ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU សម្រេច​ចុង​ក្រោយ​ថា «​ដក ឬ​មិន​ដក​» EBA ថ្ងៃនេះ​ខណៈ​កម្មករ​ប្រឈម​មុខ​អត់​ការងារ​ធ្វើ​រយៈពេល ២ ខែ​ដោយសារ​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នៅ​ថ្ងៃនេះ ត្រូវ​នឹង​ថ្ងៃ​ពុធ​ទី ១២ ខែកុម្ភៈ សហភាព​អឺរ៉ុប​នឹង​ប្រកាស​ពី​ការ​សម្រេច​ចុង​ក្រោយ​ថា «​ដក ឬ​មិន​ដក ឬ​ក៏​ដក​ផ្នែក​ខ្លះ​» នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ…

រាជធានី​ភ្នំពេញ​៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នៅ​ថ្ងៃនេះ ត្រូវ​នឹង​ថ្ងៃ​ពុធ​ទី ១២ ខែកុម្ភៈ សហភាព​អឺរ៉ុប​នឹង​ប្រកាស​ពី​ការ​សម្រេច​ចុង​ក្រោយ​ថា «​ដក ឬ​មិន​ដក ឬ​ក៏​ដក​ផ្នែក​ខ្លះ​» នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms—EBA) ពី​ប្រទេស​កម្ពុជា ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ទៅ​កាន់​កម្មករ​-​កម្មការិនី​ទាំងអស់​កុំ​មានការ​ភ័យ​តក់ស្លុត ចំពោះ​ការ​សម្រេច​ណាមួយ​របស់ EU នៅ​ថ្ងៃនេះ​ពាក់ព័ន្ធ​នឹង​រឿង​វាសនា​របស់ EBA ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC​ក៏​អះអាង​ថា GMAC លែង​មាន​យោបល់ ឬ​ក្តី​បារម្ភ​ពី​រឿង EBA នេះ​ហើយ ដូច្នេះ​មាន​តែង​ចាំ​មើល​លទ្ធផល​ជាក់លាក់​នៅ​ថ្ងៃ​១២ កុម្ភៈ​នេះ​តែ​ម្តង ។

យ៉ាងណាមិញ​កម្មករ​-​កម្មការិនី​និង​តំណាង​សហជីព​បាន​លើក​ឡើង​ថា​ការ​បិទទ្វារ​រោងចក្រ​នា​ពេល​ខ្លី​ខាង​មុខ​នេះ មិន​ថា​ដោយសារ​តែ​វីរុស​កូ​រ៉ូ​ណា ឬ​ក៏​ដោយសារ​តែ EBA ត្រូវ​បាត់បង់​ទាំងស្រុង ឬ​ផ្នែក​ខ្លះ កម្មករ​គឺ​ជៀស​មិន​ផុត​ពី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នោះ​ទេ​។ ក៏​ប៉ុន្តែ​ច​ម្ង​ល់​របស់​មហាជន​ក៏​ចង់​ដឹង​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ដក EBA ចេញពី​កម្ពុជា​ទាំងស្រុង ឬ​ផ្នែក​ណាមួយ​តើ​វា​នឹង​ប៉ះពាល់​កម្រិត​ណា ជា​ពិសេស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង0x017d7 បញ្ហា​នេះ​កន្លង​មក GMAC តែងតែ​បង្ហាញ​ក្តី​បារម្ភ ឬ​បង្ហាញ​ពី​ការ​តាមដាន​ជា​ប្រចាំ​ពាក់ព័ន្ធ​រឿង EBA​នេះ ។ ប៉ុន្តែ​ចូល​មក​ដល់​មុន​ថ្ងៃ​នៃ​ការ​សម្រេច​លទ្ធផល EBA ខុស​គ្នា​មួយ​ថ្ងៃ​តំណាង​GMAC លែង​មាន​យោបល់ ឬ​លែង​បង្ហាញ​ក្តី​បារម្ភ​ណាមួយ​ចំពោះ​រឿង​EBA ពោល​ឱ្យ​រង​ចាំ​ចម្លើយ​ជាក់លាក់​ច្បាស់​នៅ​ថ្ងៃនេះ​តែ​ម្តង ។

​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក​ខេន លូ បានឱ្យ​ដឹង​ថា បញ្ហា​រឿង​EBA នេះ​យើង​មិន​ចាំបាច់​លើក​ជា​ឧទាហរណ៍​ប្រៀបធៀប​ទៀត​នោះ​ទេ ព្រោះ​នៅ​ថ្ងៃស្អែក (១២​កុម្ភៈ​) វា​នឹង​ចេញ​លទ្ធផល​ផ្លូវការ ។ បើ​ចង់​ដឹង​ពី​រឿង EBA រង់ចាំ​ខានស្អែក​នៅ​ពេល​លទ្ធផល​ផ្លូវការ​ចេញ​ហើយ ខ្ញុំ​នឹង​ឆ្លើយ​ទៅ​តាម​ចំនួន​ដែល​យើង​ចង់បាន​។ ​លោក​អគ្គលេខាធិការ បាន​សង្កត់ធ្ងន់​ថា «​មក​ដល់​ថ្ងៃនេះ​យើង​គ្មាន​អ្វី​ត្រូវ​បារម្ភ រឿង​EBA​ទេ ព្រោះ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២០​នេះ វា​នឹង​ចេញ​លទ្ធផល​ផ្លូវការ​ហើយ ។ យើង​អត់​មាន​អ្វី​ត្រូវ​បារម្ភ អីចឹង​យើង​ចាំ​មើល​លទ្ធផល​ថាស​ភាព​អឺរ៉ុប​គេ​សម្រេច EBA យ៉ាងណា​ចាំ​យើង​ទៅ​ពិចារណា​ថា​វា​ប៉ះពាល់​អ្វីខ្លះ ,​ប៉ះពាល់​ខ្លាំង​ឬ​តិចតួច​គឺ​មាន​តែ​រង​ចាំ​មើល​លទ្ធផល​សិន​»​។ លោក​បាន​បន្ត​ថា​នៅ​ពេល EBA ចេញ​លទ្ធផល​បាន​២៤​ម៉ោង​ហើយ​យើង​នឹង​ធ្វើការ​ស្រាវជ្រាវ​ថា​វា​ប៉ះពាល់​ក្នុង​ទំហំ​ប៉ុន្មាន​។ យើង​អត់​ដឹង​ថា​សហភាព​អឺរ៉ុប​គេ​គិត​យ៉ាងម៉េច​ថា​គេ​ដក ឬ​មិន​ដក​យើង​អត់​ដឹង​, គេ​ដក​ខ្លះ ឬ​ដក​ទាំងអស់​យើង​អត់​ដឹង។ យើង​ចាំតែ​២៤​ម៉ោង​ទៀត​នោះ​យើង​នឹង​ដឹង​លទ្ធផល​ផ្លូវការ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​យើង​នឹង​ដឹង​ថា​វា​ប៉ះពាល់​កម្រិត​ណា​ហើយ​នោះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ​ពី​រឿង EBA នេះ​»​។

ចំណែក​លោក អាត ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា បានឱ្យ​ដឹង​ថា​មក​ដល់​បច្ចុប្បន្ន​បើ​តាម​ការ​សង្កេត​ពុំ​ឃើញ​មាន​កម្មករ​កម្មការិនី​នៅ​ក្នុង​វិស័យ​កាត់ដេរ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ជាក់លាក់​នៅទេ​ពាក់​ព​ន្ធ័​បញ្ហា EBA នៅឡើយ​ទេ​ប៉ុន្តែ​បើ​បញ្ហា​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គាត់​អត់​ការងារ​ធ្វើ​ទើប​ពួក​គាត់​ស្រែក​។ ​ទាក់ទង​នឹង​បញ្ហា EBA នេះ​បើ​តាម លោក អាត ធន់ មក​ដល់​ថ្ងៃនេះ​យើង​ពុំ​ទាន់​មាន​របាយការណ៍​ផ្លូវការ​ណាមួយ​បង្ហាញ​យ៉ាងណា​នោះ​ទេ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​និយាយ តែ​ផល​ប៉ះពាល់​តូច​ឬ​ធំ​វា​នឹង​មាននៅ​សហភាព​អឺរ៉ុប​ប្រកាស​លទ្ធផល​ផ្លូវការ​ពី​បញ្ហា EBA​នេះ​។

កន្លង​ទៅ​ថ្មី​ៗ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​អះអាង​ថា​តាម​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​ទទួល​បាន​នោះ​គឺ EU អាច​នឹង​សម្រេច​ផ្លូវការ​នូវ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​តែ «​លើ​ចំណែក​មួយ​ចំនួន​ប៉ុណ្ណោះ មិនមែន​ដក​ទាំងស្រុង​នោះ​ទេ​» ពោល​គឺ​អាច​ប៉ះពាល់​ដល់​ទឹកប្រាក់​នាំ​ចេញ​សម្រាប់​ផលិតផល​សម្លៀក​បំពាក់​ប្រមាណ ២០% និង​ស្បែកជើង​ប្រមាណ​៣០%​។

​បើ​តាម​លោក​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ផល​ប៉ះពាល់​ដែល​កើត​ចេញពី​ព័ត៌មាន​ក្រៅផ្លូវការ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា​នេះ​បើ​គិត​ជា​មធ្យម​គឺ​វា​មាន​ទំហំ​ប៉ះពាល់​តិចតួច ហើយ​បើ​គិតដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​ជុំ​វិញ​បញ្ហា​នៃ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់ EU នា​ថ្ងៃនេះ​ពាក់ព័ន្ធ​វាសនា EBA សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នា​ឱកាស​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នា​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ​ម្សិលមិញ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា សូម​កូនក្មួយ​កម្មករ​កុំ​មានការ​ភិតភ័យ​ចំពោះ​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ឲ្យ​សោះ​ព្រោះថា មិន​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ ព្រោះ​បើសិនជា​មានការ​សម្រេច​ណាមួយ​នា​ថ្ងៃនេះ គឺ​ការ​អនុវត្តន៍​ជាក់ស្តែង​គឺ​នឹង​ធ្វើ​ឡើង​នា​ខែសីហា​ឯណោះ ។

​សម្តេច​តេ​ជោ បាន​បញ្ជាក់​ដោយសារ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដ៏​ធំ​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​វត្ថុធាតុដើម ក៏​ដូច​ជា​គ្រឿងបន្លាស់​ផ្សេង​ៗ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន ឥឡូវ​ត្រូវ​រង​ផល​ប៉ះពាល់​ហើយ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​ចិន ដែល​បាន​ធ្វើ​ឲ្យ​រោងចក្រ​និង​ក្រុមហ៊ុន​នៅ​ចិន​ជា​ច្រើន​បិទទ្វារ ជាក់ស្តែង​ប្រទេស​កូរ៉េ ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​កូរ៉េ​ដែល​ផលិត​រថយន្ត​នៅ​ក្រុង​វូ​ហាន ត្រូវ​ទទួល​ការ​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ផលិត​រថយន្ត​មួយ​ចំនួន​នៅ​វូ​ហាន​ត្រូវ​បិទ ក្រៅពី​នោះ​បំណែក​បន្លាស់​រថយន្ត​មួយ​ចំនួន​ដែល​ត្រូវ​យក​ទៅ​ផ្គុំ​នៅ​កូរ៉េ​ខាងត្បូង​ត្រូវ​អាក់ខាន ដូច្នេះ​ធ្វើ​ឲ្យ​សង្វា​ក់​ផលិតកម្ម​នៅ​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ ។ ​សម្តេច​តេ​ជោ បន្ត​ថា «​សម្រាប់​យើង នៅ​ពេល​ខាង​មុខ​នេះ ប្រសិនបើ​មានការ​បិទ​រោងចក្រ​ណាមួយ​មិនមែន​មក​ពី​បញ្ហា​អា EBA នោះ​ទេ … ក៏​ប៉ុន្តែ​វា​អាច​ពាក់ព័ន្ធ​នឹង​វត្ថុធាតុដើម​មួយ​ចំនួន ដែល​កំពុង​យក​មក​ដេរ​នៅ​ស្រុក​ខ្មែរ​រួច​ហើយ បន្ត​នាំ​ចេញ​ទៅ ។ យើង​អត់​សាច់​ក្រណាត់ យើង​មានអី​ដេរ ដូច្នេះ​កម្មករ​ច្បាស់​ជា​ជួប​ប្រទះ​នូវ​បញ្ហា​ខ្វះ​ការងារ​ធ្វើ ។ ត្រូវ​គិត​រឿង​នឹង​ឲ្យ​ហើយ ។ រឿង EBA បើ​ទោះបី​គេ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ខ្លះ ក៏​គង់​ទៅ​ដល់​ខែ ៨ ឯណោះ​បាន​វា​ចាប់ផ្តើម​» ។

សម្តេច​បាន​បន្ត​ថា «​គេ​ចង់​ដក ឬ​គេ​ចង់​ទុក ទុក​ឲ្យ​គេ​សម្រេច​ទៅ ។ ខ្ញុំ​អត់​និយាយ​ទេ​អា​រឿង​ហ្នឹង ។ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ប្រសិនបើ​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ រោងចក្រ​ខ្លះ​ដែល​នាំ​វត្ថុធាតុដើម​ពី​ចិន​មក​កម្ពុជា នាំ​មក​មិន​រួច​ដោយសារ​កត្តា តែ​មិនមែន​កត្តា​កម្ពុជា​បិទ​ទេ តែ​ដោយសារ​តែ​កត្តា​ពី​ខាង​ប្រទេស​ចិន​ផ្គត់ផ្គង់​មក​យើង​មិន​ទាន់​ពេល ។ សូមកុំ​ចោទ​ថា រឿង​ហ្នឹង​ជា​ទណ្ឌកម្ម សេដ្ឋកិច្ច​ពី​គណៈកម្មការ​អឺរ៉ុប​» ។

​GMAC បាន​បញ្ជាក់​ថា «​ប្រឈម​នឹង​បញ្ហា​នេះ រោងចក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ផ្អាក​ប្រ​តិ​ប​តិ្ត​ការ​ផលិតកម្ម​បណ្តោះអាសន្ន ដែល​អាច​មាន​រយៈពេល​១​ខែ​ពេញ ឬ​ដល់​២​ខែ​។ ការ​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​ខ្លី​ដែល​យើង​អាច​រំពឹង​ទុក​ថា​នឹង​កើតឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA​របស់​សហភាព​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ