ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ ៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ Valentine’s Prey Lang នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ ៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ Valentine’s Prey Lang នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ តំណាងរាស្ត្រ មន្ត្រី​ក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ និង​បរិស្ថាន​សរុប​ចំនួន​ប្រមាណ​៥០០ នាក់​នឹង​ចូលរួម​កម្មវិធី​បោះ​តង់​នៅ​ថ្ងៃ​ទី​១៤ និង​១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ខាង​មុខ​នៅ​ទីស្នាក់ការ​ព្រះអាទិត្យ​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។

រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន កម្មវិធី​បោះ​តង់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ៖ យើង​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​» ឬ​ហៅ​ថា Valentine’s Prey Lang ដើម្បី​បង្កើន​សេចក្តី​ស្រឡាញ់ និង​ការ​ចូលរួម​ការពារ អភិរក្ស​ធនធានធម្មជាតិ ជីវ​:​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី នៅ​កម្ពុជា​និយាយ​ជា​រួម និង​ជា​ពិសេស​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។ នេះ​ជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។

លោក​បន្ត​ថា ៖ «​ក្រសួងបរិស្ថាន សូម​អញ្ជើញ​ដៃគូ​អភិវឌ្ឍន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន​នានា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទាំងអស់​គ្នា ដើម្បី​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែល​ប្រទេស​កម្ពុជា​យើង​មាន​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​»​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ក្នុង​កម្មវិធី​នោះ នឹង​មានការ​បំបួស​ដើមឈើ និង​ការ​ធ្វើ​បទ​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធនធានធម្មជាតិ ជីវ​:​ចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​នៃ​តំបន់​ព្រៃ​ឡង់​ដល់​អ្នកចូលរួម​ផង​ដែរ​។ គោលបំណង​នៃ​ការ​រៀបចំ​កម្មវិធី​បោះ​តង់​បរិស្ថាន ដើម្បី​បណ្តុះ​ស្មារតី​ស្រឡាញ់​ធនធានធម្មជាតិ ជីវ​:​ចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​។

លោក​ថ្លែង​ថា ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍ​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​គិតគូរ​លើ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរ​ពី​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ ប្រកបដោយ​បរិស្ថាន​ល្អ​ស្អាត ធនធានធម្មជាតិ​ត្រូវ​បានការ​ពារ និង​មាន​ផាសុកភាព សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន​ត្រូវ​បាន​ធានា​។

គួរ​បញ្ជាក់​ថា ព្រៃ​ឡង់​ត្រូវ​បាន​រាជរដ្ឋាភិបាល​បង្កើត​ជា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅ​ឆ្នាំ ២០១៦​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤៣ ម៉ឺន​ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត ចំនួន ៤ គឺ​ខេត្តស្ទឹងត្រែង ព្រះ​វិហារ កំពង់ធំ និង​ខេត្តក្រចេះ​។ កាលពី​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​បាន​ប្រកាស​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ ដែល​មាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារ​:​សំខាន់​នេះ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ