ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​វេស​ឡាញ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ស្រី​ដែល​រង​អំពើ​ហិ.ង្សា​កាល​ពី​ខែ​មុន​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ដែល​ត្រូវ​បាន​ក្រុម​ក្មេង​ស្រី​មួយទៀត​ប្រើ​ហិង្សា​កាលពី​ខែ​មុន​នោះ ទទួល​បាន​អាហារូបករណ៍​១០០​ភាគរយ​ពី​សាលារៀន​វេស​ឡាញ រហូត​ដល់​ថ្នាក់​ទី​១២ និង​អាហារ​១០០​ភាគរយ​សម្រាប់​ថ្នាក់​ភាសា​ជា​អង់គ្លេស​ផង​ដែរ ។ យោង​តាម​លោក ប៉ិច បូ​ឡែ​ន…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ដែល​ត្រូវ​បាន​ក្រុម​ក្មេង​ស្រី​មួយទៀត​ប្រើ​ហិង្សា​កាលពី​ខែ​មុន​នោះ ទទួល​បាន​អាហារូបករណ៍​១០០​ភាគរយ​ពី​សាលារៀន​វេស​ឡាញ រហូត​ដល់​ថ្នាក់​ទី​១២ និង​អាហារ​១០០​ភាគរយ​សម្រាប់​ថ្នាក់​ភាសា​ជា​អង់គ្លេស​ផង​ដែរ ។

យោង​តាម​លោក ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប បានឱ្យ​ដឹង​ថា មុន​នឹង​លោក​សម្រេច​ផ្ដល់​អាហារូបករណ៍​ជូន​ក្មេង​ស្រី ស្រ៊ុ​ន កែវ​មរកត គឺ​លោក​បាន​ទទួល​ការ​ស្នើ​សុំ​ពី​គណៈនាយក​សាលា គ្រូបង្រៀន និង​មិត្តភក្ដិ​មួយ​ចំនួន​ដែល​បានដឹង​ពី​ស្ថានភាព​ពិត​របស់​នាង​ទាំង​នៅផ្ទះ និង​នៅ​សាលា ។ ពេល​នោះ​លោក​បាន​ចាត់​ឱ្យ​បុគ្គលិក​ផ្នែក​សង្គមកិច្ច និង​ទំនាក់ទំនង​សាធារណៈ​ចុះ​ស៊ើបអង្កេត​សិក្សា​ស្ថានភាព​ពិត​ដល់​ផ្ទះ គឺ​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច លែង​ចង់ទៅ​សាលា ហើយ​ចង់​ដូរ​សាលារៀន ។

លោក​បន្ត​ថា ក្នុង​នាម​ជា​អ្នក​អប់រំ​ម្នាក់​នៅ​កម្ពុជា លោក​មិន​ចង់ឱ្យ​ក្មេង​ស្រី​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​​មួយ​នៅ​កម្ពុជា បាត់បង់​ឱកាស​សិក្សា ឬ​បន្ត​ការ​សិក្សា​ដោយ​អារម្មណ៍​ភ័យ​ខ្លាច​បែប​នេះ​នោះ​ទេ ទើប​លោក​សម្រេច​ផ្ដល់​អាហារូបករណ៍​១០០​ភាគរយ​សម្រាប់​ចំណេះដឹង​ទូទៅ​ខ្មែរ​។ សម្រាប់​ថ្នាក់​ភាសា​អង់គ្លេស​នាង​ក៏​ទទួល​បាន​អាហារូបករណ៍​១០០​ភាគរយ​ផង​ដែរ​ពី​សាលារៀន និង​សប្បុរសជន​មួយ​រូប ។

លោក​បញ្ជាក់​ថា សាលា​វេស​ឡាញ មិនមែន​ទើបតែ​ធ្វើ​រឿង​បែប​នេះ ផ្ដល់​អាហារូបករណ៍​បែប​នេះ ដល់​ប្អូនស្រី ស្រ៊ុ​ន កែវ​មរកត លើក​ទី​១​ទេ ពោល​គឺ​សាលា​បាន​ផ្ដល់​អាហារូបករណ៍​ស្រ​ដៀង​ៗ​គ្នា​នេះ​ទៅ​ដល់​សិស្ស​ជា​ច្រើន​ហើយ ។

ក្រៅពី​សាលារៀន​វេស​ឡាញ ក្មេង​ស្រី ស្រ៊ុ​ន កែវ​មរកត ក៏​ទទួល​បានការ​សណ្ដោស​ប្រណី និង​អាណិត​មេត្តា​ពី​សំណាក់​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​​ផង​ដែរ ដោយ​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្ដល់​ថវិកា​ចំនួន​២​លាន​រៀល និង​សម្ភារ​សិក្សា​មួយ​ចំនួន​ទៀត​ដើម្បី​លើកទឹកចិត្ត និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្មេង​ស្រី​រូប​នេះ​បន្ត​ការ​សិក្សា​បន្ត​ទៀត និង​ជំរុញ​ឱ្យ​ក្មេង​ស្រី​រូប​នេះ​ឈប់​មានការ​ភ័យ​ខ្លាច​បន្ត​ទៀត ។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី ស្រ៊ុ​ន កែវ​មរកត ត្រូវ​បាន​ក្មេង​ស្រី​រៀន​នៅ​ក្នុង​សាលា​ជាមួយ​គ្នា​ក្នុង​វិទ្យា​ល័យ ហ៊ុន​សែន​ប៊ុ​ន​រ៉ា​នី ផ្សារ​ដើម​ថ្កូវ និង​ក្មេង​ស្រី​មក​ពី​សាលារៀន​ផ្សេង​មក​ព្រួត​វាយ​ធ្វើបាប​យ៉ាង​ឃោរឃៅ ។ អំពើ​ហិង្សា​នេះ ត្រូវ​បានដឹង​ដល់​អាណាព្យាបាល និង​អាជ្ញាធរ​តាម​រយៈ​ការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទៅ​លើ​អំពើ​ឃោរឃៅ​របស់​ក្មេង​ស្រី​មួយ​ហ្វូង​ដែល​ព្រួត​វាយដំ​លើ​ក្មេង​ស្រី​តែ​ម្នាក់ និង​មិន​មានការ​តដៃ​វិញ​នោះ​ឡើយ ។ អំពើ​ហិង្សា​បែប​នេះ​មិន​គួរ​កើត​មាន​ក្នុង​សង្គម​កម្ពុជា​នោះ​ឡើយ ជា​ពិសេស​ទិដ្ឋភាព​ដែល​បង្ក​ឡើង​ទៅ​លើ​នារី​ភេទ​តែ​ម្ដង ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ