រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូដឹកសំរាមបែបទំនើបៗចំនួន១០៥គ្រឿងគ្រប់សង្កាត់ ក្នុងមួយសង្កាត់ចំនួន១គ្រឿង និងរដ្ឋាករផ្សារធំថ្មីមួយគ្រឿងទៀត សរុបចំនួន១០៦គ្រឿង ដែលអាចបែនចាក់សំរាមបាន ដើម្បីពង្រីកសេវាប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ។
ពិធីប្រគល់ម៉ូតូដឹកសំរាមបែបទំនើបៗខាងលើនេះ ជាលើកទី៣ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូដឹកសំរាមបែបទំនើប ដែលអាចបែនចាក់សំរាមបាននេះទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញ ងាយស្រួលក្នុងការនាំយកកាកសំណល់សំរាមទៅចាក់ ឬប្រមូលផ្តុំនៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញអោយបានល្អប្រសើរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ