ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បង្កើន​ប្រាក់​រង្វាន់​រហូត​ដល់​80​លាន​រៀល​ជូន​ក្រុម​ម្ចាស់​ពាន​ជើងឯក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កម្ពុជា​(CNCC)​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​សម្ដេច ហ៊ុន សែន (Hun Sen Cup) និង​លី​គ​កំពូល​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កម្ពុជា​(CNCC)​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ទទួល​បន្ទុក​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​សម្ដេច ហ៊ុន សែន (Hun Sen Cup) និង​លី​គ​កំពូល​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា សហព័ន្ធ​មាន​គម្រោង បង្កើន​ប្រាក់​រង្វាន់​ដល់​ម្ចាស់​ជើងឯក​ទាំង​ពីរ​ក្របខ័ណ្ឌ​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​ដែល​មាន​រហូត​ដល់​ទៅ​៨០​លាន​រៀល ។

ក្រុម​មន្ត្រី​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​ហ៊ុន សែន​លើក​ទី​១៥ និង​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឬ​លី​គ​កំពូល​កម្ពុជា សម្រាប់​ម្ចាស់​ជើងឯក​នៃ​ក្របខ័ណ្ឌ​ទាំង​ពីរ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​។

ការ​ប្រកួត​ពានរង្វាន់​សម្ដេច​ហ៊ុន សែន​ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១៧​ហើយ​ក៏​បាន​ចាប់ផ្ដើម​ប្រកួត​ជា​ផ្លូវការ​កាលពី​ស​ប្ដា​ហ៍​មុន​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​តាម​ខេត្ត ។ ចំណែក​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​វិញ​មាន​១៣​ក្រុម​ចូលរួម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ស​ប្ដា​ហ៍​ក្រោយ​នេះ​ហើយ ។ មន្ត្រី​ដដែល​បាន​បន្ត​ថា ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ទាំង​ពីរ​ក្របខ័ណ្ឌ​នេះ​បាន​កំណត់​រួច​ហើយ​ដែល​មាន​រហូត​ដល់​ទៅ​៨០​លាន​រៀល ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​ដែល​មាន​ត្រឹមតែ​៦០​លាន​រៀល​ប៉ុណ្ណោះ​។

ប៉ុន្តែ​ក្រុម​លេខ​២​និង​លេខ​៣​ទទួល​ប្រាក់​រង្វាន់​ដដែល​សិន​គឺ​៤០​លាន​រៀល​និង​២០​លាន​រៀល​ព្រោះ​មិន​ទាន់​មាន​គោលការណ៍​ដំឡើង​នៅឡើយ ។ ក្រុមការងារ​នឹង​ធ្វើការ​បញ្ជាក់​តាម​ក្រោយ​ដោយសារ​នៅ​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ជាក់ស្ដែង​ក៏​ដូច​ជា​ថវិកា​ដែល​ទទួល​បាន​ពី​ម្ចាស់​ឧបត្ថម្ភ​ការ​ប្រកួត​ទាំង​ពីរ​ក្របខ័ណ្ឌ​។

ចំពោះ​ក្រុម​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​ហ៊ុន សែន​លើក​ទី​១៤​ឆ្នាំ​២០២០​នេះ​មានការ​ថយ​ចុះ​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​ដោយ​ចុះ​ពី​២៣​ក្រុម​មក​នៅ​ត្រឹមតែ​១៧​ក្រុម​ប៉ុណ្ណោះ ។ ការ​ប្រកួត​មានការ​បែងចែក​ជា​ពីរ​គឺ​ការ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​ជា​មុន​សិន​មុន​នឹង​ឈាន​មក​ប្រកួត​ថ្នាក់​ជាតិ​។

ការ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​មានការ​បែងចែក​ជា​៥​ពូ​ល​គឺ​៖ ពូ​ល​A​មាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ និង​កំពង់ឆ្នាំង ។ ពូ​ល​B​មាន​ខេត្តព្រះវិហារ កំពង់ធំ និង​ខេត្តស្វាយរៀង​។ ពូ​ល​C​មាន​ខេត្តរតនគិរី ត្បូងឃ្មុំ និង​ព្រៃវែង ។ ពូ​ល​D​មាន​ខេត្តកណ្ដាល តាកែវ និង​កំពង់ស្ពឺ និង​ពូ​ល​E​មាន​ខេត្ត​ព្រះ​សីហ​នុ កំពត កោះកុង និង​ខេត្ត​កែប ។

ចំណែក​ការ​ប្រកួត​លី​គ​កំពូល​ឆ្នាំ​២០២០​នេះ​ក៏​មានការ​កាត់​បន្ថយ​ក្រុម​ចូលរួម​ដែរ ដោយនៅ​សល់​តែ​១៣​ក្រុម​ប៉ុណ្ណោះ​ព្រោះ​ក្រុម​បាត​តារាង​ខេត្តកំពង់ចាម​កាលពី​ឆ្នាំ​២០១៩​បាន​ដកខ្លួន​ចេញ ។ ដូច្នេះ​សម្រាប់​ក្រុម​ដែល​នៅ​សល់​ទាំង​១៣​មាន​ដូច​ជា ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្រុម​វិសាខា ក្រុម​បឹង​កេ​ត ក្រុម​ណា​ហ្គា​វើ​ល​ដ៍ ក្រុម​ភ្នំពេញ​ក្រោ​ន ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ក្រុម​អាស៊ី​អឺរ៉ុប ក្រុម​ក្រសួងការពារជាតិ ក្រុម​សូ​ទី​ឡូ​អង្គរ ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រុម​អគ្គិសនី​កម្ពុជា និង​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ