ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ៖ ការប្រើ​កម្លាំង​យោធា​ប្រឆាំង​លីប៊ីអាច​ធ្វើទៅបាន

15 ឆ្នាំ មុន

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​ថ្លែង​ថា អាមេរិក និងបណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​​​អង្គការ​​អូតង់​​នៅតែ​​កំពុងពិចារណា​មើល​ពី​ការ​ឆ្លើយ​​តបដោយប្រើ​​កម្លាំង​​យោធា​​ចំពោះ​​អំពើហិង្សា​​នៅប្រទេស​លីប៊ី ។ លោក​អូបា​ម៉ា​ ​លើកឡើង​​ដូច្នេះ​​នៅ​ក្នុង​ឱកាស​​នៃការ​ជួប​​ពិភាក្សា​​គ្នា​ជាមួយ​​នាយករដ្ឋ​មន្ត្រី​​អូស្ត្រាលី លោកស្រី​ជូលៀ ​ហ្គីឡាត ដែល​កំពុង​​ស្នាក់នៅ​ក្នុង​​​ក្រុងវ៉ាស៊ីនតោន ។​

ថ្លែង​នៅក្នុង​​ខុទ្ទកាល័យ Oval លោកប្រធា​នាធិបតី​​អូបាម៉ា​ ថ្លែង​​​ថា សហរដ្ឋអាមេរិក​​នឹង​ឈរ​ខាង​ពលរដ្ឋលីប៊ី​​នៅពេល​​ពួកគេប្រឈម​មុខ​នឹង​អំពើ​​ហិង្សា ​ដែលមិន​អាច​ទទួលយក​បាន ។​ ទន្ទឹមពេលគ្នានេះ ​លោកអូបាម៉ា ​បានផ្ញើ​​លិខិត​មួយ​​ច្បាប់​​​ជូនទៅ​មេដឹកនាំ​​លីប៊ី លោក​​​កាដា​ហ្វី ​ដែលក្នុង​លិខិត​នោះ​លោកអូបាម៉ា ​ថ្លែង​​ថា លោកកាដាហ្វី និង​អ្នក​គាំទ្រ​​លោកត្រូវ​​តែ​ទទួល​ខុសត្រូវ​​ចំពោះ​​អំពើហិង្សា​ក្នុងប្រទេស ។​

លោកអូបាម៉ា ថ្លែង​កាលពីថ្ងៃទី​​៧ មីនា ថា អំពើហិង្សា​​ប្រឆាំង​ពលរដ្ឋ​លីប៊ី ​ជា​រឿង​មិន​អាច​ទទួលយកបានឡើយ ​​ហើយ​លោក​បាន​​ព្រមាន​ថា អ្នក​ដែល​ជាប់ពាក់​​ព័ន្ធ​ជាមួយនឹង​​អំពើ​ហិង្សា​​នេះ​ត្រូវ​​តែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ។​

លោក​​ប្រធានាធិបតី​​ថ្លែងទៀត​ថា អូស្ត្រាលី​​នឹងចូល​រួមជាមួយ​សហរដ្ឋអាេមរិក​​ក្នុង​ការ​ដាក់​ទណ្ឌ​​កម្ម​​ប្រឆាំង​​រដ្ឋាភិបាល​​លីប៊ី ​ដោយ​លោក​ថ្លែង​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​​នៅតែ​បន្ត​តាមដាន​​អំពើ​ហិង្សា​​ និង​ស្ថានការណ៍​​នៅ​ក្នុង​ប្រទេស​លី​ប៊ី ៕​