង់ផែនេះ ៕
ចែករំលែកព័តមាននេះ