រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ២ល្វែងធ្វើអំពីថ្មក្រោម ឈើខាងលើ លេខ៧១និង៧៣Eo ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខ្ជាក់ផ្សែងខ្មៅអាប់ ហុយឡើងទៅលើអកាសវេហាស៍បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងពីសំណាក់អ្នករងគ្រោះ និងអ្នករស់នៅក្បែរនោះ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ មីនា ២០១១ លើកំណាត់ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ…ចំណែកមនុស្សម្នាជាច្រើនបានទៅចោមរោមមើលហេតុការណ៍វិនាសកម្មនេះយ៉ាងកកកុញ បណ្តាលឱ្យកកស្ទះចរាចរណ៍ផងដែរ ខណៈឡានទឹកពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចពី៦ទៅ៧គ្រឿង កំពុងចេញ-ចូលបង្ក្រាបភ្លើងឥតដាច់រយៈ ។
បុរសម្ចាស់ផ្ទះលេខ៧១Eo ឈ្មោះសែស រិទ្ធ អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធាម្នាក់ ពេលអគ្គីភ័យកំពុងឆាបឆេះប្រពន្ធរបស់គាត់បានតក់ស្លុតរហូតដល់សន្លប់បាត់ស្មារតី…ចំណែកបុរសម្ចាស់ផ្ទះលេខ៧៣Eo ឈ្មោះឡោ វ៉ាន់ថា អាយុ៤៦ឆ្នាំ ជាអ្នកលក់ដូរ មុនពេលភ្លើងឆេះ គាត់បានចាក់សោផ្ទះចោល ដោយទុកកូនស្រីអាយុ៤ឆ្នាំ គ-ថ្លង់ឱ្យនៅក្នុងផ្ទះម្នាក់ឯង ប៉ុន្តែនាងមានវាសនាខ្ពស់បានរួចផុតពីសេចក្តីស្លាប់ដោយសារតែអ្នកជិតខាងទម្លាយសោយកនាងចេញមកក្រៅទាន់ពេលវេលា ។ តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា មូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីផ្ទះសង់ថ្មីជាប់នោះ (កម្ពស់ច្រើនជាន់) ជាងផ្សារដែកធ្វើឱ្យធ្លាក់កម្ទេចផ្កាភ្លើងមកលើដំបូលស័ង្កសី និងប៉ះចំឈើ ឬប៉ះចំវត្ថុស្ងួតណាមួយងាយស្រួលឆាបឆេះ ទើបកើតជាអណ្តាតភ្លើងតែម្តងទៅ ។
មកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល អគ្គីភ័យនេះត្រូវបានសមត្ថកិច្ចបាញ់ទឹកពន្លត់ឱ្យក្រាបរាបសូន្យសុងហើយ បន្សល់តែផ្សែងពណ៌សហុយរសាត់យឺតៗតែប៉ុណ្ណោះ និងគំនរផេះផង់លាយឡំជាមួយកំណាត់ធ្យូង…លំនៅឋាន២ល្វែងជាប់គ្នានេះត្រូវបានអគ្គីភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង ចំណែកទ្រព្យសម្បត្តិក៏ត្រូវបានជញ្ជូនចេញរួចតិចតួចផងដែរ…តែទោះជាយ៉ាងណា សមត្ថកិច្ចបានប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងសកម្ម មិនឱ្យឆេះរាលដាលទៅដល់ផ្ទះល្វែងជាប់នេះទៀតទេ ដោយគ្រាន់ជះអណ្តាតភ្លើងរោលខ្មៅជុំវិញផ្ទះជិតខាងខ្លះៗតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ