ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅចិត្ត​រៀងខ្លួន​! ឡាន​និង​ម៉ូតូ​ប្រយុទ្ធ​គ្នា​យកឈ្នះ​ចាញ់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហិង្សា​ផ្តើម​ចេញពី​ការ​មិន​គិតពិចារណា ដោយ​ខឹង​គេ​គប់​បែក​កញ្ចក់​រថយន្ត ក្តៅចិត្ត​បើករថយន្ត​ដេញ​តាម​បំ​បុក​តាំង​ពីមុខ​វត្ត​តាំង​កសាង​ខាងត្បូង ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ បុក​បាន​សម្រេច​ម៉ូតូ​២​គ្រឿង​ខ្ទេច របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ចំណុច​ភូមិ​ដំណាក់…

រាជធានី​ភ្នំពេញ ៖ ហិង្សា​ផ្តើម​ចេញពី​ការ​មិន​គិតពិចារណា ដោយ​ខឹង​គេ​គប់​បែក​កញ្ចក់​រថយន្ត ក្តៅចិត្ត​បើករថយន្ត​ដេញ​តាម​បំ​បុក​តាំង​ពីមុខ​វត្ត​តាំង​កសាង​ខាងត្បូង ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ បុក​បាន​សម្រេច​ម៉ូតូ​២​គ្រឿង​ខ្ទេច របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ផ្អើល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ភាគី​រថយន្ត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ នាំ​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ភាគី​រថយន្ត​ព្រុស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-6717 បើកបរ​ដោយ​យុវជន​ម្នាក់ អះអាង​ថា​ជា​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​បើក​ចេញពី​វ​រត្ត​ក្រាំងធ្នង់ ពី​ជើង​មក​ត្បូង លុះ​មក​ដល់​មុខ​ផ្សារ KC បាន​ប៉ះ​ម៉ូតូមួយគ្រឿង​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HY-៥៧៦៣ ជិះ​គ្នា​២​នាក់​ស្រប​ទិស ។

តាមប្រភពដដែលបានបន្ត​ថា ពេលនោះ​​រថយន្ត​មិន​បាន​​ឈប់ និង​មិន​ទទួលខុសត្រូវ​ឡើយ នៅ​តែ​បើក​ទៅ​មុខ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខឹង ចុះ​រើស​បាន​ដុំ​ថ្ម​ដេញ​រហូត​ដល់​មុខ​វត្ត​តាំង​កសាង​ខាងត្បូង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ គប់​បែក​កញ្ចក់​រថយន្ត​មួយ​ផ្ទាំង ធ្វើ​ឲ្យ​ភាគី​ខាង​រថយន្ត​ខឹង បើករថយន្ត​ដេញ​បំ​បុក រហូត​ដល់​ចំណុច​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ តាម​ទាន់​ដូច​ចិត្ត​ក្តៅ បំ​បុក​ម៉ូតូ​បាន​សម្រេច​មួយ​គ្រឿង​ហើយ រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​វិហារ ១C-៦៣៤០ ដែល​ម្ចាស់​ឈប់​ចត​ស្ងៀម​ចិញ្ចើម​ផ្លូវ អត់​ដឹង​អី​ផង រវល់​តែ​ទិញ​ទឹក​ហូប បណ្តាល​ឲ្យ​រង​របួសធ្ងន់ ភាគី​ម៉ូតូ​សេ​១២៥ រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ម៉ូតូ​២​គ្រឿង​រង​ខូចខាត​ខ្ទេច ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​៣​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នក​យក​ព័ត៌មាន​ឈាមរាវ ជា​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​នាំ​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ រួម​ទាំង​ប្រមូល​វត្ថុ​តាង រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ