ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងត្រូវបានលោក ហួត រ័ត្ន មេបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ដឹកនាំកម្លាំងសាងសង់សម្រាប់ឧបត្ថម្ភដល់យោធិនចូលនិវត្តន៍ ដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
លោកហួត រ័ត្ន បានឲ្យដឹងថា ដោយមើលឃើញពីភាពខ្វះខាតរបស់យោធិនចូលនិវត្តន៍ លោកបានស្នើសុំឈើមួយចំនួនពីអាជ្ញាធរ ដើម្បីសង់ផ្ទះជូនមន្ត្រីយោធាចំនួន៥រូប ដើម្បីជួយកាត់បន្ថយការលំបាក។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកុម្ភៈ កម្លាំងយោធាបានសហការគ្នាលើកគ្រោងផ្ទះផ្គុំជូនដល់លោក គង់ គា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ អតីតបំរើការនៅកងអនុសេនាធំលេខ២ រស់នៅក្នុងភូមិ ត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមការបញ្ជាក់ពីមេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមាថា នេះជាខ្នងផ្ទះទី១ ដែលចាប់ផ្តើមសង់ក្នុងចំណោមផ្ទះ ស្ថិតក្នុងគំរោងសាងសង់ផ្ទះជូនយោធាចូលនិវត្តន៍ចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត។ ផ្ទះ១ខ្នងនេះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំទទឹង៥ ម៉ែត្រ បណ្ដោយ៧ ម៉ែត្រ ចំណាយថវិការជាង៤ពាន់ដុល្លារ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ